Connect with us

ព័ត៌មានអន្ដរជាតិ

តំណាងរាស្រ្តកូសូវ៉ូ ឈ្លោះគ្នា វាយតប់ពេញ សភា

បានផុស

នៅ

(រូបថត៖ AP)

ការវាយតប់គ្នា បានកើតឡើងនៅក្នុងសភាកូសូវ៉ូ ថែមទាំងមានការគប់ទឹកដាក់នាយករដ្ឋមន្ត្រីផងដែរ បន្ទាប់ពីការជជែកដេញដោលយ៉ាងក្តៅគគុករយៈពេល៣ថ្ងៃ ពាក់ព័ន្ធខ្សែអាត់សំឡេងដែលគេថតបាន រវាងសមាជិកបក្សកាន់អំណាច និងមន្ត្រីមកពីភាគខាងជើង។

គណបក្សប្រឆាំងកូសូវ៉ូបានចោទប្រកាន់ជាយូរមកហើយថា ដំណោះស្រាយរបស់នាយករដ្ឋមន្ត្រីជាតិនិយមលោក Albin Kurti លើបញ្ហាដ៏តានតឹងនៅភាគខាងជើង បានធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹងជាមួយសម្ព័ន្ធមិត្តលោកខាងលិច គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ភាពចលាចលនៅភាគខាងជើង បានកើនឡើងកាន់តែខ្លាំងនាពេលថ្មីៗនេះ ចាប់តាំងពីអភិបាលក្រុងជនជាតិភាគតិចអាល់បានី ចូលកាន់តំណែងនៅភាគខាងជើងកូសូវ៉ូ បន្ទាប់ពីការបោះឆ្នោតខែមេសា ដែលប្រជាជនស៊ែប៊ី ធ្វើពហិការ។

(រូបថត៖ AFP)

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ វីដេអូ​មួយ​ពី​ខាង​ក្នុង​សភា​បាន​បង្ហាញ​ពី តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​មួយ​រូប ​ជះ​ទឹក​ដាក់​លោក Kurti និងឧបនាយករដ្ឋមន្ត្រី​របស់​គាត់។ ក្រោយមក ការឈ្លោះប្រកែកគ្នា បានរីករាលដាលនៅពេលគណបក្សប្រឆាំង និងសមាជិកសភាចម្រុះផ្សេងទៀត នាំគ្នាចូលទៅជិតវេទិកាដែលរដ្ឋមន្ត្រីកំពុងអង្គុយ។

ប៉ុន្តែក្រោយមកលោក Kurti ត្រូវបានអង្គរក្សនាំចេញ ខណៈសមាជិកសភាមកពីភាគីទាំងសងខាង បានវាយប្រហារគ្នាទៅវិញទៅមក រហូតដល់ប៉ូលិសចូលធ្វើអន្តរាគមន៍។

ការជជែកដេញដោលគ្នានេះ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអនឡាញ Nacionale បានចេញបញ្ចេញខ្សែអាត់សំឡេងនៃការសន្ទនារវាងប្រធានគណបក្សរបស់លោក Kurti គឺលោកស្រី Mimoza Kusari-Lila និងអតីតសមាជិកសភាស៊ែប៊ី Slavko Simic ខណៈសំឡេងនោះ​ត្រូវ​បាន​ថត​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុនមកម្ល៉េះ ។

ក្នុងខ្សែអាត់សំឡេងនោះ លោកស្រី Kusari ត្រូវបានគេឮថា លោកស្រីធ្លាប់និយាយតាមទូរស័ព្ទជាមួយមន្ត្រីជនជាតិស៊ែប៊ីឈ្មោះ Milan Radojcic ដែលត្រូវដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ជុំវិញឧក្រិដ្ឋកម្មដែលបានរៀបចំនិងសកម្មភាពពុករលួយ ហើយលោក Radojcic នេះទៀតសោត ក៏​ជា​មនុស្ស​ដែល​អាជ្ញាធរ​កូសូវ៉ូ​ តាមចាប់ខ្លួនផងដែរ ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ តំណាងរាស្រ្តហ្ស៊កដានី ផ្ទុះជម្លោះ វាយគ្នាផ្អើលសភា ពេលកំពុងប្រជុំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម