Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ គំរាមច្បាំងជាមួយ អាមេរិក សាជាថ្មី

បានផុស

នៅ

ស្ថានការណ៍នៅមជ្ឈិមបូព៌ា កំពុងប្រែប្រួលខ្លាំងនិងតានតឹងជាងមុន បន្ទាប់ពីភាគីជម្លោះ គំរាមដាក់គ្នាមិនលស់ថ្ងៃ ហើយឥឡូវនេះ ប្រទេសអ៊ីរ៉ង់ ថែមទាំងព្រមានផ្ទុះសង្គ្រាម ដោយច្បាំងជាថ្មី ជាមួយសហរដ្ឋអាមេរិក ទៀតផង។

បុរសម្នាក់ កាន់ទង់ជាតិអ៊ីរ៉ង់ នៅក្បែរផ្ទាំងប៉ាណូប្រឆាំងសហរដ្ឋអាមេរិក ដែលបង្ហាញរូបភាពប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងច្រកសមុទ្រ Hormuz ក្នុងទីក្រុង តេហេរ៉ង់ (រូប៖ Reuters)

តាមការផ្សាយរបស់ AFP កាលពីថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦, លោក Mohammad Jafar Asadi មេបញ្ជាការរងទីបញ្ជាការកណ្តាល Khatam al-Anbiya នៃកងឆ្មាំបដិវត្តន៍ (IRGC) និយាយថា៖ «ព័ស្តុតាងបង្ហាញថា អាមេរិកមិនគោរពសន្យា ឬប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងណាមួយឡើយ។ សកម្មភាព និងសេចក្តីថ្លែងការណ៍របស់មន្ត្រីអាមេរិក ធ្វើឡើងដើម្បីតែផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះ ក្នុងគោលបំណងការពារការធ្លាក់ចុះនៃតម្លៃប្រេង និងដើម្បីចាកចេញពីស្ថានភាពដ៏លំបាកដែលពួកគេបង្កើតឡើងដោយខ្លួនឯង»។

ស្របពេលជាមួយគ្នានោះដែរ លោកព្រមានថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នៅតែត្រៀមខ្លួនឈរជើងយ៉ាងពេញលេញ សម្រាប់ការឆ្លើយតបជាយថាហេតុណាមួយ។

លោក Mohammad Jafar Asadi (រូប៖ IRNA)

ការគំរាមនេះ កើតឡើងបន្ទាប់ពី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហាញជំហរដាច់អហង្ការ បដិសេធសំណើចុងក្រោយ របស់ប្រទេសអ៊ីរ៉ង់ ដែលមានបំណងបញ្ចប់សង្គ្រាម។

សំណើថ្មីនេះ ត្រូវបានភាគីអ៊ីរ៉ង់បញ្ជូន តាមរយៈអ្នកសម្របសម្រួល ក្នុងប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែគ្រាន់តែមកដល់ដៃភ្លាម លោក ត្រាំ បានប្រកាសទាត់ចោល នៅចំពោះមុខអ្នកសារព័ត៌មានក្នុងសេតវិមាន ដោយអះអាងថា អ៊ីរ៉ង់បានទាមទារនូវលក្ខខណ្ឌមួយចំនួន ដែលលោកមិនអាចទទួលយកបានឡើយ។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

ទោះបីជាបទឈប់បាញ់រយៈពេលបីសប្តាហ៍មកនេះ នៅតែបន្តមានប្រសិទ្ធភាព​មែន ប៉ុន្តែសន្តិភាព ហាក់ដូចជាផុយស្រួយបំផុត ដោយសារភាគីទាំងសងខាង តែងតែចោទប្រកាន់គ្នាទៅវិញទៅមក ថា រំលោភលើកិច្ចព្រមព្រៀង។

លោក ត្រាំ សម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ ដោយលោកបានប្រើពាក្យធ្ងន់ៗថា ជាក្រុមដឹកនាំដែលបែកបាក់គ្នា និងរញ៉េរញ៉ៃបំផុត ទោះបីជាពួកគេម្នាក់ៗ សុទ្ធតែចង់បានកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាមក៏ដោយ។

ការចរចាដែលធ្លាប់គ្រោងធ្វើដោយផ្ទាល់ ក៏ត្រូវបានលុបចោល ហើយប្តូរមកជាការពិភាក្សាតាមទូរស័ព្ទវិញ បន្ទាប់ពីលោក ត្រាំ ដកក្រុមបេសកជន ចេញពីប្រទេសប៉ាគីស្ថានកាលពីសប្តាហ៍មុន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម