Connect with us

ព័ត៌មានជាតិ

ត្រឹម​តែ​មួយខែកុម្ភៈឆ្នាំ២០២៦ យានយន្តអគ្គិសនីចុះបញ្ជីសរុបមានជាង ១ ពាន់​គ្រឿង

បានផុស

នៅ

ពេញមួយខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១ ០៧៨ គ្រឿង ក្នុង​នោះ​រថយន្តមាន​ចំនួន ៨៨៩​គ្រឿង ខណៈក្នុង​ខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ៤៨៨ គ្រឿង (រថយន្ត ៤០៩គ្រឿង)។នេះបើតាមលោក​ ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ​និងដឹកជញ្ជូន។

គិតត្រឹម ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងប្រទេស​កម្ពុជា​មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៤ ៥៣៤ គ្រឿង ក្នុងនោះ៖ ទោចក្រយានយន្ត៣ ៤៤៩គ្រឿង,ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តចំនួន ១០ ៣៦៣គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ផន រឹម បាន​ឲ្យ​ដឹង​ថា ចាប់ពីឆ្នាំ២០១៨ មក ការចុះបញ្ជីយានយន្តមានការកើនឡើងជាបន្តបន្ទាប់ ដែលការកើនឡើងនេះស្របទៅនឹងនិន្នាការ នៃការប្រើប្រាស់យានយន្តអគ្គិសនីនៅលើពិភពលោក និងតំបន់ផងដែរ។

បច្ចុប្បន្នការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ សម្រាប់កម្ពុជា ការចុះបញ្ជី​យានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ ១ គ្រឿងគត់ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ​និង​ដឹកជញ្ជូន​បានបញ្ជាក់ថា ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។

ការប្រើប្រាស់យានយន្តអគ្គិសនីផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗស្របនឹងនិន្នាការតំបន់និងសកលលោក។

១-ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក៖

ការប្រើប្រាស់យានយន្តអគ្គិសនីរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការពឹងផ្អែកលើ​ការប្រើប្រាស់ប្រេងឥន្ធនៈដែលជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏ចម្បង។ យានយន្តអគ្គិសនីគ្មានការបញ្ចេញឧស្ម័នពុលតាមបំពង់ស៊ីម៉ាំងដូចយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ដែលបញ្ចេញឧស្ម័នកាបូនម៉ូណូអុកស៊ីដ នីត្រូសែនអុកស៊ីដ និងភាគល្អិតនានា ដែលកត្តាទាំងនេះរួមចំណែកក្នុងការពង្រឹងគុណភាពខ្យល់ក្នុង បរិយាកាស។

ការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនីកាត់បន្ថយការបញ្ចេញឧស្ម័នពុលក្នុង សកលលោកប្រមាណពាក់កណ្តាលនៅឆ្នាំ​២០៥០ ធៀបនឹងបច្ចុប្បន្ន និងកាត់បន្ថយការស្លាប់មុន អាយុពីប្រមាណ៥,៤លាននាក់ នៅឆ្នាំ២០២០ មកត្រឹមប្រមាណ​ ២,៨លាននាក់ នៅឆ្នាំ២០៥០។ តាមការវិភាគនៃការបញ្ចេញឧស្ម័នពុលនៅក្នុងវដ្ដជីវិតនៃយានយន្ត ការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធមានការបញ្ចេញឧស្ម័នពុលតិចជាងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈរហូតដល់ទៅជិត៤០% រីឯការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីបញ្ចេញឧស្ម័នពុលតិចជាងទោចក្រយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ១០ដង។

២-សន្តិសុខថាមពល៖

ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនឹងចូលរួមចំណែកក្នុងការកាត់បន្ថយ ការប្រើប្រាស់ប្រេងឥន្ធនៈ។ ដោយហេតុថាកម្ពុជាជាប្រទេសពឹងផ្អែកទាំងស្រុងលើការនាំចូល ប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិនិងបណ្តាប្រទេសក្នុងតំបន់ ការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ នឹងជួយពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ ព្រមទាំងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈដែលមានភាពមិនប្រាកដប្រជាខ្ពស់។ បន្ថែមលើនេះ អស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈបានដាក់សម្ពាធយ៉ាងខ្លាំងលើការគ្រប់គ្រងទុនបម្រុងរូបិយប័ណ្ណអន្តរជាតិ។

៣-ការសន្សំសំចៃ៖

ការប្រើប្រាស់យានយន្តអគ្គិសនីមានលក្ខណៈសន្សំសំចៃខ្ពស់ជាងការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ យានយន្តអគ្គិសនីមានប្រសិទ្ធផល ឬ ខ្ពស់ជាងថាមពលម៉ាស៊ីន ប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ៥ ទៅ ៦ដង នៅក្នុងការបំប្លែងថាមពលទៅជាចលនាដែលធ្វើឱ្យ ចំណាយទាបក្នុងការផ្លាស់ទី ។

៤-ការឈោងចាប់យកនូវបច្ចេកវិទ្យាថ្មីៗ៖

បណ្ដាប្រទេសក្នុងតំបន់និងសកលលោកកំពុងផ្ដោតការ យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញវិស័យយានយន្តអគ្គិសនី ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាផ្សេងៗទៀតដែលពង្រឹង សុវត្ថិភាពដល់អ្នកប្រើប្រាស់។ កម្ពុជាក៏ត្រូវសម្របខ្លួនក្នុងនិន្នាការថ្មីនេះ ដើម្បីរក្សាភាពប្រកួតប្រជែង សេដ្ឋកិច្ចរបស់ខ្លួន។

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០។ គោលនយោបាយនេះ គឺជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិសនិងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

គោលនយោបាយនេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាស្រាវជ្រាវ និងការសំយោគគោលនយោបាយដែលមានស្រាប់ បទពិសោធអន្តរជាតិ ព្រមទាំងការពិភាក្សាជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដោយមានការកំណត់នូវចក្ខុវិស័យ គោលបំណង គោលដៅ និងគោលការណ៍ ច្បាស់លាស់ ព្រមទាំងដាក់ចេញនូវវិធានការមុតស្រួចដែលមានភាពប្រទាក់ក្រឡាគ្នា បំពេញគ្នាទៅវិញទៅមក និងភាពគ្រប់ជ្រុងជ្រោយ ដោយកំណត់យន្តការ និងក្រសួង ស្ថាប័នអនុវត្តច្បាស់លាស់ក្នុងក្របខ័ណ្ឌ ពេលវេលាជាក់លាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម