លោក Trump ៖ លោក Biden មិនគួរអះអាងដោយខុសថា ខ្លួនទទួលបានជ័យជម្នះក្នុងការបោះឆ្នោតឡើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

លោក Trump ៖ លោក Biden មិនគួរអះអាងដោយខុសថា ខ្លួនទទួលបានជ័យជម្នះក្នុងការបោះឆ្នោតឡើយ

Published

on

លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា បានប្រាប់គូប្រជែងលោក Joe Biden មិនត្រូវអះអាងដោយខុសទាំងស្រុងពីជ័យជម្នះរបស់ខ្លួននោះទេ ខណៈបច្ចុប្បន្នសម្លេងបោះឆ្នោតនៃគណបក្សប្រជាធិបតេយ្យរបស់លោក Biden បាននាំមុខដែលមិនអាចប្រកែកបាន ។

លោក Trump បានសរសេរលើបណ្ដាញ Twitter ថា “លោក Joe Biden មិនគួរអះអាងដោយខុសទាំងស្រុងថាគាត់ជាប្រធានាធិបតីនោះទេ។ ខ្ញុំក៏អាចអះអាងបែបនោះបានដែរ ។ នីតិវិធីច្បាប់កំពុងតែចាប់ផ្តើមហើយ! ” ។

ទន្ទឹមនោះលោក Trump ផ្ទាល់ក៏ធ្លាប់បានអះអាងម្តងហើយម្តងទៀតផងដែរថា លោកបានឈ្នះការបោះឆ្នោតកាលពីថ្ងៃអង្គារ ខណៈលទ្ធផលរាប់សន្លឹកឆ្នោតបណ្ដោះអាសន្នពេលនោះចង្អុលបង្ហាញថា លោកអាចនឹងក្លាយជាប្រធានាធិបតីមួយអាណត្តិទៀត ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយតាមរយៈសេតវិមានកាលពីព្រឹកថ្ងៃសុក្របានឲ្យដឹងថា លោក Trump បានប្តេជ្ញាបន្តការតស៊ូតាមនីតិវិធីផ្លូវច្បាប់របស់គាត់ដដែល ។

លោកបាននិយាយថា “យើងនឹងបន្តដំណើរការនីតិវិធីនេះតាមគ្រប់ផ្នែកនៃច្បាប់ដើម្បីធានាដល់ប្រជាជនអាមេរិកមានទំនុកចិត្តលើរដ្ឋាភិបាលរបស់យើង ។ ខ្ញុំនឹងមិនបោះបង់ចោលការតស៊ូដើម្បីអ្នក និងប្រទេសជាតិរបស់យើងឡើយ” ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះលោក Joe Biden ដែលមកពីគណបក្សប្រជាធិបតេយ្យនៅតែបន្តនាំមុខលោក Donald Trump ក្នុងសម្លេងអ្នកបោះឆ្នោតតំណាង ២៦៤ ទល់នឹង ២១៤ ខណៈនៅសល់រដ្ឋចំនួន ៥ ទៀតនៅតែមិនទាន់ប្រកាសលទ្ធផល ហើយដែលអ្នកទទួលបានសម្លេង ២៧០ នឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ AFP

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services