Connect with us

ព័ត៌មានអន្ដរជាតិ

UN ព្រមានពិភពលោកត្រូវតែសម្របខ្លួនទៅនឹងរលកកម្ដៅកាន់តែខ្លាំង

បានផុស

នៅ

ស្របពេលដែលប្រទេសជាច្រើននៅទ្វីបអឺរ៉ុបប្រឈមនឹងសីតុណ្ហភាពខ្ពស់ខុសពីធម្មតា ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្រមានថា រលកកម្ដៅកំពុងក្លាយជាទន្លាប់​ថ្មីមួយដែលពិភពលោកត្រូវតែសម្របខ្លួន។ នេះបើយោងតាមកាចេញផ្សាយរបស់សារព័ត៌មាន​ CNA នៅថ្ងៃទី០២ខែកក្កដានេះ។

អ្នក​ទេសចរ​ឈរ​នៅ​ពី​មុខ​កង្ហារ​ត្រជាក់​ដែល​បាន​ដំឡើង​ក្នុង​អំឡុង​ពេល​រលក​កម្ដៅ​ខ្លាំងក្នុង​ទីក្រុង Rome ប្រទេស​អ៊ីតាលី។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី០១ ខែកក្កដា អង្គការឧតុនិយមពិភពលោក (WMO) បានសង្កត់ធ្ងន់ថា ដោយសារការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស រលកកម្ដៅនឹងកើតឡើងញឹកញាប់ និងកាន់តែខ្លាំង ដោយជំរុញឱ្យមានការសម្របខ្លួន និងការត្រៀមខ្លួនជាសកល។

អ្នកនាំពាក្យ WMO លោកស្រី Clare Nullis បានពន្យល់ថា ទោះបីខែកក្កដាជាធម្មតាជាខែដែលក្តៅបំផុតនៅអឌ្ឍគោលខាងជើង តែសីតុណ្ហភាពខ្ពស់ខ្លាំង​នៅឆ្នាំនេះគឺគួរឱ្យព្រួយបារម្ភ។ លោកស្រីបានហៅកម្ដៅខ្លាំងនេះថាជា «ឃាតកលាក់មុខ» ដែលជារឿយៗត្រូវបានបង្ហាញតិចតួចនៅក្នុងចំនួនអ្នកស្លាប់ជាផ្លូវការ។

(រូបភាព៖ UNICEF)

រលកកម្ដៅបច្ចុប្បន្ននៅអឺរ៉ុបខាងលិចកំពុងបង្កឡើងដោយប្រព័ន្ធអាកាសធាតុដ៏ខ្លាំងមួយដែលកំពុងរុញខ្យល់ក្តៅចេញពីអាហ្វ្រិកខាងជើង។ កម្ដៅនេះកាន់តែអាក្រក់ទៅៗ ដោយសារសមុទ្រមេឌីទែរ៉ាណេក្តៅជាងធម្មតា។ នៅតាមទីក្រុងនានា បញ្ហាកាន់តែ​យ៉ាប់យឺន​ទៅៗ ដោយសារអគារ និងផ្លូវថ្នល់ដែលស្រូបកម្ដៅខ្លាំង នាំឱ្យវាកាន់តែក្តៅជាងមុន។ ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បាននិយាយថា កម្ដៅ​បែបនេះនឹងបន្តកើតមានញឹកញាប់ និងកាន់តែអាក្រក់​នាពេលអនាគត។

ទន្ទឹមនឹងនេះ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម កំពុងជួយនៅទូទាំងទ្វីបអឺរ៉ុប តាមរយៈការចែកទឹក និងពិនិត្យសុខភាពមនុស្សដែលមានហានិភ័យបំផុត ដូចជាមនុស្សចាស់ អ្នកគ្មានផ្ទះសម្បែង និងអ្នកដែលធ្វើការនៅខាងក្រៅជាដើម។ ជាការណែនាំអង្គការជំនួយទាំងនេះ​បាន​និយាយ​ថា ក​ម្ដៅ​មិន​​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ ប្រសិនបើ​មនុស្ស​បាន​ត្រៀម​ខ្លួន និង​ធ្វើ​សកម្មភាព​ទាន់​ពេល៕

(រូបភាព៖ KT)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម