Connect with us

ព័ត៌មានអន្ដរជាតិ

ខណៈកូវីដមិនស្រាកស្រាន្ត ទីក្រុង ហាណូយ ដាក់ការរឹតត្បិតមិនឲ្យជួបជុំគ្នានៅទីសាធារណៈលើសពី ២ នាក់

បានផុស

នៅ

ទីក្រុងហាណូយនឹងដាក់ចេញនូវយុទ្ធនាការគម្លាតសង្គមរយៈពេល ១៥ ថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ ហើយវាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។

លោក Chu Ngoc Anh អភិបាលទីក្រុងបាននិយាយថា បទបញ្ជាទូទាំងទីក្រុងត្រូវបានដាក់ចេញនៅក្រោមសារាចរលេខ ១៦ ដែលតម្រូវឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ លើកលែងតែទិញអាហារ ថ្នាំពេទ្យ ទៅធ្វើការនៅឯរោងចក្រ ឬអាជីវកម្មដែលអនុញ្ញាតឲ្យបើក និងហេតុផលបន្ទាន់ផ្សេងៗទៀតជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សត្រូវរក្សាចម្ងាយយ៉ាងតិច ២ ម៉ែត្រ មិនឲ្យប្រមូលផ្តុំជួបជុំគ្នានៅទីសាធារណៈ ក្រៅពីកន្លែងធ្វើការ សាលារៀន ឬមន្ទីរពេទ្យ លើសពី ២ នាក់ឡើយ ហើយប្រសិនបើនរណាម្នាក់មានរោគសញ្ញា ដូចជា គ្រុនក្តៅ និងក្អក ពួកគេត្រូវជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន អំពីស្ថានភាពរបស់ពួកគេជាបន្ទាន់ ។

បទបញ្ជានេះបន្តថា “អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែដាក់ការបង្ការ និងត្រួតពិនិត្យជំងឺរាតត្បាតជាអាទិភាពកំពូល ដើម្បីបញ្ឈប់រាល់សកម្មភាពដែលមិនចាំបាច់”។

ទន្ទឹមនោះ មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ផ្សារប្រពៃណី និងទីផ្សារលក់ដុំនៅក្នុងមូលដ្ឋាន ត្រូវលក់តែរបស់ចាំបាច់ប៉ុណ្ណោះ ខណៈបុណ្យសពមិនឲ្យប្រមូលផ្ដុំបានច្រើនជាង ២០ នាក់ឡើយ ហើយការដឹកជញ្ជូនសាធារណៈភាគច្រើននឹងត្រូវបិទ ហើយនឹងមិនមានការធ្វើដំណើរ ទៅកាន់មូលដ្ឋានផ្សេងទៀតឡើយ ។

បន្ថែមពីនេះ អាជីវកម្មដែលត្រូវបានអនុញ្ញាតឲ្យធ្វើប្រតិបត្តិការ ត្រូវតែអនុវត្តតាមវិធានការការពាររោគរាតត្បាត ខណៈម្ចាស់អាជីវកម្មគឺត្រូវទទួលខុសត្រូវ ក្នុងការធានាសុវត្ថិភាពរបស់បុគ្គលិក និងអតិថិជន ។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីទីក្រុងបានកត់ត្រាករណីឆ្លងថ្មីជាច្រើន ដោយគ្មានប្រភពចម្លងច្បាស់លាស់ ។ កាលពីថ្ងៃសុក្រទីក្រុងនេះ បានកត់ត្រានូវករណីឆ្លងចំនួន ៧០ ករណី ដែលជាចំនួនឆ្លងសរុបប្រចាំថ្ងៃខ្ពស់បំផុត ខណៈរហូតមកដល់ពេលនេះ ទីក្រុងហាណូយបានកត់ត្រាករណីឆ្លងចំនួន ៨៧៩ ករណី ចាប់តាំងពីរលកថ្មីបានចាប់ផ្តើមកាលពីចុងខែមេសា ។

គួរបញ្ជាក់ថា នេះជាលើកទី ២ ហើយដែលទីក្រុងហាណូយ ដាក់បទបញ្ជាគម្លាតសង្គមយ៉ាងតឹងរ៉ឹងនេះ ខណៈលើកទី ១ បានដាក់នៅខែមេសា ឆ្នាំ ២០២០ មានរយៈពេលជិតមួយខែ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VNExpress

ចុចអាន ៖ ស្ថានការណ៍កូវីដកាន់តែធ្ងន់ធ្ងរ! ទីក្រុង ហូជីមិញ ដាក់បម្រាម មិនឲ្យប្រជាជនចេញពីផ្ទះដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម