Connect with us

ព័ត៌មានជាតិ

ក្រុមនិស្សិតច្បាប់ ជាម្ចាស់ជ័យលាភី​ កម្មវិធីសវនាការប្រឌិតថ្នាក់ជាតិ “នីតិមនុស្សធម៌ឆ្នាំ២០២៥”

បានផុស

នៅ

ជ័យលាភីនៃកម្មវិធីប្រកួតសវនាការប្រឌិតថ្នាក់ជាតិ ស្តីពី “នីតិមនុស្សធម៌ឆ្នាំ២០២៥” ដែលទើបនឹងបិទបញ្ចប់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទៅលើក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។ ចំណែកចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងលេខ៣ បានទៅលើក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យបញ្ញាសាស្ដ្រ។ នេះបើតាមលទ្ធផលដែលប្រកាសនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីប្រកួតសវនាការប្រឌិតថ្នាក់ជាតិ ស្តីពី “នីតិមនុស្សធម៌ឆ្នាំ២០២៥” គឺជាការរៀបចំឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) រួមសហការរៀបចំដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។

តួយ៉ាង នេះជាការរៀបចំលើកទី៣ហើយ របស់ អ.វ.ត.ក. ដោយមានការចូលរួមពីក្រុមនិស្សិតច្បាប់ចំនួន ៨ក្រុម មកពីសាកលវិទ្យាល័យចំនួន៤ ហើយទើបបិទបញ្ចប់កាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ដល់និស្សិតជ័យលាភី លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីនៃអ.វ.ត.ក. បានសម្តែងនូវការសាទរចំពោះម្ចាស់ជ័យលាភី និងបានចាត់ទុកការប្រកួតសវនាការប្រឌិតថ្នាក់ជាតិ ស្តីពី នីតិមនុស្សធម៌អន្តរជាតិនេះ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ដែលក្រុមនិស្សិតអាចចាកចេញពីបន្ទប់រៀនមកអនុវត្តផ្ទាល់ក្នុងបន្ទប់សវនាការ។

ទន្ទឹមនេះ លោកក៏បានជំរុញឱ្យក្រុមជ័យលាភីបន្តពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមប្រកួតសវនាការប្រឌិតថ្នាក់តំបន់នៅពេលខាងមុខ ព្រមទាំងបានលើកទឹកចិត្តដល់និស្សិតដែលពុំបានទទួលជ័យលាភី ត្រូវប្រឹងប្រែងបន្ថែម ដើម្បីចូលរួមប្រកួតលើកក្រោយទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ ប្រធានរដ្ឋបាលស្ដីទីនៃអ.វ.ត.ក. បានលើកឡើងពីសាវតារ អ.វ.ត.ក. ថា គឺជាតុលាការកូនកាត់ដំបូងគេបង្អស់ដែលសម្រេចបាននូវដំណើរការកាត់សេចក្តីមួយប្រកបដោយយុត្តិធម៌ និងការផ្សះផ្សាជាតិ។ តួយ៉ាង សមិទ្ធផលនេះ ជាការរួមចំណែកយ៉ាងសំខាន់របស់ អ.វ.ត.ក. ក្នុងការលុបបំបាត់នូវវប្បធម៌និទណ្ឌភាព ដោយបានផ្តន្ទាទោសកម្រិតខ្ពស់បំផុតលើមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ ការចូលរួមក្នុងការរក្សាសន្តិភាព និងយុត្តិធម៌សង្គម។

លោកគូសបញ្ជាក់ទៀតថា “ដោយមើលឃើញពីសារសំខាន់នៃកេរដំណែលរបស់ អ.វ.ត.ក. រាជរដ្ឋាភិបាលកម្ពុជានឹងបង្កើតស្ថាបនអចិន្ត្រៃយិ៍មួយដើម្បីបន្តគ្រប់គ្រង និងថែរក្សាកេរដំណែលជាប្រវត្តិសាស្ត្ររបស់ អ.វ.ត.ក. នេះ សម្រាប់ទុកជាប្រយោជន៍ដល់កូនខ្មែរជំនាន់ក្រោយ និងប្រជាជនទូទាំងពិភពលោក ក្នុងការសិក្សាស្រាវជ្រាវទៅថ្ងៃ
អនាគត។ ជាមួយគ្នានេះដែរ ស្ថាប័នអចិន្ត្រៃយិ៍ដែលគ្រោងនឹងបង្កើតនេះ អាចនឹងបន្តកិច្ចសហការជាមួយ ICRC និងសាកលវិទ្យាល័យជាដៃគូទាំងអស់ ដើម្បីបន្តរៀបចំកម្មវិធីនេះនាពេលអនាគត ”។

សូមជម្រាបថា កម្មវិធីប្រកួតសវនាការប្រឌិតថ្នាក់ជាតិស្តីពីមនុស្សធម៌អន្តរជាតិឆ្នាំ២០២៥ នេះ គឺជាការរៀបចំលើកទី៣របស់ អ.វ.ត.ក. និងមានការចូលរួមពីក្រុមនិស្សិតច្បាប់ចំនួន៨ក្រុម មកពីសាកលវិទ្យាល័យចំនួន៤ ដែលរួមមាន​ សាកលវិទ្យាល័យជាតិគ្រប់គ្រង; សាកលវិទ្យាល័យបញ្ញាសាស្ដ្រ; សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ព្រមទាំងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ។

កម្មវិធីប្រកួតវិញ ប្រព្រឹត្តទៅចំនួនពីរថ្ងៃ គឺនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម