Connect with us

ព័ត៌មានអន្ដរជាតិ

៣ ចំណុចសំខាន់ៗអំពីរឿងរ៉ាវគ្រាប់បែកចង្កោមដែល អាមេរិក ផ្ដល់ទៅឲ្យ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកបានផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសឹកប្រឆាំងនឹងរុស្ស៊ីរួចហើយ ខណៈចំណាត់ការនេះក៏កើតឡើងទាំងចម្រូសចម្រាស់ផងដែរ ដោយសារតែសហរដ្ឋអាមេរិកធ្លាប់បានថ្កោលទោសចំពោះការប្រើប្រាស់អាវុធបែបនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅ គ្រាប់បែកចង្កោមសំដៅទៅលើប្រភេទគ្រាប់ផ្លោងដែលហោះពីលើអាកាស ហើយបញ្ចេញសារធាតុផ្ទុះតូចៗមួយចំនួននៅលើផ្ទៃដី បន្ទាប់ពីវាត្រូវបានបាញ់ដោយកាំភ្លើងធំ កាំភ្លើងកងទ័ពជើងទឹក គ្រាប់រ៉ុកកែត ឬទម្លាក់ពីលើយន្តហោះជាដើម ។

តើគ្រាប់បែកចង្កោមប្រភេទណាដែលអាមេរិកបញ្ជូនទៅឲ្យអ៊ុយក្រែន?

គ្រាប់បែកចង្កោមដែលសហរដ្ឋអាមេរិកបញ្ជូនទៅឲ្យអ៊ុយក្រែនកាលពីពេលថ្មីៗនេះគឺប្រភេទ DPICMs អូសចេញពីឃ្លាំងស្តុកអាវុធយុទ្ធភ័ណ្ឌដែលយោធាអាមេរិកធ្លាប់បានសន្យាពីមុនមកថានឹងកម្ទេចវាចោល ។ គ្រាប់បែកទាំងនេះអាចត្រូវបានបាញ់ចេញពីកាំភ្លើងធំ Howitzers ១៥៥ មិល្លីម៉ែត្រ ដែលមានសមត្ថភាពផ្ទុកគ្រាប់បែកចំនួន ៨៨ គ្រាប់នៅក្នុងកាណុងរបស់វា ។

ទន្ទឹមនោះ គ្រាប់នីមួយៗមានសមត្ថភាពអាចផ្ទុះដ៏សាហាវក្នុងទំហំ ១០ ម៉ែត្រការ៉េ ខណៈឯគ្រាប់បែកទាំងមូលតែម្ដងអាចផ្ទុះនៅលើផ្ទៃដីរហូតដល់ ៣ ម៉ឺនម៉ែត្រការ៉េឯណោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកឧត្តមសេនីយ Patrick Ryder បានប្រាប់អ្នកសារព័ត៌មានថា គ្រាប់បែកចង្កោមដែលអាមេរិកផ្ដល់ឲ្យអ៊ុយក្រែន មានអាយុកាលលើសពី ២០ ឆ្នាំទៅហើយ ហើយវាមានអត្រាមិនទាន់ផ្ទុះនៅពេលធ្លាក់រាយប៉ាយតិចជាង ២.៣៥ ភាគរយ ។

តើគ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់នៅអ៊ុយក្រែនហើយឬនៅ?

មែនទែនទៅ អ៊ុយក្រែនធ្លាប់​បាន​ប្រើ​គ្រាប់បែក​ចង្កោមរួចទៅហើយ ពោលប្រើ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៤ ប្រឆាំង​នឹង​ប្រជាជននៅតំបន់ Donbass ។ យោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងតំបន់ដែលមានប្រជាជនច្រើនទាំងក្នុង និងជុំវិញទីក្រុង Donetsk ពោលតិចជាងមួយខែ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុង Minsk ឆ្នាំ ២០១៤ ។

UN បានឲ្យដឹងទៀតថា អ៊ុយក្រែនក៏បានប្រើប្រាស់គ្រាប់បែកចង្កោមលើតំបន់ជនស៊ីវិលទាំងនៅក្នុង និងជុំវិញទីក្រុង Izium ដែលជាទីក្រុងស្ថិតក្រោមការគ្រប់គ្រងដោយរុស្ស៊ីកាលពីឆ្នាំ ២០២២ ។ ទន្ទឹមនោះ ទោះបីជាមានព័ស្តុតាងច្បាស់លាស់ និងសាក្សីជាង ១០០ នាក់ដែលស្ថិតនៅក្នុងហេតុការណ៍នោះក៏ដោយ ប៉ុន្តែអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ ដោយបដិសេធថា រដ្ឋាភិបាលទីក្រុងកៀវមិនបានប្រើប្រាស់គ្រាប់បែកចង្កោមតាមការលើកឡើងរបស់ UN នោះទេ ។

ហេតុអ្វីបានជាអាមេរិកផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែននៅពេលនេះទៀត?

គ្រាប់បែកចង្កោមគឺជាផ្នែកមួយនៃកញ្ចប់ជំនួយយោធារបស់សហរដ្ឋអាមេរិកផ្ដល់ទៅឲ្យអ៊ុយក្រែនដើម្បីផ្ដោតសំខាន់លើប្រតិបត្តិការវាយបករបស់កងកម្លាំងទីក្រុងកៀវទៅលើរុស្ស៊ី ។ មួយវិញទៀត គឺដោយសារតែការការវាយបកដែលអ៊ុយក្រែនចាប់ផ្ដើមកាលពីដើមខែមិថុនាបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរ បើទោះបីមានការពន្យារពេលជាច្រើនដងក៏ដោយ ។

បន្ថែមពីនេះ ការផ្ដល់គ្រាប់បែកទៅឲ្យអ៊ុយក្រែនក៏កើតឡើងផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលក្រុមប្រទេសអង្គការណាតូនៅទីក្រុងវីនីញូស ប្រទេសលីទុយអានី ដែលទើបតែបញ្ចប់កាលពីថ្ងៃទី១២ ខែកក្កដា ។ នៅក្នុងកិច្ចប្រជុំនោះ សហរដ្ឋអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានដាក់សម្ពាធដល់សម្ព័ន្ធមិត្តណាតូឲ្យផ្តល់ជំនួយ និងអាវុធបន្ថែមទៀតដល់អ៊ុយក្រែន ជាពិសេសគ្រាប់បែកចង្កោមនេះតែម្ដង ។

គួរបញ្ជាក់ថា ការប្រើប្រាស់គ្រាប់បែកចង្កោមក៏ត្រូវបានថ្កោលទោសដោយអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនផងដែរ ដោយសារតែគ្រាប់បែកប្រភេទនេះរហូតដល់ ៤០ ភាគរយ​មិនផ្ទុះភ្លាមៗនោះទេ ប៉ុន្តែវា​អាចសម្លាប់មនុស្ស ឬបណ្តាលឲ្យពិការ នៅ​ប៉ុន្មាន​ឆ្នាំ​ ឬ​ច្រើន​ទសវត្សរ៍ បន្ទាប់​ពី​វារាយប៉ាយ ។ ជាក់ស្ដែងចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក គ្រាប់បែកចង្កោមបានសម្លាប់ជនស៊ីវិលប្រមាណពី ៥៦,៥០០ នាក់ទៅ ៨៦,៥០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក ភីថា នឹងចោលតំណែងនាយករដ្ឋមន្ត្រី បើនៅតែបរាជ័យក្នុងការ​បោះឆ្នោតសភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម