ក្រុមអ្នកឃ្លាំមើលកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារ៍នេះថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង កំពុងសម្លឹងមើលដោយប្រុងប្រយ័ត្នបំផុតទៅលើជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក Joe Biden និងរដ្ឋាភិបាលថ្មីនៅអាមេរិក ដែលអាចនឹងត្រូវការពេលវេលាយូរបន្តិចដើម្បីរៀបចំគោលនយោបាយថ្មីចំពោះកូរ៉េខាងជើង។
ការលើកឡើងនេះ គឺក្រោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង បានរាយការណ៍ពីជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីរបស់លោក Joe Biden ក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក។
ក្រុមអ្នកឃ្លាំមើលនិយាយថា អ្វីកូរ៉េខាងជើង ចង់ដឹងមុនគេបង្អស់ពីរដ្ឋាភិបាលលោក Biden គឺថា មន្ត្រីការទូតកំពូលរូបណា ត្រូវជ្រើសជាអ្នកទទួលខុសត្រូវដោះស្រាយបញ្ហាសេសសល់ជាមួយប្រទេសខ្លួន។
លោកសាស្ត្រាចារ្យ Cheong Seong-chang នៃវិទ្យាស្ថាន Sejong Institute ក្នុងទីក្រុងសេអ៊ូល និងត្រូវជាមិត្តស្និតស្នាលនៃមន្ត្រីរបស់ Wilson Center មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីងតោន បាននិយាយថា កូរ៉េខាងជើង ពេលនេះកំពុងធ្វើដូចជាខ្លួនមិនយកចិត្តទុកដាក់ចំពោះលទ្ធផលបោះឆ្នោតនៅអាមេរិក នោះឡើយ តាមរយៈការបង្ហាញជាផ្លូវការលើកញ្ចក់ទូរទស្សន៍រដ្ឋរបស់ខ្លួន។ តែការពិត មេដឹកនាំកូរ៉េខាងជើង គឺយកចិត្តទុកដាក់លើលទ្ធផលបោះឆ្នោតនេះជាខ្លាំង ព្រោះការប្រែប្រួលក្នុងរដ្ឋបាលសហរដ្ឋអាមេរិក អាចជះឥទ្ធិពលខ្លាំងទៅលើសន្តិសុខជាតិកូរ៉េខាងជើង។
លោក Cheong បន្តថា កូរ៉េខាងជើង អាចនឹងខកចិត្តជាមួយលទ្ធផលបោះឆ្នោតនេះ ដោយសារតែ គីម ជុងអ៊ុន គឺធ្លាប់មានទំនាក់ទំនងល្អជាមួយប្រធានាធិបតីអាមេរិក Donald Trump ហើយកូរ៉េខាងជើង ក៏មិនចាំបាច់បារម្ភច្រើន បើសិនជាលោក Trump ជាប់ឆ្នោតជាថ្មីនោះ។ លោកថា ពេលនេះ កូរ៉េខាងជើង កំពុងបានរម្ភ ប្រធានាធិបតីថ្មី Joe Biden អាចនឹងបង្កើនទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតលើប្រទេសខ្លួន ឬយ៉ាងណា ក្រោយឡើងកាន់អំណាចជាផ្លូវការនាខែមករា ឆ្នាំ២០២១ ខាងមុខ។
ទោះមានការលើកឡើងយ៉ាងនេះក្តី ប៉ុន្តែក្រុមអ្នកឃ្លាំមើលនយោបាយឧបទ្វីបកូរ៉េ កន្លងមកនេះធ្លាប់លើកឡើងជារឿយៗថា កូរ៉េខាងជើង ប្រហែលជាមិនសម្ងំស្ងៀមនោះឡើយ បើសិនជាលោក Joe Biden ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់អាមេរិកមែននោះ ដោយអាចនឹងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ជាមួយការបាញ់សាកល្បងមីស៊ីលជាថ្មី៕
ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times