ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ូធី ប្រកាសសង្គ្រាមជាមួយ អាមេរិក
ក្រុមហ៊ូធី បានប្រកាសសង្គ្រាមជាមួយអាមេរិក ដោយខ្លួននឹងចូលជួយទីក្រុងតេហេរ៉ង់ ក្នុងការប្រយុទ្ធបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បើកប្រតិបត្តិការ Midnight Hammer វាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣កន្លែង។

ក្នុងសេចក្តីប្រកាសកាលពីថ្ងៃអាទិត្យទី២២ខែមិថុនាឆ្នាំ២០២៥ អ្នកនាំពាក្យចលនាប្រដាប់អាវុធមានមូលដ្ឋាននៅប្រទេសយេម៉ែនមួយនេះ គឺលោក Yahya Saree និយាយថា «យេម៉ែន បានចូលរួមជាផ្លូវការហើយក្នុងសង្គ្រាមជាមួយអាមេរិកនិងអ៊ីស្រាអែល។ សូមយកនាវារបស់អ្នក ទៅដាក់ឲ្យឆ្ងាយពីដែនទឹករបស់យើង»។
ហ៊ូធីគឺជាសមាជិកនៃក្រុម «Axis of Resistance» ដែលមានការឧបត្ថម្ភ ផ្គត់ផ្គង់និងគាំទ្រពីសំណាក់អ៊ីរ៉ង់ ហើយតែងប្រឆាំងជានិច្ចចំពោះសកម្មភាពអាមេរិកនិងអ៊ីស្រាអែលនៅតំបន់មជ្ឈិមបូព៌ា។

ជាក់ស្តែង ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ផ្ទុះឡើងនៅប៉ាឡេស្ទីនក្នុងខែតុលាឆ្នាំ២០២៣មក ក្រុមហ៊ូធី បានវាយប្រហារមិនដកដៃលើកប៉ាល់ពាណិជ្ជកម្មនិងនាវាចម្បាំង នៅសមុទ្រក្រហម។
ក្រុមហ៊ូធី បានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយត្រូវគេស្គាល់ជាផ្លូវការថា Ansar Allah (អ្នកគាំទ្រព្រះអាឡស់)។ ដើមឡើយ ពួកគេគឺជាចលនាស្តារវប្បធម៌និកាយ Zaydi នៃសាសនាឥស្លាម។ គិតត្រឹមឆ្នាំ២០២២ ប្រជាជនយេម៉ែនប្រហែល៣៥%គឺកាន់និកាយ Zaydi។

ដោយមានការគាំទ្រពីអ៊ីរ៉ង់ ក្រុមហ៊ូធីបានចាប់ផ្តើមយុទ្ធនាការមួយក្នុងឆ្នាំ២០១១ ប្រឆាំងរដ្ឋាភិបាលរបស់ប្រធានាធិបតី Abd-Rabbu Mansour Hadi បញ្ឆេះឲ្យមានសង្រ្គាមស៊ីវិលបង្ហូរឈាម ដែលអូសបន្លាយមកដល់សព្វថ្ងៃនេះ។
ក្រោយមក ហ៊ូធីបានចងសម្ព័ន្ធភាពជាមួយកងកម្លាំងរបស់អតីតប្រធានាធិបតី Ali Abdullah Saleh ដែលគ្រប់គ្រងរដ្ឋធានី សាណា និងខេត្តជាច្រើននៅភាគខាងជើងប្រទេសយេម៉ែន បង្ខំឲ្យប្រធានាធិបតី Hadi ភៀសខ្លួនទៅក្រៅប្រទេស។

ក្រុមហ៊ូធី មានកម្លាំងយោធាយ៉ាងធំសម្បើម ដោយមានយុទ្ធជនប្រមាណ ៣៥០ ០០០នាក់និងឃ្លាំងអាវុធចម្រុះរាប់ចាប់ពីមីស៊ីលបាលិស្ទិកនិងមីស៊ីលគ្រូស ដល់យន្តហោះគ្មានមនុស្សបើក។
ក្នុងចំណោមអាវុធដ៏មានឥទ្ធិពលបំផុតរបស់ក្រុមនេះ គឺមីស៊ីលបាលិស្ទិក Typhoon ដែលស្រដៀងទៅនឹងមីស៊ីល Qadr ផលិតដោយអ៊ីរ៉ង់ មានរយៈចម្ងាយហោះហើរពី ១ ៦០០ ទៅ ១ ៩០០គីឡូម៉ែត្រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេទ័ពអ៊ីរ៉ង់ ចេញមុខគំរាមសងសឹកអាមេរិក ជាមួយកម្លាំងដ៏ខ្លាំងបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


