Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង៖ «ចង់​នរណា​ថា​អីថាទៅ ក៏យើងមិនបោះបង់អាវុធនុយក្លេអ៊ែរ ជាដាច់ខាត»

បានផុស

នៅ

ខណៈដែលបណ្ដាប្រទេសធំៗលើពិភពលោក កំពុងជួបជុំគ្នានៅអង្គការសហប្រជាជាតិ ដើម្បីជជែកពីការរឹតបន្តឹងអាវុធមហន្តរាយ កូរ៉េខាងជើង បានចេញមុខមកតបតវិញយ៉ាងចាស់ដៃ ដោយ​លោក គីម សុង ដែលជាឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំអង្គការសហប្រជាជាតិ បានថ្លែងយ៉ាងដាច់អហង្ការថា ប្រទេសរបស់លោក នឹងមិនស្ថិតនៅក្រោមចំណងនៃសន្ធិសញ្ញាត្រួតពិនិត្យអាវុធនុយក្លេអ៊ែរណាមួយឡើយ ហើយក៏គ្មានសម្ពាធពីខាងក្រៅណាមួយ អាចមកផ្លាស់ប្តូរឋានៈរបស់កូរ៉េខាងជើង ក្នុងនាមជាប្រទេសមហាអំណាចនុយក្លេអ៊ែរបាននោះដែរ។

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅទស្សនាមូលដ្ឋានផលិតសម្ភារៈនុយក្លេអ៊ែរ ក្នុងខែមករា ឆ្នាំ២០២៥ (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការផ្សាយនា​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២៦ របស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម សុង បានបញ្ជាក់ថា ការដែលសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ព្យាយាមរិះគន់កម្មវិធីអាវុធរបស់ខ្លួន នៅក្នុងសន្និសីទអង្គការសហប្រជាជាតិ គឺជាការរំលោភលើសិទ្ធិអធិបតេយ្យភាព របស់កូរ៉េខាងជើងយ៉ាងធ្ងន់ធ្ងរ។ លោកបានសង្កត់ធ្ងន់ថា ឋានៈជាប្រទេសមានអាវុធនុយក្លេអ៊ែរនេះ គឺត្រូវបានចារទុកក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិទៅហើយ ដូច្នេះវាមិនមែនជារឿង ដែលត្រូវមកជជែកដេញដោលតាមចំណង់ចំណូលចិត្តរបស់ប្រទេសដទៃនោះទេ។ កូរ៉េខាងជើង បានសម្រេចចិត្តដើរចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ តាំងពីឆ្នាំ២០០៣ មកម៉្លេះ ហើយចាប់តាំងពីពេលនោះមក ពួកគេបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរអស់ចំនួន ៦ដងទៅហើយ បើទោះបីជាត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក៏ដោយ។

បើតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm គិតត្រឹមដើមឆ្នាំ២០២៥ នេះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំង៩ ក្នុងលោក រួមមាន រុស្ស៊ី អាមេរិក បារាំង អង់គ្លេស ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង មានក្បាលគ្រាប់នុយក្លេអ៊ែរសរុបជាង ១២ ០០០គ្រាប់ ដោយក្នុងនោះ អាមេរិក និងរុស្ស៊ី កាន់កាប់អាវុធទាំងនេះជិត ៩០ភាគរយទៅហើយ។

ស្របពេលជាមួយគ្នានេះ បញ្ហានុយក្លេអ៊ែរ មិនមែនក្តៅតែនៅឧបទ្វីបកូរ៉េនោះទេ សូម្បីតែនៅតំបន់មជ្ឈិមបូព៌ា ក៏កំពុងឡើងកម្ដៅខ្លាំងដែរ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងដាច់អហង្ការថា នឹងមិនបណ្ដោយឲ្យ​ប្រទេសអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ យ៉ាង​ណាមិញ ខាងអ៊ីរ៉ង់នៅតែបន្តបដិសេធថា ខ្លួនមិនបានផលិតអាវុធមហន្តរាយនេះទេ ហើយគ្រាន់តែចង់ប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងន័យសន្តិភាពតែប៉ុណ្ណោះ។ ស្ថានការណ៍ជុំវិញអាវុធនុយក្លេអ៊ែរនៅលើសកលលោកក្នុងពេលនេះ កំពុងតែស្ថិតក្នុងភាពមិនច្បាស់លាស់ និងពោរពេញដោយការប្រឈមមុខដាក់គ្នាគួរ​ឲ្យ​ព្រួយបារម្ភបំផុត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម