បុរសវ័យចំណាស់ម្នាក់ ដែលជាភ្ញៀវទេសចរ មកពីខេត្តសមុទ្រប្រាកាន ត្រូវបានសត្វដំរីព្រៃទាត់ហើយជាន់បន្ថែមរហូតដល់ស្លាប់ ខណៈដែលជនរងគ្រោះរូបនេះ បានបោះតង់ស្នាក់នៅក្នុងតំបន់ឧទ្យានជាតិ រយៈពេល២ថ្ងៃមកហើយ ជាមួយ ភ្ញៀវទេសចរ ជាច្រើននាក់ផ្សេងទៀត ដើម្បីលំហែកាយ ។
តាមការរៀបរាប់ពីភ្ញៀវទេសចរមួយរូប បាននិយាយថា នៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅក្នុងឧទ្យានជាតិ ខៅយ៉ៃ ក្នុងតំបន់អភិរក្ស ផាក្លួយម៉ាយ ស្ថិតក្នុងខេត្ត ណាក់ខនរ៉ាតស៊ីម៉ា មានការភ្ញាក់ផ្អើលដោយសារតែគាត់បានឮសម្លេងស្រែករបស់ភ្ញៀវទេសចរ វ័យចំណាស់ម្នាក់ ព្រមទាំងបានឃើញសត្វដំរីដ៏ធំមួយ ក្បាលបានទាត់និងជាន់រហូតដល់ស្លាប់នៅក្នុងកន្លែងតង់ដែលបុរសរូបនោះកំពុងសម្រាក ។
កម្លាំងអភិរក្ស ផាក្លួយម៉ាយ បាននិយាយថា នៅយប់ថ្ងៃកើតហេតុ មានភ្ញៀវទេសចរបោះតង់ស្នាក់នៅចំនួន៤៧នាក់ រួមទាំងជនរងគ្រោះ ដែលមានឈ្មោះ ប្រយោជន៍ ជីត ភេទប្រុស អាយុ៨០ឆ្នាំ ជាអ្នកមកពីស្រុកមឿង ខេត្តសមុទ្រប្រាកាន ដោយគាត់បានចតរថយន្តនៅក្បែរតង់របស់គាត់ ។
បើតាមការពិនិត្យទៅលើកាមេរ៉ានៅក្នុងរថយន្ត គឺសត្វដំរីដែលគេធ្លាប់ដាក់ឈ្មោះថា ចៅឌឺ អាយុប្រហែល៣០ឆ្នាំ បានដើរជុំវិញរថយន្តរបស់ជនរងគ្រោះ ដោយសារតែវាបានឃើញផ្លែក្រូចថ្លុងដែលជនរងគ្រោះបកទុកនៅក្នុងរថយន្ត និងមួយចំនួនទៀត គាត់បានយកមកបរិភោគនៅក្នុងតង់របស់គាត់ ដែលក្លិននេះ អាចធ្វើឱ្យសត្វដំរីឃ្លាន ទើបដើរក្រវ៉ែលបែបនេះ។ បន្ទាប់មកវាក៏បោចតង់ចេញ ហើយបានទាត់ទៅលើជនរងគ្រោះព្រមទាំងបានដេញជាន់បន្ថែមរហូតដល់ ស្លាប់ ។
គួរបញ្ជាក់ថា កន្លងមក ចៅឌឺ ( ឈ្មោះសត្វដំរី )នេះ ធ្លាប់បានឡើងអង្គុយលើក្បាលរថយន្តរបស់ភ្ញៀវទេសចររហូតធ្វើឱ្យក្បាលរថយន្តកំពិតខ្ទេចខ្ទីថែមទៀតផង។
សពជនរងគ្រោះត្រូវបានបញ្ជូនយកទៅរក្សាទុកនៅក្នុងមន្ទីរពេទ្យ ប៉ាកឆង់ ណាណា ហើយដើម្បីរង់ចាំឱ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ ៕
អត្ថបទ ៖ សោ និយមរ័ត្ន