Connect with us

ព័ត៌មានអន្ដរជាតិ

ក្ដៅៗ! អាមេរិកផ្អាកចរចាពាណិជ្ជកម្មជាមួយថៃ ដាក់សម្ពាធក្រុង​បាងកក​ឲ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាពជាមួយកម្ពុជាវិញ

បានផុស

នៅ

យោង​តាមសារព័ត៍មាន​ថៃ MGR Online នា​ថ្ងៃ​សៅរ៍​ទី​១៥​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​នេះ ក្រសួងការបរទេសថៃ បាន​ប្រកាស​ថា សហរដ្ឋអាមេរិកបានផ្អាកជាបណ្តោះអាសន្ននូវកិច្ចចរចាពាណិជ្ជកម្មទ្វេភាគី រហូតទាល់តែទីក្រុងបាងកកប្តេជ្ញាចិត្តឡើងវិញចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពជាមួយកម្ពុជា ដែលជាសកម្មភាពមួយដែលមន្ត្រីថៃបានពណ៌នាថា ជាការខកចិត្ត និងមិនទាក់ទងទៅនឹងភាពតានតឹងតាមព្រំដែនដែលកំពុងបន្តនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា ប្រទេសថៃត្រូវបានជូនដំណឹងដោយតំណាងរងពាណិជ្ជកម្មសហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៊ីនតោននឹងផ្អាកជាបណ្តោះអាសន្ននូវកិច្ចចរចាលើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មទៅវិញទៅមក (Agreement on Reciprocal Trade Framework) រហូតទាល់តែប្រទេសថៃបញ្ជាក់ថាខ្លួននឹងប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះសេចក្តីថ្លែងការណ៍រួមនោះ។

លោកបាននិយាយថា ប្រទេសថៃបានសម្តែងការខកចិត្តចំពោះការសម្រេចចិត្តនេះ ដោយសង្កត់ធ្ងន់ថា បញ្ហាសន្តិសុខថៃ–កម្ពុជាមិនគួរត្រូវបានលាយឡំជាមួយពាណិជ្ជកម្មថៃ–អាមេរិក ដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរនោះទេ។

អ្នកនាំពាក្យថៃ​បាន​លើក​ឡើង​ថា «ជំហររបស់ប្រទេសថៃគឺថា ពាណិជ្ជកម្មអន្តរជាតិ និងវិធានការគយ គឺជាបញ្ហាសេដ្ឋកិច្ចដែលទាមទារ​ឲ្យ​មានការពិចារណាដោយប្រុងប្រយ័ត្ននៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្ម»។

លោក Nikorndej បាន​បន្ត​ថា ប្រទេសថៃបានស្នើសុំ​ឲ្យ​កិច្ចចរចាពាណិជ្ជកម្មនៅដាច់ដោយឡែកពីជម្លោះព្រំដែន ហើយបន្ថែមថា ទីភ្នាក់ងារថៃដែលពាក់ព័ន្ធនឹងបន្តត្រៀមលក្ខណៈសម្រាប់ការចរចារពន្ធគយនាពេលអនាគតជាមួយសហរដ្ឋអាមេរិក។

គួរ​កត់​សម្គាល់​ថា ការ​ផ្អាក​កិច្ច​ចរចា​​ពាណិជ្ជកម្ម​​របស់​អាមេរិក​ចំពោះ​ថៃ បានកើត​ឡើង​បន្ទាប់​ពី​​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ឆានវីរៈគុល​ នាថ្ងៃសៅរ៍ទី១៥វិច្ឆិកានេះ បាន​ប្រកាស​ថា ប្រទេសថៃបានបញ្ជាក់ជាថ្មីថា ខ្លួននឹង​នៅ​តែ​ផ្អាករាល់សកម្មភាពទាំងអស់ក្រោមសេចក្តីថ្លែងការណ៍ក្រុងកូឡាឡាំពួរ រហូតទាល់តែកម្ពុជាទទួលខុសត្រូវចំពោះការបំពានកិច្ចព្រមព្រៀង និងសុំទោសចំពោះឧបទ្ទវហេតុគ្រាប់មីនដែលបានធ្វើ​ឲ្យ​ទាហានថៃម្នាក់រងរបួស៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម