ការតវ៉ាកំពុងតែកើនឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រឆាំងនឹងរដ្ឋប្រហារកាលពីថ្ងៃចន្ទ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់យោធាដើម្បីបង្ហាញថាខ្លួនកំពុងគ្រប់គ្រងស្ថាប័ននានារបស់ប្រទេសដោយស្របច្បាប់ក៏ដោយ ។
សមាជិកសភាប្រមាណ ៧០ នាក់មកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី បានបើកកិច្ចប្រជុំមួយនៅរដ្ឋធានីណៃពិដោដើម្បីបង្ហាញពីការតស៊ូរបស់ពួកគេចំពោះរដ្ឋប្រហារ ។
ក្រុមពលរដ្ឋនិយាយថា ក្រុមអ្នកតវ៉ាបានប៉ះទង្គិចគ្នាជាមួយបុគ្គលិកយោធានៅក្នុងទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់មីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍បណ្តាលឲ្យមានមនុស្សរងរបួស ។
ជាមួយគ្នានេះទូរទស្សន៍រដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍កាលពីយប់ថ្ងៃព្រហស្បតិ៍ថា អគ្គមេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Min Aung Hlaing បានជួបអ្នកធនាគារ និងមន្រ្តីផ្សេងទៀតដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការរបស់ពួកគេដើម្បីស្ថេរភាពសេដ្ឋកិច្ចក្នុងប្រទេស និងជីវិតជីវិតរបស់ប្រជាជន ។
លោក Khin Zaw Win អ្នកវិភាគក្នុងប្រទេសដែលបានផ្តល់យោបល់ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រាប់ NHK ថា យោធាបានចូលរួមក្នុងការចរចាជាមួយភាគីលោកស្រី អ៊ុងសាន ស៊ូជី ក្នុងរយៈពេលពីរថ្ងៃមុនពេលរដ្ឋប្រហារ ។
លោកបាននិយាយថា ភាគីលោកស្រី អ៊ុងសាន ស៊ូជី បានបដិសេធមិនឆ្លើយសំណួរអំពីការក្លែងបន្លំដែលយោធាចោទប្រកាន់ថាបានប្រព្រឹត្តអំឡុងការបោះឆ្នោតទូទៅកាលពីឆ្នាំមុន ។
អ្នកវិភាគរូបនេះបាននិយាយថា បន្ទាប់ពីការបដិសេធ យោធាបានប្រាប់ដោយផ្ទាល់ដល់លោកស្រី អ៊ុងសាន ស៊ូជី ថាខ្លួននឹងធ្វើរដ្ឋប្រហារ ។ លោកបានបន្ថែមថា រយៈពេលជាច្រើនម៉ោង បន្ទាប់ពីការជូនដំណឹងនេះលោកស្រី អ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតី Win Myint ត្រូវបានចាប់ឃុំខ្លួន ។
កាលពីថ្ងៃពុធគណបក្ស NLD បានបញ្ចេញឯកសារប៉ូលិសដែលចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ពីបទនាំចូលឧបករណ៍ទំនាក់ទំនងខុសច្បាប់ និងប្រើប្រាស់ឯកសារទាំងនោះដោយគ្មានការអនុញ្ញាត ។ ចំណែកលោក Win Myint ត្រូវបានចោទប្រកាន់ពីបទរំលោភលើការរឹតត្បិតជំងឺកូវីដ ១៩ ដោយធ្វើការស្វាគមន៍អ្នកធ្វើយុទ្ធនាការបោះឆ្នោតកាលពីខែកញ្ញា ។
លោក Khin Zaw Win បាននិយាយថា ការចោទប្រកាន់ប្រឆាំងនឹងមេដឹកនាំទាំងពីរគឺត្រូវបានលើកយកមកបង្ហាញ ហើយថា យោធានឹងដកពួកគេចេញពីការបោះឆ្នោតទូទៅនៅឆ្នាំក្រោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រដ្ឋប្រហារមីយ៉ាន់ម៉ាអាចធ្វើឲ្យអាស៊ានជ្រួលច្របល់
ចុចអាន ៖ យោធាមីយ៉ាន់ម៉ាបញ្ជាឲ្យសមាជិកសភារបស់លោកស្រី ស៊ូជី ចាកចេញពីទីស្នាក់ការសភា