Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ និង ហ្សេលេនស្គី ផ្ទុះសង្គ្រាមពាក្យសម្តីយ៉ាងក្តៅគគុក

បានផុស

នៅ

ពេលនេះសង្គ្រាមពាក្យសម្តីដ៏ក្តៅគគុកបានផ្ទុះឡើងហើយរវាងប្រមុខដឹកនាំសេតវិមានលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី បន្ទាប់ពីគណៈប្រតិភូទីក្រុងវ៉ាស៊ីន បានជួបពិភាក្សាអំពីការបញ្ចប់សង្គ្រាមជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ី នៅឯប្រទេសអារ៉ាប៊ីសាអូឌីត ទាំងដែលគ្មានវត្តមានទីក្រុងកៀវ។

ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី (ឆ្វេង) និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការចរចានៅទីក្រុងរីយ៉ាដ, លោក ហ្សេលេនស្គី បានបង្ហាញការខកចិត្តយ៉ាងខ្លាំងដែលសហរដ្ឋអាមេរិក មើលរំលងខ្លួនមិនអញ្ជើញឲ្យចូលរួម ហើយលោកប្រកាសកាលពីថ្ងៃចន្ទទី១៧ខែកុម្ភៈឆ្នាំ២០២៥ថា អ៊ុយក្រែន នឹងមិនទទួលស្គាល់លទ្ធផលនៃជំនួបនេះឡើយ។ 

លោកហ្សេលេនស្គី និយាយថា លោកមិនទទួលបានព័ត៌មានអ្វីទេអំពីកិច្ចចរចារកសន្តិភាពរវាងរុស្ស៊ីនិងអាមេរិក នៅប្រទេសអារ៉ាប៊ីសាអូឌីត ដូច្នេះហើយទីក្រុងកៀវ នឹងមិនទទួលយកលទ្ធផលនៃជំនួបនេះដាច់ខាត។ បើចង់ឲ្យអ៊ុយក្រែនទទួលស្គាល់លទ្ធផល លុះត្រាតែជំនួបនោះមានអ៊ុយក្រែន ចូលរួមដែរ។ ដរាបណាអ៊ុយក្រែន មិនមានវត្តមានក្នុងកិច្ចចរាចសន្តិភាព នោះអ៊ុយក្រែន នឹងនៅតែមិនទទួលស្គាល់លទ្ធផល។

ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

យ៉ាងណាក្តី នៅថ្ងៃអង្គារ លោក ត្រាំ បានឆ្លើយតបហើយត្រូវគេយល់ថា ប្រហែលជាចង់សំដៅទៅភាពស្របច្បាប់របស់លោក ហ្សេលេនស្គី ក្នុងនាមជាប្រធានាធិបតីអ៊ុយក្រែន ដោយលោកបញ្ជាក់ថា​ «​ប្រសិនបើ​អ៊ុយក្រែន​ចង់​បាន​កៅអី​នៅ​តុចរចា វាដល់ពេលត្រូវបោះឆ្នោតហើយ។ មេដឹកនាំអ៊ុយក្រែន លែងមានប្រជាប្រិយភាពទៀតហើយនៅក្នុងប្រទេស។ កម្រិតគាំទ្ររបស់គាត់គឺបានធ្លាក់ចុះ ៤%បាត់ទៅហើយ»។

ម្យ៉ាងវិញទៀត សម្តីលោក ត្រាំ ប៉ុន្មានម៉ាត់ ធ្វើឲ្យប្រធានាធិបតីអ៊ុយក្រែនក្តៅស្លឹកត្រចៀកខ្លាំង ព្រោះគាត់ចោទ​ថា ​លោក​ ហ្សេលេនស្គី​​​នេះ​ឯង​ជាអ្នកធ្វើឲ្យសង្គ្រាមជាមួយរុស្ស៊ីផ្ទុះឡើង។ អ៊ុយក្រែនខ្លួនឯងដែលជាអ្នកបោះបង់ចោលឱកាសបញ្ចប់​សង្គ្រាមក្នុងរយៈពេល៣ឆ្នាំមកនេះ។

លោក ត្រាំ បញ្ជាក់យ៉ាងច្បាស់ថា​ «ខ្ញុំខកចិត្តមែនទែនចំពោះអ្វីដែលបានកើតឡើង ខ្ញុំមើលរឿងនេះបីឆ្នាំហើយ ហើយខ្ញុំឮថា ពួកគេតូចចិត្តដែលគ្មានកៅអីក្នុងកិច្ចពិភាក្សា។ តាមពិតពួកគេមានកៅអីបីឆ្នាំហើយ ហើយមានមុននោះយូរទៀតផង ពួកគេអាចដោះស្រាយជម្លោះយ៉ាងស្រួលកាលពីប៉ុន្មានឆ្នាំមុន ទាំងមិនបាច់អស់ដីច្រើនដូចឥឡូវ និងមិនបាច់ស្លាប់មនុស្សនិងបាត់ទីក្រុង»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

លុះមកដល់ថ្ងៃពុធ លោកហ្សេលេនស្គី បានវាយបកទៅវិញ ដោយអះអាងថា ប្រជាជនអ៊ុយក្រែនសឹងមួយប្រទេសនៅតែជឿជាក់លើការដឹកនាំរបស់គាត់ និងបន្ទោសថា អាមេរិកកំពុងទទួលបានព័ត៌មានមិនពិតដែលផ្សាយចេញពី​រុស្ស៊ី ហើយសង្កត់ធ្ងន់ថា បច្ចុប្បន្ន គ្មាននរណាអាចជំនួសគាត់ដឹកនាំអ៊ុយក្រែនបានទេ។

រឿងកាន់តែក្តៅគគុកនៅពេលប្រមុខសេតវិមានហៅលោក ហ្សេលេនស្គី ថាជាជនផ្តាច់ការដែលគ្មានការបោះឆ្នោត​ ហើយ​យក​ជំនួយអាមេរិកទៅប្រើខុសផ្លូវ។ ក្នុងសារបង្ហោះបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក​បានរិះគន់លោក ហ្សេលេនស្គី ចំៗថា មេដឹកនាំអ៊ុយក្រែន បានពិភាក្សាជាមួយសហរដ្ឋអាមេរិកឲ្យចំណាយប្រាក់ចំនួន៣៥០ពាន់លានដុល្លារ យកទៅជះក្នុងសង្រ្គាមដែលមិនអាចឈ្នះបាន។ ហ្សេលេនស្គី បដិសេធ​ការ​បោះ​ឆ្នោត គាត់ជាមេដឹកនាំផ្តាច់ការដោយគ្មានការបោះឆ្នោត។ យល់ល្អ ហ្សេលេនស្គី គួរចេញឲ្យលឿនបើមិនដូច្នោះ គាត់គ្មាននៅសល់ប្រទេសទេ។

សូមបញ្ជាក់ ចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧មក រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ​តែង​ដាក់គំនាបលើអ៊ុយក្រែន ហើយបន្ទន់ជំហរចំពោះប្រទេសរុស្ស៊ី។ ជាក់ស្តែងរដ្ឋបាលថ្មីនេះ តែងតែវាយប្រហារលោកហ្សេលេនស្គី និងសម្ព័ន្ធមិត្តអឺរ៉ុប ហើយងាកទៅស្តារទំនាក់ទំនងជាមួយទីក្រុងមូស្គូវិញ។ ដូច្នេះហើយ ទើបគេប៉ាន់ស្មានថា អាមេរិកកំពុងឈរខាងរុស្ស៊ី ក្នុងសង្គ្រាមអ៊ុយក្រែន ហើយអាចបញ្ចប់ជម្លោះនៅក្នុងអាណត្តិលោក ត្រាំនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ថា គឺ អ៊ុយក្រែន​ខ្លួនឯង ដែលជាអ្នកបោះបង់ចោលឱកាសបញ្ចប់សង្គ្រាម ៣ឆ្នាំមកនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម