Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន បង្ហោះវីដេអូផ្ទុភ្នំភ្លើងជា AI ដើម្បីព្រមានពលរដ្ឋឲ្យត្រៀមខ្លួន

បានផុស

នៅ

រដ្ឋាភិបាលរបស់ប្រទេសជប៉ុន នៅថ្ងៃទី ២៨ ខែសីហានេះ បានចេញផ្សាយការក្លែងធ្វើបញ្ញាសិប្បនិម្មិត (AI) នៃការផ្ទុះភ្នំភ្លើង Fuji ជាការព្រមានដល់អ្នករស់នៅទីក្រុងតូក្យូចំនួន ២០ លាននាក់ឲ្យចេះត្រៀមខ្លួនទុកមុន និងដឹងពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ដែលអាចបណ្តាលមកពីផេះគ្របដណ្តប់ក្នុងរយៈពេល២ម៉ោង ។

រូបភាព៖AI

យោងតាមសារព័ត៌មាន CNN បានបញ្ចាក់ថា ទីភ្នាក់ងារការពារគ្រោះមហន្តរាយរបស់រដ្ឋាភិបាលទីក្រុងតូក្យូបានបញ្ចេញនូវវីដេអូមួយ បង្ហាញអំពីព្រឹត្តិការណ៍ដែលអាចកើតឡើងដោយមិននឹកស្មានដល់ ហើយឃ្លិបនេះបានប្រើ AI ដើម្បីក្លែងធ្វើការខូចខាត បណ្តាលមកពីការផ្ទុះភ្នំ Fuji និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​បែបនេះ ប្រសិបើបើវាផ្ទុះពិតមែន។

រដ្ឋាភិបាលបានបញ្ជាក់ថា ប្រសិនបើការផ្ទុះទ្រង់ទ្រាយធំកើតឡើង ផេះភ្នំភ្លើងប្រហែល ១.៧ ពាន់លានម៉ែត្រគូប (៦០ពាន់លានហ្វីតគូប) ដែលនៅក្នុងនោះប្រហែល ៤៩០ លានម៉ែត្រគូប នឹងត្រូវបញ្ចេញ ហើយគេរំពឹងថានឹងកកកុញនៅលើផ្លូវថ្នល់ អគារ និងតំបន់ដីផ្សេងទៀត ដែលទាមទារឲ្យមានការជួសជុលកែលម្អឡើងវិញ។ ជាងនេះ គំនរផេះអាចបណ្តាលឲ្យផ្ទះឈើទាបៗដួលរលំ ឬឆាបឆេះឡើងមកភ្លាមៗ។

លើសពីនេះទៀតដែរ ការខាតបង់សេដ្ឋកិច្ចពីការផ្ទុះភ្នំ Fuji ត្រូវបានគេប៉ាន់ប្រមាណថាមានរហូតដល់ ២.៥ ពាន់ពាន់លានយ៉េន (១៦.៦ ពាន់លានដុល្លារ)។ សូម្បីតែផេះភ្នំភ្លើងដែលកកកុញតិចតួចក៏អាចបញ្ឈប់រថភ្លើងមិនឲ្យរត់បានដែរ ហើយប្រសិនបើភ្លៀងធ្លាក់ទៀតនោះ ផេះដែលកកកុញដល់ជម្រៅលើសពី៣ សង់ទីម៉ែត្រ អាចធ្វើឲ្យផ្លូវមិនអាចធ្វើដំណើរសម្រាប់យានយន្តបានឡើយ។

ថ្វីដ្បិតតែ មិនមានរបាយការណ៍អំពីការផ្ទុះភ្នំភ្លើង Fuji ដែលនឹងជិតមកដល់ក៏ពិតមែន ប៉ុន្តែភ្នំ Fuji គឺជាភ្នំភ្លើងសកម្មដែលមានប្រវត្តិនៃការផ្ទុះក្នុងរយៈពេល ១,០០០ ឆ្នាំកន្លងមកនេះ ហើយការផ្ទុះចុងក្រោយបានកើតឡើង ៣១៨ ឆ្នាំមុនមកម៉្លេះ។

ទោះជាយ៉ាងណាក៏ដោយ នេះ​ក៏មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​រដ្ឋាភិបាលប្រទេស​ជប៉ុន​ ចេញ​ការ​ព្រមាន​បែប​នេះដល់ប្រជាជន។ កាលពីខែមីនា រដ្ឋាភិបាលបានណែនាំប្រជាជនឲ្យស្តុកទុកនូវការផ្គត់ផ្គង់ និងស្បៀងអាហារដែលមានតម្លៃពីរសប្តាហ៍ក្នុងករណីមានការផ្ទុះ។ ជាពិសេស ដោយសារតែ​ជប៉ុន​ស្ថិតនៅលើខ្សែបន្ទាត់ Ring of Fire ដែលជាតំបន់នៃការរញ្ជួយដីញឹកញាប់ និងសកម្មភាពភ្នំភ្លើងផ្ទុះខ្លាំងនៅសងខាងនៃមហាសមុទ្រប៉ាស៊ីហ្វិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារា​ចម្រៀងកូរ៉េម្នាក់ ​កំពុងស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស ​ពី​បទ​ប្រើ​គ្រឿង​ញៀន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម