Connect with us

ព័ត៌មានអន្ដរជាតិ

បេសកជនអាមេរិក Witkoff ទៅ​ដល់​រុស្ស៊ី សម្រាប់កិច្ចពិភាក្សាមុន​ឱសានវាទរបស់​លោក ត្រាំ

បានផុស

នៅ

បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បានទៅ​ដល់ទីក្រុងមូស្គូ​នៅ​ថ្ងៃ​ពុធ​ទី​៦​ខែ​សីហា​ឆ្នាំ​២០២៥ ហើយត្រូវបានស្វាគមន៍ដោយបេសកជនវិនិយោគរបស់រុស្ស៊ី លោក Kirill Dmitriev។ នេះបើយោងតាម​ប្រភព​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Steve Witkoff (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចនេះ កើតឡើងប៉ុន្មានថ្ងៃមុន​ឱសានវាទ​​​៨​សីហា​កំណត់ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានព្រមានថា រុស្ស៊ីនឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មថ្មីយ៉ាងខ្លាំង បើខ្លួនមិនយល់ព្រមចំពោះបទឈប់បាញ់នៅអ៊ុយក្រែន។

ដំណើរទស្សនកិច្ចរបស់​លោក Witkoff គឺជាផ្នែកមួយនៃការជំរុញការទូតនៅនាទីចុងក្រោយដោយសេតវិមាន ដើម្បីបញ្ចប់សង្រ្គាម​ដែល​អូសបន្លាយ​ជាង​៣​ឆ្នាំ។ វិមានក្រឹមឡាំងបាននិយាយនៅដើមសប្តាហ៍នេះថា ខ្លួនមិនបានច្រានចោលលទ្ធភាពនៃកិច្ចប្រជុំទល់មុខគ្នារវាងលោក Witkoff និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នោះទេ។

ប្រភពរបស់សហរដ្ឋអាមេរិកដែលដឹងពីផែនការនេះ បានប្រាប់ Reuters ថា លោក Witkoff ត្រូវបានគេរំពឹងថានឹងជួបជាមួយមេដឹកនាំរុស្ស៊ីក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់។ ទោះ​យ៉ាង​ណា​ព័ត៌មាន​លម្អិត​នៃ​កាលវិភាគ​របស់​គាត់​មិន​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ។

លោកប្រធានាធិបតី ត្រាំ បានសន្យាថានឹងដាក់ទណ្ឌកម្មថ្មី ប្រសិនបើទីក្រុងមូស្គូមិនបំពេញតាមកាលកំណត់បទឈប់បាញ់។ ទណ្ឌកម្មនេះ ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលការយកពន្ធធ្ងន់ទៅលើប្រទេសដែលបន្តទិញប្រេងពីរុស្ស៊ី ជាពិសេសឥណ្ឌា និងចិន ក៏ដូចជាការរឹតបន្តឹងសក្តានុពលលើការនាំចេញឧស្ម័ន និងអ៊ុយរ៉ាញ៉ូមរបស់រុស្ស៊ីផងដែរ។

លោក Gerhard Mangott អ្នកជំនាញគោលនយោបាយការបរទេសអូទ្រីស ដែលបានជួបជាមួយលោក ពូទីន នាពេលកន្លងមក បាននិយាយថា «ដំណើរទស្សនកិច្ចរបស់លោក Witkoff គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ភាគីទាំងពីរ។ ប៉ុន្តែខ្ញុំមិនគិតថានឹងមានការសម្របសម្រួលដ៏មានអត្ថន័យនោះទេ។ រុស្ស៊ីនឹងទទូចឲ្យមានការឈប់បាញ់ក្រោមលក្ខខណ្ឌដែលខ្លួនបាននិយាយម្តងហើយម្តងទៀត ក្នុងរយៈពេល ២ ឬ ៣​ឆ្នាំកន្លងមកនេះ»។

ចំណែក​ឯ​ប្រភព​ចំនួន​បី​ផ្សេង​ទៀត​​ដែលជិតស្និទ្ធ​នឹងវិមានក្រឹមឡាំង ក៏​បានប្រាប់ Reuters ដែរ​ថា លោក ពូទីន ទំនងជាមិនគោរពតាមឱសានវាទរបស់លោក ត្រាំ ទេ។ ពួកគេនិយាយថា មេដឹកនាំរុស្ស៊ីជឿថា គាត់កំពុងទទួលបាន​ទឹក​ដីនៅក្នុងសង្រ្គាម ហើយមិនមានឆន្ទៈលះបង់គោលបំណងយោធា សម្រាប់ការធ្វើ​ឲ្យ​ប្រសើរឡើងនូវទំនាក់ទំនងជាមួយលោកខាងលិចនោះឡើយ៕

លោក វ៉្លាឌីមៀរ ពូទីន និង​លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖ លោក ត្រាំ៖ ពូទីននឹង​ឈប់សម្លាប់មនុស្ស បើប្រេងធ្លាក់ថ្លៃ១០ដុល្លារទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម