ព័ត៌មានអន្ដរជាតិ
វៀតណាម ស្នើឲ្យកម្ពុជា ចែករំលែកព័ត៌មានអំពីគម្រោងព្រែកជីក ហ្វូណនតេជោ
តាមការចុះផ្សាយរបស់ VN Express, កាលពីថ្ងៃព្រហស្បតិ៍ទី១១ខែមេសា ប្រទេសវៀតណាម បានស្នើឲ្យកម្ពុជា ចែករំលែកព័ត៌មាន និងវាយតម្លៃផលប៉ះពាល់នៃគម្រោងព្រែកជីកហ្វូណនតេជោ លើធនធានទឹកនិងបរិស្ថានអេកូឡូស៊ីនៃតំបន់ដីសណ្ដមេគង្គ។

ឆ្លើយតបសំណួរពាក់ព័ន្ធព្រែកជីកហ្វូណនតេជោ លោក Doan Khac Viet អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា “ភាគីវៀតណាម គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងអស់នៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ ហើយយើងវាយតម្លៃខ្ពស់បំផុត ចំពោះការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់គ្រងទឹកនិងការប្រើប្រាស់ទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព”។
លោកបន្តថា “វៀតណាម សូមស្នើឲ្យកម្ពុជា រក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយវៀតណាម គណៈកម្មការទន្លេមេគង្គ និងពិភពលោក ក្នុងការចែករំលែកព័ត៌មាន និងវាយតម្លៃផលប៉ះពាល់នៃរចនាសម្ព័ន្ធលើធនធានទឹកនិងបរិស្ថានអេកូឡូស៊ីនៃតំបន់ដីសណ្តទន្លេមេគង្គ ដើម្បីធានាបាននូវផលប្រយោជន៍សុខដុមរមនារបស់បណ្តាប្រទេសតាមដងទន្លេ និង ប្រជាជនក្នុងតំបន់។ ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៃទន្លេមេគង្គ នឹងបម្រើដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃអាងទឹក ផលប្រយោជន៍របស់សហគមន៍ក្នុងតំបន់ ក៏ដូចជាការរួបរួមរវាងប្រជាជាតិនៅតាមដងទន្លេ”។

ពាក់ព័ន្ធបញ្ហាព្រែកជីកហ្វូណនតេជោនេះដែរ កាលពីថ្ងៃអង្គារទី៩ខែមេសា តាមរយៈបណ្ដាញទំនាក់ទំនងសង្គម សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតប ៦ចំណុច ទៅអ្នកដែលលើកឡើងទាំងល្ងិតល្ងង់ថា “ព្រែកជីកហ្វូណនតេជោ នឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាម”។
ការចេញមកឆ្លើយតបនោះ គឺបន្ទាប់ពីសម្ដេច បានឃើញការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម និងជាពិសេសថ្មីៗនេះ មានការប្រតិដ្ឋរឿង ព្រែកជីកហ្វូណនតេជោ ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគម្រោងនៅឡើយ។

ជុំវិញការចុះផ្សាយបែបប្រតិដ្ឋទាំងនេះ ត្រូវបានសម្ដេចតេជោ ឆ្លើយតបដោយដាស់តឿនដល់មិត្តភ័ក្ដិ ឬមិនមែនមិត្តភក្ដិរបស់សម្ដេចតេជោ លើចំណុចមួយចំនួន ក្នុងនោះសម្ដេចចោទសួរទៅកាន់អ្នកប្រតិដ្ឋព័ត៌មានទាំងនោះថា តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី?
ក្រៅពីការចោទសួរ សម្ដេចតេជោ បានរម្លឹកថា កម្ពុជានិងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ ហើយសម្ដេច ក៏បញ្ជាក់ពីទំនាក់ទំនង ចិន និងវៀតណាម ដែលមានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ។

សម្ដេចតេជោ បានបន្ថែមការចោទសួរយ៉ាងដូច្នេះថា “តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?”។
ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ។ នេះជាការបន្ថែមរបស់សម្ដេចតេជោ។

សម្ដេចតេជោ បានគូសបញ្ជាក់ថា ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលព្រែកជីកនេះ នឹងជួយឲ្យកម្ពជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់ ជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។
សម្ដេចប្រធានព្រឹទ្ធសភា បានអះអាងថា ព្រែកជីកនេះមិនប៉ះពាល់ដល់លំហូរទឹកនៃទន្លេមេគង្គឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតយើងមានទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ។ សម្ដេចបានបញ្ជាក់ថា កម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥។ សម្ដេចបានប្រាប់ក្រុមប្រតិដ្ឋព័ត៌មាន គួរនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះកម្ពុជាបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្មការរួចហើយ។
សម្ដេចតេជោក៏អំពាវនាវ កុំមួលបង្កាច់កម្ពុជា ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយ។ សម្ដេចតេជោ អះអាងថា កម្ពុជាក៏ចេះគិតពីប្រយោជន៍ជាតិរបស់ខ្លួនដូចពួកអ្នកប្រឆាំង។ សម្ដេច បានចំអកទៅកាន់ក្រុមប្រឆាំងល្ងិតល្ងង់ថា “ខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ”។

សូមបញ្ជាក់ តាមការសិក្សា គម្រោង ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន កណ្តាល តាកែវ កំពត និងកែប។
ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថានឹងចំណាយទុនវិនិយោគប្រមាណ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?