ព័ត៌មានអន្ដរជាតិ
មួយឆ្នាំ ប្រជាជនថៃ ជាង១០លាននាក់ ធ្លាក់ខ្លួនឈឺ ដោយសារខ្យល់ពុល
តាមរបាយការណ៍របស់ AFP ចេញផ្សាយនៅថ្ងៃពុធទី៦ខែមីនា, ប្រជាជនថៃជាង១០លាននាក់ បានធ្លាក់ខ្លួនឈឺជំងឺដែលជាប់ទាក់ទងនឹងខ្យល់ពុលក្នុងឆ្នាំ២០២៣។

ទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) កើតឡើងចំពេល គុណភាពខ្យល់របស់ប្រទេសថៃកាន់តែអាក្រក់ទៅៗ ដោយការដុតព្រៃយកដីធ្វើកសិកម្ម និងភ្លើងឆេះព្រៃ ជាពិសេសនៅភាគខាងជើងប្រទេស បានបង្កើតឲ្យមានផ្សែងអ័ព្ទដ៏គួរឲ្យភ័យខ្លាចនៅដើមឆ្នាំ២០២៤។
ត្រឹមដើមឆ្នាំនេះ គេបានឃើញមានការកើនឡើងនៃករណីជំងឺទាក់ទងនឹងការបំពុលបរិយាកាសរួចទៅហើយ បើធៀបនឹងឆ្នាំមុន ខណៈ AFP រាយការណ៍ថា ក្នុងរយៈពេល៩សប្តាហ៍ដំបូងនៃឆ្នាំ២០២៣ ប្រជាជនថៃ ដែលធ្លាក់ខ្លួនឈឺជំងឺទាក់ទងនឹងអាកាសធាតុមិនល្អមានចំនួន១.៣លាននាក់ បើធៀបនឹងដើមឆ្នាំ២០២៤នេះ តួលេខបានហក់ឡើងដល់១.៦លាននាក់ទៅហើយ។
ករណីទាំងនោះ រួមមានអ្នកដែលមានជំងឺរ៉ាំរ៉ៃដូចជា មហារីកសួត រលាកទងសួត ជំងឺហឺត និងជំងឺបេះដូង។

តាមរបាយការណ៍របស់ IQAir, ទីក្រុងមួយចំនួននៃភាគខាងជើងរបស់ប្រទេសថៃ ដូចជាឈៀងម៉ៃ ឈៀងរ៉ៃ និងឡាំប៉ាង បានជាប់ឈ្មោះស្ថិតក្នុងចំណោមទីក្រុង ដែលរងការបំពុលខ្លាំងបំផុតរបស់ពិភពលោក។
ស្របពេលជាមួយគ្នានោះដែរ NESDC និយាយថា ប្រទេសថៃ ត្រូវតែគិតគូរឲ្យខ្លាំងមែនទែន ចំពោះផលប៉ះពាល់នៃកំហាប់ភាគល្អិត PM2.5 លើសុខភាពសាធារណៈ។

PM 2.5 គឺជាកំហាប់តូចៗ ដែលមានអង្កត់ផ្ចិត២.៥មីក្រូម៉ែត្រ ឬតូចជាងនេះ ដែលអាចជ្រៀតចូលទៅក្នុងចរន្តឈាម ឬសូម្បីតែសួត ហើយការប៉ះពាល់ធាតុបំពុលទាំងនេះ អាចបណ្តាលឲ្យរលាកនិងរមាស់ក្នុងភ្នែក និងស្បែក ក៏ដូចជាក្អក និងតឹងទ្រូងផងដែរ។
ពាក់ព័ន្ធបញ្ហានេះ ការសិក្សារបស់ Rocket Media Lab ដែលប្រមូលទិន្នន័យពីគេហទំព័រសន្ទស្សន៍គុណភាពខ្យល់ពិភពលោក កាលពីឆ្នាំមុន បានបង្ហាញថា អ្នកក្រុងបាងកក រស់នៅជាមួយគុណភាពខ្យល់ល្អបានត្រឹម៣១ថ្ងៃប៉ុណ្ណោះ ពេញមួយឆ្នាំ២០២៣។

តាមទិន្នន័យដែលផ្សាយដោយ Nation កាលពីថ្ងៃសុក្រទី១៦ខែកុម្ភៈ, ថ្ងៃមានខ្យល់ល្អ (ស្ថិតនៅកម្រិតពណ៌បៃតង) កាលពីឆ្នាំមុនគឺធ្លាក់ចុះ៨,៥២% បើធៀបទៅនឹងឆ្នាំ២០២២ ដែលកាលនោះមាន៤៩ថ្ងៃ។
ស្របពេលជាមួយគ្នានោះដែរ Rocket Media Lab បានចង្អុលបង្ហាញថា មេសា គឺជាខែមានខ្យល់អាកាសអាក្រក់បំផុតទាំងក្នុងឆ្នាំ២០២៣និងឆ្នាំ២០២២ ពោលគឺកម្រិតកំហាប់ភាគល្អិត PM2.5 ជាមធ្យមប្រចាំខែនេះ បានឈានដល់១១៥.៤៧មីក្រូក្រាមក្នុងមួយម៉ែត្រគូប លើសពីកម្រិតស្តង់ដារសុវត្ថិភាពរបស់ប្រទេសថៃ ដែលកំណត់ត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពេញមួយឆ្នាំមុន អ្នកក្រុងបាងកក ដកដង្ហើមជាមួយខ្យល់អាកាសល្អ បានត្រឹម៣១ថ្ងៃប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


