ធ្វើដូចម្ដេចទើបអ្នកអាចទប់ស្កាត់បន្លែផ្លែឈើកុំឲ្យឆាប់ខូច ដើម្បីកុំឲ្យខ្ជះខ្ជាយប្រាក់ ហើយត្រូវទៅរកទិញអីវ៉ាន់រាល់ថ្ងៃ?
មុនមកដឹងពីវិធីរក្សាបន្លែផ្លែឈើឲ្យនៅស្រស់បានយូរ យើងសូមឲ្យអ្នកបានដឹងពីមូលហេតុ ដែលអ្នកតែងចំណាយប្រាក់ច្រើន ហើយតែងទម្លាប់ធ្វើវាជាប្រចាំថ្ងៃ។
តែងតែទម្លាប់បោះចោលអាហារឬបន្លែផ្លែឈើចោលសឹងរាល់ថ្ងៃ
វាអាចក្លាយជាទម្លាប់មួយជាប្រចាំ នៅពេលដែលអាហារឬបន្លែផ្លែឈើដែលនៅសល់ អ្នកតែងតែបោះវាចូលទៅក្នុងធុងសំរាមជារៀងរាល់ថ្ងៃ។ ព្រោះគ្រប់គ្នាសុទ្ធតែគិតថា ជារឿងតូចតាច បើគិតឲ្យដល់ទៅ គឺយើងកំពុងតែបំផ្លាញប្រាក់ និងខ្ជះខ្ជាយលើអាហារឥតដឹងខ្លួន។
ដូច្នេះតើគួរធ្វើយ៉ាងម៉េចចំពោះបន្លែ ឬអាហារដែលសល់ទាំងនោះ?
រក្សាទុកបន្លែ ឬផ្លែឈើទាំងអស់នៅកន្លែងតែមួយ វាជាការល្អ ប៉ុន្តែមានផ្លែឈើនិងបន្លែមួយចំនួនទៀត គឺទុំលឿន ហើយអាចបណ្ដាលឲ្យខូចព្រមគ្នា។
ដូច្នេះ ខាងក្រោមនេះ ជាគន្លឹះងាយៗ ដើម្បីរក្សាបន្លែនិងផ្លែឈើទាំងនោះទុកបានយូរថ្ងៃ៖
ចេកត្រូវដាក់ដាច់ដោយឡែកពីគ្នា ព្រោះចេកផ្ដល់នូវឧស្ម័នដែលគេហៅថាអេទីឡែន ដែលបណ្ដាលឱ្យផ្លែឈើដទៃទៀតទុំលឿន។
ជំនួសឱ្យការរក្សាទុកប៉េងប៉ោះនៅក្នុងថង់ប្លាស្ទិក ដែលអាចឱ្យវាខូចយ៉ាងឆាប់រហ័ស សូមរក្សាទុកវានៅនៅលើថាស ហើយយកក្រដាសកាតុងក្រាលជាទ្រនាប់។
ផ្សិតក៏ជាបន្លែមួយប្រភេទឆាប់រលួយ បើវាស្ថិតក្នុងប្លាស្ទិកយូរថ្ងៃ។ ដូច្នេះវិធីល្អត្រូវរក្សាទុកក្នុងថង់ក្រដាសពណ៌ត្នោតមួយប្រភេទ ដែលរកទិញបាននៅផ្សារទំនើប។ ថង់ក្រដាសពណ៌ត្នោតនឹងជួយរក្សាផ្សិត ឲ្យនៅបានស្រស់បានយូរ។
ខ្ញីក៏អាចស្ងួតនិងឆាប់ខូចដូចគ្នាដែរ សូមទុកវានៅក្នុងទូទឹកកកកម្រិតសីតុណ្ហភាពល្មម។
ទឹកដោះគោដែលបើកគម្របរួច ហើយទុកនៅមាត់ទ្វារទូទឹកកក អាចនឹងខូចកាន់តែលឿននៅពេលអ្នកបើកទ្វារទូទឹកកកច្រើនដង ហើយវានឹងចូលខ្យល់ធ្វើឲ្យឆាប់ខូច។ ទុកទឹកដោះគោនៅខាងក្នុងទូទឹកកក ដើម្បីរក្សាវាឱ្យត្រជាក់បំផុត។ ភាពត្រជាក់នឹងជួយឲ្យទឹកដោះគោនៅរក្សាក្លិន និងរសជាតិបានយូរ។
ផ្លែប៊័រមួយចំនួន អាចរក្សាវាបានយូរ បើសិនអ្នកយកទឹកក្រូចឆ្មារឬទឹកខ្មេះលាបពីលើផ្លែប៊័រ។
ការរក្សាទុកបន្លែរបស់អ្នក តាមរបៀបដ៏ល្អនេះ អាចធ្វើឱ្យអ្នកបានទទួលទានបន្លែស្រស់ មកធ្វើអាហារដែលមានសុខភាពល្អ។
ម៉្យាងទៀតវាក៏ជួយសន្សំប្រាក់បានមួយកម្រិតថែមទៀត ហើយអ្នកមិនចាំបាច់ធ្វើដំណើរទៅផ្សារច្រើនដង ក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ រឿងសំខាន់ៗ៤ យ៉ាងដែលគួរដឹងពី អាហារសមុទ្រ
ចុចអាន៖ តិចនិក រក្សាបន្លែ ផ្លែឈើ ឲ្យស្រស់បានយូរ