Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាសបើកប្រតិបត្តិការ រំដោះកប៉ាល់ពាណិជ្ជកម្ម ចេញពី Hormuz, ចាប់ផ្តើម នៅថ្ងៃចន្ទ នេះ

បានផុស

នៅ

ប្រមុខសេតវិមាន ដូណាល់ ត្រាំ ប្រកាសថា ចាប់ពីថ្ងៃចន្ទ នេះទៅ លោកនឹងឲ្យកងទ័ពជើងទឹកអាមេរិក ទៅអមកប៉ាល់បរទេ​សអព្យាក្រឹត ដែលកំពុងជាប់នៅច្រកសមុទ្រ Hormuz ដើម្បីរំដោះពួកគេ ឲ្យចេញបាន ដោយសុវត្ថិភាព។ 

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

សារព័ត៌មាន Anadolu បានដកស្រង់សម្តីមេដឹកនាំអាមេរិក ដែលនិយាយ កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ ថា ប្រទេសនៅជុំវិញពិភពលោក បានស្នើសុំឲ្យទីក្រុងវ៉ាស៊ីនតោនជួយ ដូច្នេះ នៅក្នុងអ្វីដែលលោកត្រាំ ហៅដោយខ្លួនឯងថាជា «កាយវិការមនុស្សធម៌», លោកនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីនាំកប៉ាល់ពាណិជ្ជកម្ម ចេញពី Hormuz នៅក្រោមគម្រោង «សេរីភាព»។

ទោះបីជាយ៉ាងណាក៏ដោយ លោកព្រមានថា ប្រសិនបើដំណើរការនេះត្រូវបានរារាំង ឬជ្រៀតជ្រែកនោះ សហរដ្ឋអាមេរិក នឹងវិធានការតបតទៅវិញ ឲ្យខ្លាំងក្លាជាទីបំផុត។

ជុំវិញរឿងនេះដែរ កងបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានប្រកាសថា ខ្លួននឹងចាប់អនុវត្តបទបញ្ជារបស់លោកត្រាំ ពីថ្ងៃចន្ទនេះទៅ ដើម្បីស្តារសេរីភាព នៃការធ្វើនាវាចរណ៍នៅច្រក Hormuz ឡើងវិញ។

កប៉ាល់ក្នុងច្រក Hormuz (រូប៖ Reuters)

តាមការបញ្ជាក់ពីឧត្តមនាវីឯក Brad Cooper មេបញ្ជាការ CENTCOM, ប្រតិបត្តិការនេះ នឹងមានការចូលរួម ពីសំណាក់នាវាចម្បាំង បំពាក់មីស៊ីលនាំផ្លូវ, យន្តហោះចម្បាំងជាង ១០០គ្រឿង (ទាំងឈរជើងលើដីគោក និងលើនាវា) និងកងកម្លាំងសរុប ១៥ ០០០ នាក់។

យ៉ាងណាក្តី ទីក្រុងតេហេរ៉ង់ មានប្រតិកម្មយ៉ាងខ្លាំង ចំពោះគម្រោងរបស់លោក ត្រាំ ដោយប្រធានគណៈកម្មាធិការសន្តិសុខជាតិ នៃសភាអ៊ីរ៉ង់ លោក Ebrahim Azizi ព្រមានថា បើអាមេរិក ហ៊ានធ្វើបែបនេះមែន នោះគឺស្មើនឹងការរំលោភបទឈប់បាញ់។

លោកបោះពាក្យ ទៅប្រធានាធិបតីអាមេរិកថា៖ «ច្រក Hormuz និងឈូងសមុទ្រពែរ្ស មិនមែនគ្រប់គ្រងបាន ដោយគ្រាន់តែការបង្ហោះសារបែបរវើរវាយ របស់លោក ត្រាំ នោះឡើយ»៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម