Connect with us

ជីវិតកម្សាន្ដ

លោក ហង្ស ធុនហាក់ បញ្ញវន្តខ្មែរមួយរូប មានចំណេះដឹងជ្រៅជ្រះលើផ្នែកសិល្បៈ វប្បធម៌ ល្ខោន

បានផុស

នៅ

នៅ​សម័យ​សង្គមរាស្ត្រនិយម លោក​សាស្ត្រាចារ្យ ហង្ស ធុនហាក់ ជា​ស្ថាបនិក​ក្រុម​ល្ខោន​ជាតិ នៃ​ប្រទេស​កម្ពុជា និង​ជា​បញ្ញវន្ត​មាន​ចំណេះដឹង​ជ្រៅជ្រះ​ណាស់​លើ​ផ្នែក​សិល្បៈ វប្បធម៌​ខ្មែរ ទាំង ល្ខោន និង​របាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំពី លោក​សាស្ត្រាចារ្យ ហង្ស ធុនហាក់ ស្ថាបនិក​ក្រុម​ល្ខោន​ជាតិ នៃ​ប្រទេស​កម្ពុជា

មហាជន​នៅចាំ​មិន​ភ្លេច​ទេ ចំពោះ​ស្នាដៃ​ល្ខោននិយាយ​បែប​ទស្សនវិជ្ជា​មួយ​របស់ លោក ហង្ស ធុនហាក់ ដែល​ធ្លាប់​បាន​សម្ដែង​លើ​ឆាក​មហោស្រព​ធំៗ ពិសេស​ក្នុង​កញ្ចក់​ទូរទស្សន៍​ជាតិ កាលពី​សម័យ​សង្គមរាស្ត្រនិយម គឺ រឿង«សម្បុរ​ឥត​មេបា និង ពិសោធន៍​ស្នេហា»

មុន​ឆ្នាំ ១៩៧៥ លោក ហង្ស ធុនហាក់ មាន​ឈ្មោះ​ល្បីល្បាញ​ណាស់ ដោយ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម គេ​ដឹង​ថា លោក​ជា​ស្ថាបនិក​ក្រុម​ល្ខោន​ជាតិ នៃ​ប្រទេស​កម្ពុជា និង​ជា​បញ្ញវន្ត​មាន​ចំណេះដឹង​ជ្រៅជ្រះ​ណាស់​លើ​ផ្នែក​សិល្បៈ វប្បធម៌​ខ្មែរ ទាំង​ផ្នែក​ល្ខោន និង​របាំ។ ហើយ​មក​ដល់​សម័យ​សាធារណរដ្ឋ​ខ្មែរ កេរ្តិ៍ឈ្មោះ​របស់​លោក ហង្ស ធុនហាក់ ក៏​ល្បីល្បាញ​ថែម​មួយ​កម្រិត​ទៀត ក្នុង​នាម​ជា​សកម្មជន​នយោបាយ​មួយ​រូប។

ស្ថាបនិក​ក្រុម​ល្ខោន​ជាតិ នៃ​ប្រទេស​កម្ពុជា លោក ហង្ស ធុនហាក់ កើត​នៅ​ថ្ងៃ​ទី ២១ ខែ​សីហា ឆ្នាំ ១៩២៦ នា​ភូមិ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ក្នុង​ត្រកូល​គ្រួសារ​កសិករ។

កុមារ ហង្ស ធុនហាក់ កាល​វ័យ​កុមារភាព បាន​ស្នាក់អាស្រ័យ​រៀន​សូត្រ​នៅ​ក្នុង​វត្ត នា​ស្រុកកំណើត​របស់​ខ្លួន។ កុមារ ហង្ស ធុនហាក់ ចូលចិត្ត​អាន​សាស្ត្រា​រឿង និង​ទស្សនា​ល្ខោន អាយ៉ៃ ខ្លាំង​ណាស់។

លុះ​ធំ​ពេញវ័យ លោក ហង្ស ធុនហាក់ បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ឯ​រាជធានី​ភ្នំពេញ ក្នុង​សាលា​ឯកជន​មួយ គឺ សាលា«កម្ពុជ​បុត្រ​»។ មក​ដល់​វ័យ​ជំទង់ លោក​ក៏​និយម​អាន​សៀវភៅ​បារាំង​ល្អៗ ទាក់​ទង​នឹង​នយោបាយ ព្រមទាំង​សិល្បៈ​ផង​ដែរ។

លោក ហង្ស ធុនហាក់ នៅ​ឆ្នាំ ១៩៤៧ ប្រឡង​ជាប់​អាហារូបករណ៍​របស់​រដ្ឋាភិបាល​បារាំង​សេស បាន​ទៅ​សិក្សា​វិជ្ជា​ល្ខោន នៅ​សាលា​នាដកម្ម សារ៉ាបេណាត់ នា​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ទៅ​ដល់​ទីនោះ លោក ហង្ស ធុនហាក់ ក្រៅពី​ការ​សិក្សា រៀន​សូត្រ ផ្នែក​នេះ លោក ក៏​មាន​ចំណូលចិត្ត​ខ្ពស់​ទៅ​លើ​ការ​សិក្សា​ចិត្តវិទ្យា និង​នយោបាយ​ទៀត​ផង។ ពេលនោះ​ហើយ ទើប​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​បញ្ញវន្ត​ខ្មែរ​មួយ​រូប​ដ៏​គំរូ​សម្រាប់​សិស្ស​បរទេស​ដទៃ​ទៀត។

នៅ​ឆ្នាំ ១៩៤១ បញ្ញវន្ត​ខ្មែរ​ដ៏​គំរូ លោក ហង្ស ធុនហាក់ បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។ លោក ហង្ស ធុនហាក់ ពុំ​បាន​ចូល​បម្រើ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ឡើយ ដោយ​សម្រេច​ចិត្ត​ថា ចូល​ព្រៃ​ទៅ​ភ្នំ​ដងរែក​ជាមួយ​ក្រុម​លោក សឹង វុទ្ធថាញ់ ដើម្បី​ធ្វើ​ចលនា​ទាមទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង ហេតុនេះ​ទើប​លោក​ត្រូវ​បាន​គេ​ហៅថា​ជា​ក្រុម​មនុស្ស​ភ្នំ​ដងរែក។ កំឡុង​ពេលនោះ លោក ហង្ស ធុនហាក់ បាន​ផ្សាយ​វិទ្យុ​ក្នុង​ព្រៃ​លេង​ជា​រឿងល្ខោន ដើម្បី​បង្ហាញ​ការ​ស្នេហា​ជាតិ នៃ​ជនជាតិ​ខ្មែរ ក្នុង​ចលនា នៃ​ក្រុម​ភ្នំ​ដងរែក។

ប្រទេស​កម្ពុជា បាន​ឯករាជ្យ​ពេញ​បរិបូណ៌ នៅ​ឆ្នាំ ១៩៥៣

លោក ហង្ស ធុនហាក់ បាន​វិល​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ ដោយ​ចូល​ធ្វើជា​សាស្ត្រាចារ្យ​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ ក្នុង​នោះ ដោយ​ជ្រាប​អំពី​សមាសភាព​របស់​លោក សម្ដេច​ព្រះមហាក្សត្រិ​យានី​ជា​អម្ចាស់​ជីវិត​លើ​ត្បូង បាន​រាជានុញ្ញាត​ឲ្យ​លោក ហង្ស ធុនហាក់ រៀបចំ​សាលា​ល្ខោន​ជាតិ ឬ ល្ខោន​ទំនើប ដោយ​ឲ្យ​បញ្ញវន្ត​រូប​នេះ កាន់​ជា​ចាងហ្វាង​សាលា​ល្ខោន​នេះ​តែម្ដង។

សាលា​ល្ខោន​ជាតិ នៃ​កម្ពុជា បាន​កើត​ឡើង​ជា​លើកដំបូង​ក្នុង​ឆ្នាំ ១៩៥៤ ដោយ​ពេល​នោះ​លោក ហង្ស ធុនហាក់ ប្រមូល​បញ្ញវន្ត និង​សាស្ត្រាចារ្យ​មួយ​ចំនួន យក​មក​រៀបចំ​សាលា​នេះ​ឡើង រួមមាន ៖លោក មាស គក ,លោក ពៅ យូឡេង ,លោក ផឹក សំផេន ,លោក ហង្ស ជួន ,លោក គុន សុវណ្ណគុណ ,លោក លី គឹមអួង ជាដើម។ ហើយ​បើក​ទទួល​សិស្ស​សិក្សា​ផ្នែក​ល្ខោន​នេះ តាំងពី​ពេលនោះ​មក។

លោក ហង្ស ធុនហាក់ ក្រៅពី​តួនាទី​ជា​ចាងហ្វាង​សាលា​ល្ខោន​ហើយ ក៏បាន​ក្លាយ​ជា​ទីប្រឹក្សា​ផ្ទាល់ នៃ​ក្រុម​របាំ​ព្រះរាជទ្រព្យ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​របស់ សម្ដេច​ព្រះមហាក្សត្រិយានី​ទៀត​ផង។ ហើយ​លោក ក៏​ជា​អ្នក​រៀបរៀង និង​រៀប​ដំឡើង​រឿង​របាំ​ជាច្រើន ជាមួយ​ព្រឹទ្ធាចារ្យ​របាំ នៃ​វង្ស​តន្ត្រី​ព្រះរាជ​ទ្រព្យ ក្នុង​ព្រះបរមរាជវាំង​ផង​ដែរ។

លោក ហង្ស ធុនហាក់ បាន​បំពេញ​តួនាទី​ជា​សមាជិក​អ្នកដឹកនាំ​បេសកកម្ម​វប្បធម៌​ខ្មែរ នៃ​របាំ​ព្រះរាជ​ទ្រព្យ ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ឆ្នាំ ១៩៥៧។ ហើយ​នៅ​ឆ្នាំ ១៩៥៩ លោក ហង្ស ធុនហាក់ និង សាស្ត្រាចារ្យ​ជាច្រើន ក៏​បាន​រួម​គំនិត​គ្នា​បង្កើត​ក្រុម​ល្ខោន​សិល្បៈ​មួយ​សម្រាប់​សម្ដែង​ក្នុង​ពិធី​ធំៗ ជាច្រើន ដោយ​លោក​ដាក់​ឈ្មោះថា «​ក្រុម​ល្ខោន​ជាតិ នៃ​ប្រទេស​កម្ពុជា​»។ ក្នុង​គ្រានោះ​ហើយ លោក ហង្ស ធុនហាក់ បាន​និពន្ធ​ល្ខោន​បែប​ទស្សនៈ​វិទ្យា បែប​ស៊ីជម្រៅ​ជាច្រើន ជាមួយ​នឹង​តថភាព​សង្គម ដើម្បី​អប់រំ​ប្រជាជន​ខ្មែរ តួយ៉ាង​ដូចជា​រឿង «​ថ្ម​រាំ ,​ពិសោធន៍​ស្នេហា​» ជា​កិច្ចសហការ​ជាមួយ​លោក ហង្ស ជួន និង​លោក ផឹក សំផេន។ ល្ខោននិយាយ​រឿង​ពិសោធន៍​ស្នេហា​នេះ លោក អ៊ុំ តារា និង​លោក លី ហុក​សេង បាន​និពន្ធ​ចម្រៀង​រួមគ្នា​មួយ​បទ គឺ បទ «​ឲ្យ​បង​សុំ​ស្រលាញ់​ផង​» ដើម្បី​បញ្ចូល​ក្នុង​រឿង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​បទ «​ឲ្យ​បង​សុំ​ស្រលាញ់​ផង​» ដែល​ជា​សំនៀង​ដើម​របស់​អ្នកចម្រៀង មាស ហុកសេង និង​កវី អ៊ុំ តារា បាន​បាត់បង់​ទៅ​ហើយ នៅ​សេស​សល់​តែ​បទ​ចម្រៀង​ថ្មី ច្រៀង​ឡើង​ដោយ​លោក ហួល ឡាវី តែប៉ុណ្ណោះ។ រឿងល្ខោន​ល្បីៗ​របស់ លោក ហង្ស ធុនហាក់ មាន​ជា​បន្ត​ទៀត​ដូចជា ៖ រឿង «នាង​កញ្ញា​ចរិយា ,សំបុក​ឥត​មេបា ,វង្ស​ត្រកូល​កម្សត់ ,ព្រះអាទិត្យ​រះ​ហើយ ,ចិញ្ចៀន​បញ្ចាំចិត្ត និង គូព្រេង​មិន​ព្រាត់ ជាដើម។ អំឡុង​នោះ លោក ហង្ស ធុនហាក់ ក៏បាន​បកប្រែ​អត្ថបទ​ល្ខោន​បារាំង​នៅ​អឺរ៉ុប មក​ជា​ភាសា​ខ្មែរ សម្រាប់​សម្ដែង​ក្នុង​ក្រុម​ល្ខោន​ជាតិ​នេះ ដោយ​ភាគច្រើន​លោក​បកប្រែ​រឿង​របស់ ខន នា និង សេកស្ពា ដូចជា​រឿង កិត្តិយស និង​ស្នេហា ,រ៉ូមីអូ និង​សូរីយ៉េត ,លោក​ប្ដី​ជាទី​ស្នេហា ,រាត្រី​និម្មិត នៃ​វស្សន្តរដូវ ,លើ​ស៊ីត ,ប៉ុល​វីសនី និង​រឿង​កុំ​ប្រឡែង​នឹង​សេចក្ដី​ស្នេហា របស់​អ្នកនិពន្ធ​ឈ្មោះ អាល់​ហ្គេត​ដេ​ម៉ុង​សេ ដែល​រឿងល្ខោន​នេះ ត្រូវបាន​លោក ពៅ យូ​ឡេង រៀប​សម្រួល​ឡើង ហើយ​បាន​ឲ្យ លោក អ៊ុំ តារា និង​លោក មាស ហុក​សេង និពន្ធ​បទ «ចំណេះ​ជិះ​ក​ឯង» ដាក់បញ្ចូល​ក្នុង​ល្ខោន​រឿង​នេះ​ទៀត​ផង។

លោក ហង្ស ធុនហាក់ ជា​បញ្ញវន្ត​ដ៏​មាន​ចំណេះដឹង​ជ្រៅជ្រះ​លើ​ផ្នែក​សិល្បៈ វប្បធម៌ ដោយ​លោក​តែងតែ​សិក្សា​ស្រាវជ្រាវ​ជា​រៀងរាល់ថ្ងៃ។ ក្រៅពី​មាន​ភារកិច្ច​ជា​អ្នកគ្រប់គ្រង​សាលា​ល្ខោន និង​តួនាទី​ផ្សេងៗ ជា​រៀងរាល់​សប្ដាហ៍ និង​រៀងរាល់​ខែ លោក​តែងតែ​ចេញផ្សាយ​អត្ថបទ​ល្អៗ ជា​ច្រើន​ទាក់ទង​នឹង​វិស័យ​វប្បធម៌​សិល្បៈ​ខ្មែរ ដែល​ចេញផ្សាយ​ក្នុង​ទំព័រ​កាសែត និង​ទស្សនាវដ្ដី​ជាច្រើន​ដូចជា ៖ ទស្សនាវដ្ដី​កាំប៊ូសា ,ទស្សនាវដ្ដី​អ្នក​ជាតិនិយម ,ទស្សនាវដ្ដី​ផ្សេងៗ ,ទស្សនាវដ្ដី​រាត្រី​ភ្នំពេញ ,និង​កាសែត​រាស្ត្រ​សង្គម​ជាដើម

ដោយឡែក​ចំពោះ​វិស័យ​សិល្បៈ​ភាពយន្ត​វិញ លោក ហង្ស ធុនហាក់ បាន​និពន្ធ​សាច់រឿង និង​សេនារីយោ ខ្សែភាពយន្ត ៣ រឿង គឺ រឿង «បង​ពុក​ឲ្យ​ហៅ» បាន​ផលិត​ជា​ខ្សែភាពយន្ត​ដោយ​ផលិតកម្ម​ឃ្មោះ​មាស​ភាពយន្ត នៅ​ឆ្នាំ ១៩៦៦។ រឿង «វាសនា ឬ ការ​កសាង» បាន​ផលិត​ជា​ខ្សែ​ភាពយន្ត​នៅ​ឆ្នាំ ១៩៦៥ និង​រឿង «ថ្ម​រាំ» វណ្ណកម្ម​របស់​ផលិតកម្ម​បាយ័ន​ភាពយន្ត ផលិត​ជា​ខ្សែ​ភាពយន្ត​នៅ​ឆ្នាំ ១៩៧៤។ ហើយ​រវាង​ពី​ឆ្នាំ ១៩៦៦ ដល់​ឆ្នាំ ១៩៧០ សម្ដេច​ព្រះ​ប្រមុខរដ្ឋ បាន​តែងតាំង លោក ហង្ស ធុនហាក់ ឲ្យ​ក្លាយ​ជា​សកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ នៃ​ប្រទេស​កម្ពុជា។

គួរ​ជម្រាប​ថា ស្ថាបនិក​ក្រុម​ល្ខោន​ជាតិ នៃ​ប្រទេស​កម្ពុជា និង​ជា​បញ្ញវន្ត​មាន​ចំណេះដឹង​ជ្រៅជ្រះ​លើ​ផ្នែក​សិល្បៈ វប្បធម៌​ខ្មែរ ទាំង​ផ្នែក​ល្ខោន និង​របាំ លោក ហង្ស ធុនហាក់ បាន​បាត់​បង់ជីវិត នៅ​ថ្ងៃ​ទី ១៨ ខែ​មេសា ឆ្នាំ ១៩៧៥។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ​របស់ លោក ហង្ស ធុនហាក់៕

ប្រភព ៖ ក្រុមព្រះសុរិយា

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម