Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង​ផ្លោង​​មី​ស៊ី​ល​បាលិស្ទិក ​មុន​កិច្ចប្រជុំ APEC នៅ​កូរ៉េខាងត្បូង​

បានផុស

នៅ

យោង​តាម​យោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីល​បាលិស្ទិក​ឆ្ពោះទៅភាគ​ខាងកើត​ប្រទេស​​នា​​ថ្ងៃពុធ​ទី​២២​ខែតុលា​នេះ ដែល​ជាការសាកល្បងអាវុធលើកដំបូងក្នុងរយៈពេលជិត​៥​ខែ និង​ប៉ុន្មានថ្ងៃមុនពេលមេដឹកនាំពិភពលោកប្រមូលផ្តុំគ្នាសម្រាប់​សន្និសីទសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Gyeongju របស់កូរ៉េខាងត្បូង។

រូប​តំណាង (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានបញ្ជាក់ពីការបាញ់​មីស៊ីល​នេះ ប៉ុន្តែមិនបានបញ្ចេញព័ត៌មានលម្អិតបន្ថែមនោះទេ រួមទាំងចម្ងាយហោះហើរ ឬរយៈកម្ពស់របស់មីស៊ីល។ ជាធម្មតាទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលចូលទៅក្នុងដែនទឹករវាង​ឧបទ្វីបកូរ៉េ និងជប៉ុន ហើយមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតនោះឡើយ។

ពេលវេលានៃការបាញ់បង្ហោះនេះបានទាក់ទាញការចាប់អារម្មណ៍នៅពេលដែល​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រធានាធិបតីចិន ស៊ី ជីនពីង ក៏​ដូចជា​មេដឹកនាំពិភពលោកផ្សេងទៀតត្រៀមខ្លួនចូលរួមកិច្ចប្រជុំកំពូល APEC។ ក្រុមអ្នកវិភាគបាន​លើក​ឡើង​ថា កូរ៉េខាងជើងប្រហែលជាកំពុងស្វែងរកការរំលឹកពិភពលោកអំពី​ស្ថានភាពនុយក្លេអ៊ែរ​របស់ខ្លួន និងដើម្បីទទួលបានឥទ្ធិពលសម្រាប់ការចរចានាពេលអនាគត។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពន្លឿនការសាកល្បងអាវុធ ចាប់តាំងពីការទូតនុយក្លេអ៊ែររបស់លោកជាមួយលោកត្រាំ បានដួលរលំនៅឆ្នាំ​២០១៩ ជុំវិញការដាក់ទណ្ឌកម្មដឹកនាំដោយសហរដ្ឋអាមេរិក។ យ៉ាង​ណា​មិញ លោកគីម ថ្មីៗ​នេះ​បាន​ប្រាប់​ពី​លទ្ធភាព​វិល​ត្រឡប់​ទៅ​កិច្ច​ចរចា​វិញ ​​បើ​ក្រុង​វ៉ាស៊ីនតោន​​បោះបង់​ការ​ទាមទារ​របស់​ខ្លួន​សម្រាប់​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ។

កាលពីដើមខែនេះ លោកគីម បានបង្ហាញមីស៊ីលផ្លោងអន្តរទ្វីប Hwasong-20 (ICBM) នៅក្នុងក្បួនព្យុហយាត្រាយោធាប្រារព្ធ​ខួបលើកទី​៨០​​នៃគណបក្សកម្មករដែលកំពុងកាន់អំណាច។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានពណ៌នាថា វាជា «ប្រព័ន្ធអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុត»របស់​ក្រុង​ព្យុងយ៉ាង ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់ជាច្រើន ដើម្បីយកឈ្នះលើ​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់សហរដ្ឋអាមេរិក។

ការផ្លោង​មីស៊ីល​ចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីការបង្ហាញខ្លួននាពេលថ្មីៗនេះរបស់លោក​គីម ជាមួយលោក ស៊ី​ ជីនពីង និង​លោក វ៉្លាឌីមៀរ ពូទីន នៅក្នុងក្បួនដង្ហែយោធានៅទីក្រុងប៉េកាំង ដែលជាសញ្ញាមួយសម្រាប់អ្នកវិភាគថា ការកើនឡើងនូវទំនុកចិត្ត និងទម្រង់អន្តរជាតិរបស់ទីក្រុងព្យុងយ៉ាង។ ទាំងលោកត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបង្ហាញជាសាធារណៈនូវឆន្ទៈក្នុងការជួបលោកគីម ទោះបីជាប្រទេសកូរ៉េខាងជើងនៅតែបន្តពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ៕

លោក គីម​ ជុងអ៊ុន (រូបថត៖ KCNA)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម