Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន គ្រោង​ទិញ​នាវា​ល្បាត​៥​គ្រឿង​ពី​ជប៉ុន ចំពេលមានភាពតានតឹងជាមួយចិន

បានផុស

នៅ

ប្រទេសហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីទិញនាវាល្បាតធំចំនួន ៥គ្រឿងនៅឆ្នាំ ២០២៨ សម្រាប់បំពេញបន្ថែមប្រតិបត្តិការឆ្មាំសមុទ្ររបស់ខ្លួន ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយចិនក្នុងបញ្ហាជម្លោះដែនសមុទ្រ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុននៅថ្ងៃទី ១១ ខែ មិថុនា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងហ្វីលីពីន និងចិនជុំវិញការទាមទារនៅក្នុងដែនទឹកដែលមានជម្លោះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនាយកដ្ឋានហិរញ្ញវត្ថុហ្វីលីពីនកាលពីថ្ងៃចន្ទ ដើម្បីទិញនាវាល្បាតចំនួន៥គ្រឿងក្នុងលក្ខណៈជាកម្ចីដែលមានការប្រាក់ទាបមានតម្លៃប្រហែល៤១០ លានដុល្លារ។

នាវាល្បាតពហុតួនាទីទាំងនេះ មានប្រវែង៩៧ ម៉ែត្រដែលអាចបំពេញបេសកកម្មរយៈពេលវែងនៅក្នុងសមុទ្រ និងអាចបម្រើការដឹកជញ្ជូនដែលគ្រោងទុកនៅឆ្នាំ២០២៧និងឆ្នាំបន្ទាប់។ ខណៈរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីន លោក Ralph Recto បានឲ្យដឹងថា ការបញ្ជាទិញនេះមានសារៈ​សំខាន់ណាស់ក្នុងការបំពាក់ឱ្យឆ្មាំឆ្នេរសមុទ្រហ្វីលីពីនពេញលេញជាមួយនឹងនាវាទំនើបៗ ដើម្បីបំពេញបេសកកម្មរបស់ខ្លួនក្នុងនាមជាអ្នកការពារដែនសមុទ្ររបស់ប្រទេស ការពារអធិបតេយ្យភាពដែនសមុទ្រ និងការពារសិទ្ធិរបស់អ្នកនេសាទហ្វីលីពីន។

គួរបញ្ជាក់ថា ជម្លោះដែនសមុទ្ររវាងហ្វីលីពីននិងចិនកាន់តែក្តៅគគុក ដែលភាគីទាំងសងខាងអះអាងពីហេតុផលរៀងខ្លួនដើម្បីទាមទារនិងរក្សាអធិបតេយ្យភាពរៀងខ្លួន ខណៈមួយរយៈចុងក្រោយនេះក៏មានការផ្ទុះឡើងនូវ​ការប៉ះទង្គិចគ្នារវាងឆ្មាំសមុទ្រចិននិងហ្វីលីពីន។ ចំណែកសម្ព័ន្ធ​មិត្តសហរដ្ឋអាមេរិកបានអះអាងពីគាំទ្រចំពោះហ្វីលីពីនក្នុងការរក្សាដែនអធិបតេយ្យភាព​ដែលកាន់តែបង្កើនភាពតានតឹងមួយកម្រិតទៀតរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងផងដែរ។

គួរបញ្ជាក់ផងដែរថា កន្លងមកជប៉ុនក៏​បាន​ផ្តល់នាវា​ល្បាត​ចំនួន ១២ គ្រឿង​ដល់​ហ្វីលីពីន​តាម​រយៈ​កម្ចី​ចាប់​តាំង​ពី​ឆ្នាំ ២០១៣ផងដែរ ហើយភាគច្រើន​កំពុង​ប្រតិបត្តិការ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម