Connect with us

ព័ត៌មានជាតិ

សមាគមវារីវប្បករកម្ពុជាស្នើក្រសួងពាក់ព័ន្ធរឹតបន្តឹងត្រីនាំចូលដើម្បីជួយដល់អ្នកចិញ្ចឹមត្រីក្នុងស្រុក

បានផុស

នៅ

សមាគមវារីវប្បករនៅកម្ពុជាបានស្នើដល់រាជរដ្ឋាភិបាលបន្តរឹតបន្តឹងការគ្រប់គ្រងត្រីនាំចូលពីប្រទេសវៀតណាមឲ្យបានម៉ឺងម៉ាត់ដើម្បីដោះស្រាយបញ្ហាទីផ្សារ និងហានិភ័យរបស់អ្នកចិញ្ចឹមត្រីក្នុងស្រុក។ ការស្នើសុំនេះបានធ្វើឡើង បន្ទាប់ពីអ្នកចិញ្ចឹមត្រីក្នុងស្រុកមានការសល់ត្រីជាង១ម៉ឺនតោនកកស្ទះលក់មិនចេញ ដោយសារបញ្ហាជំងឺកូវីដ១៩ និងការនាំចូលត្រីពីប្រទេសវៀតណាមខ្លះមិនបានបង់ពន្ធត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡែមផូរ សុថាវរិទ្ធិ អ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជាបានមានប្រសាសន៍នៅរសៀលថ្ងៃទី០៣ឧសភានេះថា «ការដែលត្រីនៅក្នុងស្រុកយើងចាលនេះមានពី ទី១ដោយសារស្រុកយើងមានជំងឺកូវីដ១៩ភោជនីយដ្ឋានមួយចំនួនបានបិទ ព្រមទាំងពិធីនានាដូចជាបុណ្យទាន ការរៀបអាពាហ៍ពិពាហ៍ បានផ្អាកធ្លាក់ចុះសល់អ្នកហូបធម្មតា ទី២មានការនាំចូលមកទៀតដែលមានការនាំចូលត្រឹមត្រូវនិងមិនត្រឹមត្រូវធ្វើឲ្យត្រីចាល។

ប្រសិនបើនាំចូលមានការបង់ពន្ធត្រឹមត្រូវបង់ពន្ធ១០០ភាគរយអត់មានគេចពន្ធតម្លៃត្រីវៀតណាមមានតម្លៃប្រហាក់ប្រហែលយើងដែរ។ អីចឹងអាជីវកររកស៊ីនាំចូលត្រីឈប់រកស៊ីនាំចូលត្រីនាំឲ្យពិបាកខាតកំលាំងគាត់នឹងចាប់ពីត្រីនៅស្រះយើងវិញយកទៅលក់ងាយស្រួលជាង»។

លោកបានបន្តថា កាលណានាំចូលថោកជាងឈ្មួញធំនាំចូលពីវៀតណាមមកដាក់ក្នុងយឿត្រីហើយ ឈ្មួញតូចៗ យកពីយឿទៅចែកចាយតាមទីផ្សារតាមកញ្ច្រែង។ បើចាប់ត្រីតាមស្រះថ្លៃជាងហើយលំបាកដើរចាប់ទៀត ដូចនេះការនាំចូលនេះបានប៉ះពាល់ខ្លាំងដល់អ្នកចិញ្ចឹមត្រីយើង។ តម្លៃត្រីប្រាក្នុងស្រុកដែលលក់លើទីផ្សារប្រមាណ ៩០០០រៀល និងត្រីឆ្ពោមានតម្លៃជាង១ម៉ឺន៥ពាន់ទៅ១ម៉ឺន៨ពាន់រៀល ខណៈត្រីនាំចូលពីវៀតណាមតម្លៃទាបជាងត្រីក្នុងស្រុកដល់ទៅ៣០០០រៀល។

កន្លងមកសមាគមបានស្នើសុំឲ្យវៀតណាមផ្អាកការនាំចូលមួយរយៈ វៀតណាមបានសរសេរលិខិតប្តឹងយើងកុំឲ្យបិទឲ្យបើកឡើងវិញ។ ប៉ុន្តែយើងក៏មិនថាអ្វីដែរបើកក៏បើកចុះតែសូមឲ្យបង់ពន្ធនិងបំពេញបែបបទត្រឹមត្រូវអីចឹងតែប៉ុណ្ណឹងទេ។

លោកបានបញ្ជាក់ថា «ខ្ញុំសូមស្នើដល់ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តរិតបន្តឹងការគ្រប់គ្រង់ត្រីនាំចូលឱ្យបានម៉ឺងម៉ាត់ និងដាក់ចេញនូវវិធានការជាក់លាក់ដូចជាកំណត់ចំនួនកូតានាំចូលឱ្យបានច្បាស់លាស់ និងជំរុញឱ្យការនាំត្រីមានការបង់ពន្ធពិតប្រាកដ  ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ និងហានិភ័យរបស់វារីវប្បករនៅកម្ពុជា»។

ដោយសារតែបញ្ហាទីផ្សារ អ្នកចិញ្ចឹមត្រីមួយចំនួនដែលចាប់ត្រីពីស្រះអស់មានការរារែកជាខ្លាំងក្នុងរៀបចំផែនការដាក់កូនត្រីចិញ្ចឹមបន្តទៀត ដោយសារតែកន្លងមកអ្នកចិញ្ចឹមបានលក់ត្រីចេញពីស្រះតម្លៃទាបជាងថ្លៃដើមផលិត។ បើតាមសមាគម គិតមកដល់ដើមខែឧសភានេះត្រីចំនួនប្រមាណជាង១ម៉ឺនតោនកំពុងកកស្ទះនៅក្នុងស្រះ មិនអាចចេញលក់បានដោយសារគ្មានទីផ្សារសម្រាប់លក់ចេញ បើទោះបីជាក្នុងអំឡុងពេលបិទខ្ចប់នៅរាជធានីភ្នំពេញនេះ គេសង្កេតឃើញមានតម្រូវការត្រីក៏ដោយ។

ត្រីដែលត្រូវសល់ពេលចាប់លក់រួមមាន ត្រីប្រាចំនួន ៧២៥៩តោន, ត្រីឆ្តោ ចំនួន ១៨៥៨តោន, ត្រីពោ ចំនួន ៨៩៣តោន, ត្រីអណ្តែង ចំនួន ១៥៥តោន, ត្រីប្រភេទដទៃទៀតដូចាំ ឆ្ពិន ទីឡាព្យ៉ា ក្រាញ់ ត្រីធម្មជាតិ១៩១តោន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម