Connect with us

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គោរពនូវវីរភាពដ៏អង់អាចវីរកងទ័ពជួរមុខ ខណៈអ្នកជួរក្រោយតែងខ្វល់សុខទុក្ខ

បានផុស

នៅ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១ និងជាប្រធានកាយឫទ្ធិនារីកម្ពុជា នៅថ្ងៃទី១០ ខែធ្នូនេះ បានចេញសារ​ជូនចំពោះវីរយុទ្ធជន និងវីរយុទ្ធនារី នៃកងយោធពលខេមរភូមិន្ទគ្រប់រូប ដែលកំពុងមោះមុតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ពីការឈ្លានពានរបស់កងទ័ពថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសំណេរដ៏រំជួលចិត្ត ដោយពិតជាជ្រួតជ្រាបនូវទុក្ខលំបាក និងការពលី របស់វីរកងទ័ពការពារជាតិ លោកជំទាវបណ្ឌិត រៀបរាប់ថា “ជូនចំពោះ វីរយុទ្ធជន និងវីរយុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ជាទីគោរព ​ក្នុងពេលដែលពួកយើងកំពុងដេកលក់យ៉ាងស្កប់ស្កល់ក្រោមដំបូលផ្ទះដ៏កក់ក្តៅ ពួកយើងដឹងថា នៅទីនោះ… នៅតាមព្រំដែន ក្នុងព្រៃជ្រៅ កណ្តាលភ្លៀងផ្គរ ឬក្រោមកម្ដៅថ្ងៃដ៏រលាក បងប្អូនកំពុងឈរយ៉ាងរឹងមាំ ដោយយកសាច់ស្រស់ និងឈាមស្រស់ ធ្វើជារបងការពារមាតុភូមិមួយនេះ។

លោកជំទាវបណ្ឌិតបន្តថា “​ពាក្យថា «ការពារជាតិ» សម្រាប់ពួកយើង គឺគ្រាន់តែជាពាក្យនិយាយ តែសម្រាប់បងប្អូន វាគឺជា «ការលះបង់» ដ៏ធំធេងបំផុត។ បងប្អូនសុខចិត្តឃ្លាតឆ្ងាយពីក្រុមគ្រួសារ ឆ្ងាយពីប្រពន្ធកូន និងឪពុកម្តាយ ដើម្បីមកថែរក្សាសុខសន្តិភាពឱ្យប្រជាជនរាប់លាននាក់”។

បុព្វហេតុនេះ លោកជំទាវបណ្ឌិត ក៏មិនខុសពីប្រជាជាតិខ្មែរនោះដែរ គឺពិតជាបានឃើញ ដោយគូសបញ្ជាក់ថា “រាល់ដំណក់ញើសដែលហូរចុះ គឺជាតម្លៃនៃសេចក្តីសុខសាន្តរបស់ជាតិ ហើយរាល់ជំហានដែលបងប្អូនដើរល្បាត គឺជាការធានានូវបូរណភាពទឹកដីនៃកម្ពុជា”។

ដោយហេតុនេះ ក្រៅពីយកចិត្តទុកដាក់លើគ្រួសារវីរយុទ្ធជនហើយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏ពាំនាំការយកទុកដាក់ដល់វីរកងទ័ពជួរមុខតាមរយៈសារនេះថា  “​សូមកុំមានអារម្មណ៍ថាឯកា! ទោះបីជាបងប្អូននៅឆ្ងាយ ប៉ុន្តែបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប គឺនៅក្បែរបងប្អូនជានិច្ច”។ 

ទន្ទឹមនេះ លោកជំទាវបណ្ឌិត តំណាងឱ្យខ្មែរទូទាំងប្រទេស “សូមឱនកាយគោរពចំពោះវីរភាពដ៏អង់អាចក្លាហាន និងសូមចងចាំទុកនូវគុណបំណាច់ដ៏ថ្លៃថ្លានេះនៅក្នុងក្រអៅបេះដូងជារៀងរហូត។ ​សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រលឹងដូនតា និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា បងប្អូនកងទ័ពទាំងអស់ ឱ្យជួបតែសុខសុវត្ថិភាព ឈ្នះអស់មារសត្រូវ និងត្រឡប់មកជួបជុំគ្រួសារវិញដោយស្នាមញញឹមនៃជ័យជម្នះ។ ​អ្នកគឺជាវីរបុរសក្នុងបេះដូងពួកយើង”៕

បើតាមក្រសួងការពារជាតិថ្ងៃទី១១ធ្នូនេះ បញ្ជាក់ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃបានបើកការបាញ់ប្រហារ ក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ តំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១១ ខែធ្នូ បាន. ២០២៥។ ម៉ោង១០៖០៦នាទី យោធាថៃបានបើកការវាយប្រហារមុនមកលើ ទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ក្នុងតំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់។ កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពានយ៉ាងស្វិតស្វាញ់ និងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលបានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ១០នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន ៦០ នាក់។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ 

កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម