Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០២៦

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ ២០២៦ នេះ រដ្ឋបាល​ខេត្ត​សៀមរាប បាន​បើក​អង្គ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០២៥ និង​លើក​យុទ្ធសាស្ត្រ​អនុវត្ត​បន្ត​ឆ្នាំ ២០២៦ ដើម្បី​បន្ត​ពង្រឹង​សុវត្ថិភាព​សេវា​សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គ​សន្និបាត​នេះ ក្រោម​អធិបតីភាព​លោក លី សំរិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប និង​លោក ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប ដោយ​មាន​ការ​ចូលរួម​ពី ឯកឧត្ដម លោកជំទាវ ជា​សមាជិក-សមាជិកា​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ជា​គណៈ​អភិបាល​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ទីចាត់ការ អង្គភាព​ចំណុះ​សាលា​ខេត្ត ស្នងការ មេបញ្ជាការ បញ្ជាការ​រង មន្ត្រីរាជការ រដ្ឋបាល​ក្រុង-ស្រុក ក្រុមប្រឹក្សា​ឃុំ-សង្កាត់ តំណាង​អង្គការ​សង្គម​ស៊ីវិល ជា​សមាជិក-សមាជិកា​អង្គ​សន្និបាត​ចូលរួម​ប្រមាណ​ជា ៧០០ នាក់។

លោក លី សំរិទ្ធ លើក​ឡើង​ថា កម្មវិធី​បាន​កំពុង​ប្រព្រឹត្ត​នា​ពេលនេះ ក្នុង​គោលបំណង​សំខាន់​លើ​ការ​ឆ្លុះ​បញ្ចាំង និង​ការ​បង្ហាញ​អំពី​លទ្ធផល សមិទ្ធផល​ដែល​រដ្ឋបាល​ខេត្ត​សៀមរាប​សម្រេច​បាន​ក្នុង​ឆ្នាំ ២០២៥ ព្រមទាំង​ធ្វើការ​រំលេច​នូវ​បញ្ហា​ប្រឈម​ដែល​បាន​ជួបប្រទះ​ក្នុង​ឆ្នាំ ២០២៥ ចំពោះ​ការងារ​ដែល​បាន​អនុវត្ត​នូវ​តួនាទី ភារកិច្ច​របស់​មន្ទីរ អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ដែល​បាន​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ។

លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត គូស​បញ្ជាក់​ថា ទោះបី​ស្ថានភាព នៃ​ការ​កើតឡើង​នៅ​តាម​បណ្ដោយ​ព្រំដែន​មាន​សភាព​ធូរស្រាល​បន្តិច នៅ​ក្រោយ​កិច្ចព្រមព្រៀង​ការ​ឈប់​បាញ់ កាលពី​ថ្ងៃ​ទី ២៧ ខែ​ធ្នូ ឆ្នាំ ២០២៥ នោះ ក៏ប៉ុន្តែ​ចំពោះ​ផលវិបាក​ដែល​បាន​បន្សល់ទុក​នៅតែ​ជា​បញ្ហា​អាទិភាព ដែល​​ត្រូវ​រួមគ្នា​ក្នុង​ការ​ដោះស្រាយ ក្នុង​ស្មារតី​ នៃ​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​តែមួយ។

លោក​ក៏បាន​បន្ត​ទៀត​ថា ថ្វីបើ​ជនភៀសសឹក​មួយ​ចំនួន​បាន​វិល​ទៅកាន់​ភូមិឋាន​របស់​ខ្លួន​មួយ​ចំនួន តែ​ពលរដ្ឋ​ភៀស​សឹក​ដែល​រងគ្រោះ​ដោយ​ផ្ទះសម្បែង​ពួកគាត់​ត្រូវ​សត្រូវ​ឈ្លានពាន​បាន​បំផ្លិចបំផ្លាញ​ក្នុង​ភូមិឋាន​របស់​ខ្លួន ដែល​បន្សល់​ទៅ​ដោយ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​ក្រុម​កងកម្លាំង​ស៊ីម៉ាក់​មិន​ទាន់​បាន​បោស​សម្អាត​នោះ និង ជា​តំបន់​ផុយ​ស្រួយ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ក៏​មិនទាន់​អនុញ្ញាត​ឲ្យ​ពួកគាត់​ចូល​ទៅ​រស់នៅ ហើយ​ពួកគាត់​បាន​បន្ត​ស្នាក់នៅ​តាម​មណ្ឌល​សុវត្ថិភាព និង​ផ្ទះ​បងប្អូន​ផង​ដែរ។

ក្នុងនោះ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​សប្បុរសជន​ជាតិ-អន្តរជាតិ ដែល​បាន​ចូលរួម​បរិច្ចាគ​នូវ​ធនធាន សម្ភារៈ ស្បៀងអាហារ ជូន​ដល់​វីរ​កងទ័ព នគរបាល​ជាតិ ដែល​កំពុង​ឈរជើង​ការពារ បូរណភាព​ទឹកដី តាម​ខ្សែបន្ទាត់​ព្រំដែន និង​គ្រួសារ​ភៀស​សឹក ដែល​កំពុង​ស្នាក់នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប។

លោក លី សំរិទ្ធ ក៏បាន​ស្នើ​ដល់​អង្គ​សន្និបាត​ទាំងមូល សូម​ចូលរួម​ជា​យោបល់​ទៅ​លើ​កិច្ចពិភាក្សា ទៅ​តាម​ប្រធានបទ​ដែល​អង្គ​សន្និបាត​បាន​លើកឡើង ឲ្យ​បាន​ផុលផុស ដើម្បី​ទទួល​បាន​នូវ​ធាតុ​ចូល​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ទិសដៅ​ឆ្នាំ​បន្ត​របស់​រដ្ឋបាល​ខេត្ត​ឆ្នាំ ២០២៦ ឲ្យ​ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យ​ភាព ស្របតាម​គោលនយោបាយ កំណែទម្រង់​ស៊ីជម្រៅ នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី ៧ នៃ​រដ្ឋសភា ក្រោម​កិច្ច​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

អត្ថបទ ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម