តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺខ្សោយបេះដូង? – Kampuchea Thmey Daily
Connect with us

សុខភាព

តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺខ្សោយបេះដូង?

Published

on

ជំងឺ​ខ្សោយ​បេះដូង ឬ​ជំងឺបេះដូងខ្សោយ (Heart Failure) មិន​មានន័យថា បេះដូង​របស់​យើង​ឈប់​ដើរ​នោះ​ទេ។ ជំងឺ​ខ្សោយបេះដូង ឬ​ជំងឺ​បេះដូងខ្សោយ គឺ​ជា​ការ​ចុះខ្សោយ​នូវ​សមត្ថភាព​របស់​បេះដូង​ក្នុង​ការ​ច្របាច់​បញ្ជូន​ឈាម​ឲ្យ​បានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងខ្លួនយើង។ ជំងឺ​នេះ​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​អាយុ គ្រប់​វ័យ ប៉ុន្តែ​ជា​ទៅ​ជំងឺ​នេះ​ច្រើន​កើត​លើ​មនុស្ស​ដែល​មាន​វ័យចំណាស់។

តើ​ជំងឺ​ខ្សោយ​បេះដូង ឬ​ជំងឺបេះដូងខ្សោយមានរោគសញ្ញាដូចម្តេចខ្លះ?
ជំងឺ​ខ្សោយ​បេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ មាន​រោគ​សញ្ញា​ចំបង​ដូចជា៖
– ហត់ដង្ហក់ ពិបាកដកដង្ហើមពេលធ្វើចលនា ពេលនៅស្ងៀម ឬពេលគេងផ្ងារ
– អស់កំលាំង ល្ហិតល្ហៃជារឿយៗ
– ហើមជើង​ទាំងសងខាង
– ញ័រ​ទ្រូង ឬ​ចង្វាក់បេះដូងលោតញាប់ជាងធម្មតា
– ក្អក​ជាប្រចាំ ឬដកដង្ហើមលឺសូរ “ងឺៗ” ហើយមានកំហាកពណ៌ស ឬពណ៌ផ្កាឈូក លាយ​ឈាម
រោគ​សញ្ញា​ទាំងនេះអាចកើតមានភ្លាមៗយ៉ាងស្រួចស្រាវ ឬកើតមានបន្តិចម្តងៗ អាស្រ័យ​ទៅ​តាម​មូលហេតុ និង​ស្ថានភាព​នៃ​ជំងឺ។

តើមូលហេតុអ្វីខ្លះដែលបណ្ដាល​ឲ្យ​កើតជំងឺ​ខ្សោយបេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ?
មូលហេតុដែលបណ្តាល​ឲ្យ​កើតជំងឺខ្សោយបេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ​មាន​ដូចជា៖
– ជំងឺស្ទះសរសៃ​ឈាម​បេះដូង និង​ស្លោក​សាច់​បេះដូង (Ischemic Heart Disease and Heart Attack)
– ជំងឺលើសឈាម ឬលើសសម្ពាធឈាម (Hypertension)
– ជំងឺខូចប្រើសបេះដូង (Valvular Heart Disease)
– ជំងឺវិបត្តិសាច់ដុំបេះដូង (Cardiomyopathy) និងរលាកសាច់ដុំបេះដូង (Myocarditis)
– ជំងឺវិបត្តិចង្វាក់បេះដូង (Arrhythmia) ដូចជា ជំងឺបេះដូងដើរលឿនខុសចង្វាក់ (Atrial Fibrillation)
– ជំងឺបេះដូងពីកំណើត (Congenital Heart Disease) ដូចជា ជំងឺបេះដូងចំហរ ថតខាងលើ (Atrial Septal Defect)
– ជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺអេដស៍ ជំងឺពកក។ល។

បើអ្នកសង្ស័យថាមានជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ តើអ្នកគួរធ្វើដូចម្តេច?
កាលបើអ្នកមានរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ខាងលើ គប្បី​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ គ្រូពេទ្យនឹងធ្វើការសួរនាំយ៉ាងល្អិតល្អន់ និងពិនិត្យរាងកាយជូនអ្នក ហើយព្រមទាំងអាចស្នើសុំការពិនិត្យ​អមវេជ្ជសាស្រ្ត មួយចំនួនទៀតដើម្បីធ្វើរោគវិនិច្ឆ័យ ថាតើ អ្នក​មាន​ជំងឺ​ខ្សោយ​បេះដូង ឬជំងឺបេះដូងខ្សោយឬទេ។

ការពិនិត្យអមវេជ្ជសាស្រ្តទាំងនោះរួមមាន៖
– ការថតសួត (Chest X-ray)
– ការពិនិត្យវាស់ចង្វាក់បេះដូង (ECG)
– ការពិនិត្យ អេកូបេះដូង (Echocardiography)
– ការពិនិត្យឈាម (Standard Blood Test)
– ការពិនិត្យអមវេជ្ជសាស្រ្តមួយចំនួនផ្សេងទៀត

តើត្រូវព្យាបាលជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយតាមវិធីណាខ្លះ?
បើសិនជាអ្នកត្រូវបានគ្រូពេទ្យរកឃើញថាអ្នកមានជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាអោយថ្នាំមួយចំនួនដល់អ្នក ក្នុងគោលបំណងព្យាបាលបន្ថយរោគសញ្ញារំខាន។ អ្វីដែលសំខាន់ជាងនេះទៅទៀត គ្រូពេទ្យនឹងស្វែងរកមូលហេតុដែលធ្វើឲ្យអ្នកកើតមានជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ ហើយគាត់នឹងព្យាបាលបំបាត់មូលហេតុនេះទៅតាមតថភាពជាក់ស្តែងរួមមាន ការប្រើប្រាស់ថ្នាំ ការឆ្លុះសរសៃឈាម ការវះកាត់ជាដើម។

តើមានវិធានការអ្វីខ្លះដើម្បីបង្ការជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?
គន្លឹះដ៏សំខាន់ក្នុងការបង្ការកុំអោយកើតមាន ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយហនិភ័យផ្សេងៗដែលនាំឲ្យកើតមានជំងឺនេះ។ ការកាត់បន្ថយហនិភ័យទាំងនេះតំរូវឲ្យយើងមានទំលាប់រស់នៅ ដែលនាំឲ្យមានសុខភាពល្អ និងការព្យាបាលបង្ការជំងឺដែលជាដើមហេតុនៃជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ។ ទំលាប់រស់នៅ ដែលនាំអោយមានសុខភាពល្អដើម្បីបង្ការជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានដូចជា៖
– ឈប់ពិសារបារី និងគ្រឿងស្រវឹង
– ព្យាលបាលជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ឬលើស សម្ពាធឈាមអោយ បានត្រឹមត្រូវ និងជាប់លាប់បំផុត
– ធ្វើលំហាត់ប្រាណអោយបានខ្ជាប់ខ្ជួន
– បរិភោគអាហារដែលនាំអោយមានសុខភាពល្អ ដូចជា បន្លែ និងត្រី
– រក្សាទំងន់អោយសមស្រប តាមការណែនាំនៃវេជ្ជសាស្ត្រ
– កាត់បន្ថយភាពស្ត្រេសតានតឹងអារម្មណ៍

អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើសំរាប់អ្នកជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ
អ្វីដែលគួរធ្វើមានដូចជា៖
– ត្រូវទទួលទានថ្នាំអោយបានទៀងទាត់ និងត្រឹមត្រូវតាមវេជ្ជបញ្ជា
– ត្រូវរក្សាទំងន់ឲ្យបានសមស្រប
– ត្រូវកាត់បន្ថយការបរិភោគអំបិល ជាតិប្រៃ និងបន្ថយការហូបជាតិទឹក តាមការណែនាំនៃគ្រូពេទ្យ
– ត្រូវស្វែងរកណាត់ជួបគ្រូពេទ្យ បើមានជារោគសញ្ញាមិនធម្មតា ឬធ្ងន់ធ្ងរកើតមានឡើង

អ្វីដែលមិនគួរធ្វើមានដូចជា៖
– មិនត្រូវភ្លេចការទទួលទានថ្នាំឡើយ
– មិនត្រូវពិសារបារី និងសេពគ្រឿងស្រវឹងឡើយ
– មិនត្រូវបញ្ឈប់ថ្នាំព្យបាលតាមចិត្តខ្លួនឯងឡើយ

“បើលោកអ្នកមានរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ខាងលើ សូមមេត្តាអញ្ជើញមកជួបពិភាក្សា ពិគ្រោះហយោបល់ជាមួយក្រុមគ្រូពេទ្យឯកទេស ជំនាញបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានរោគវិនិច្ឆ័យជាក់លាក់មួយ ជាមួយមធ្យោបាយពិនិត្យអមគ្លីនិកស៊ីជម្រៅ ឈានដល់ការផ្តល់ជូនវិធីសាស្ត្រព្យាបាល ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព ក្នុងទំនុកចិត្តខ្ពស់៕”

អត្ថបទ ៖ ឌី ប៊ុណ្ណារ៉ា

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម