Connect with us

ព័ត៌មានជាតិ

ឪពុក ម្ដាយ ចិញ្ចឹម ធ្វើ​ទារុណកម្ម​​កូន​រហូត​ដល់​ស្លាប់

បានផុស

នៅ

កម្លាំង​អាវុធហត្ថ​ខេត្ត​សៀមរាប បានឃាត់ខ្លួន​ឪពុក ម្ដាយ​ ចិញ្ចឹម ដោយជាប់​ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​ទារុណ​កម្ម ទៅលើកូនរហូតដល់ស្លាប់យ៉ាង​អាណោចអាធ័ម។
 
សមត្ថកិច្ច​បានឲ្យដឹងថា ដោយមានការ​សម្របសម្រួល​ពី លិកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្តសៀមរាប នៅវេលាម៉ោង ១០និង០០ នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០   កម្លាំង​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកស្វាយលើ សហការ​ជាមួយ​កម្លាំង​កងពលតូចលេខ៦ នៃកងពលធំអន្ដគមន៍លេខ២ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់​យកមក​សួរ​នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យមានឈ្មោះ ហាប់ ផល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ យោធា និងប្រពន្ធឈ្មោះ ឈឿង វីន ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (ដែលត្រូវជាឪពុកម្តាយចិញ្ចឹម សពឈ្មោះ ផល សុភាន់) ដែលជាប់​ពាក់ព័ន្ធ​នឹង​ករណី​ធ្វើទារុណកម្ម និង អំពើ​ឃោឃៅ ដោយមានស្ថាន​ទម្ងន់​ទោស ដោយសា​មរណភាព នៃ​ជនរងគ្រោះ ប្រព្រឹត្ត​កាល​ពី​វេលា​ម៉ោង ១៩ និង ៣០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ត​សៀម​រាប។
 
សមត្ថកិច្ច​ឲ្យដឹងបន្ត​ថា សពឈ្មោះ ផល សុភាន់ ភេទប្រុស អាយុ ០៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិរុងរឿង ឃុំ​កន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប មានរបួសនៅលើផ្ទៃមុខ មានស្នាមជាំ, ស្លឹកត្រចៀករយះដាច់ និង​មាន​ដំបៅរលួយ, បែកក្បាល ដោយមានស្នាមរបួសថ្មី និង ចាស់, នៅលើដងខ្លួនមាន​ស្នាមវាយ​ជាច្រើន​កន្លែង, បាក់ធ្មេញអស់ចំនួន ០៣, បាក់ដៃខាងស្តាំ និង បាក់​ស្មងជើង​ខាងស្តាំ។

សមត្ថកិច្ច​បន្ថែម​ថា កាលពីព្រឹកថ្ងៃទី១០ ខែ​វិច្ឆិកា ឆ្នាំ២០២០ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយលើ​បានទទួល​ដំណឹង​ថា មានករណីក្មេងប្រុសឈ្មោះ ផល សុភាន់ អាយុ ០៦ឆ្នាំ ត្រូវជាកូន​ចិញ្ចឹម​របស់ឈ្មោះ ហាប់ ផល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ យោធា និង ឈ្មោះ ឈឿង វីន ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅ​បច្ចុប្បន្ន ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានពុលដំឡូងមី នៅចំណុច ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀម​រាប (ដែលជាភូមិនៅដាច់ស្រយាលពីទីរួមស្រុក) ហើយ​កម្លាំង​មូលដ្ឋាន​ស្រុក​ស្វាយលើ បានចុះទៅដល់កន្លែងកើតហេតុ ហើយស្តាប់​ចម្លើយ​សាក្សី​នៅទីនោះទើប​សន្និដ្ឋាន​ថា ក្មេង​ប្រុស​ខាងលើមិនបានស្លាប់ដោយសារពុលដំឡូងមីឡើយ ហើយ​បាន​រាយការណ៍​មក​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប ទើប​កម្លាំង​ជំនាញ​ការិយាល័យព្រហ្មទណ្ឌ ចុះទៅ​សហការ​ជា​មួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកស្វាយលើ ចុះធ្វើការ​ស៊ើបអង្កេត​ករណី​ខាងលើ ដល់កន្លែងកើតហេតុតែម្តង។

ប៉ុន្តែឈ្មោះ ហាប់ ផល និងប្រពន្ធឈ្មោះ ឈឿង វីន បានរត់គេចខ្លួនចេញពី​លំនៅឋាន ទៅស្នាក់នៅក្នុង​បន្ទាយវរសេនាតូចលេខ២៦៤ ប្រចាំទិសស្រុកត្រពាំងប្រសាទ ចំណុះឲ្យ​កងពល​ធំ​អន្តរាគមន៍​លេខ២ បាត់ទៅហើយ។ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបមេបញ្ជាការរងកងពលតូចលេខ៦ នៃ​​វរសេនាតូច​លេខ២៦៤ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ បានប្រគល់ជនសង្ស័យឈ្មោះ ហាប់ ផល និងប្រពន្ធឈ្មោះ ឈឿង វីន មកឲ្យ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយលើ និង​កម្លាំង​ជំនាញ ដើម្បី​ធ្វើការ​សាកសួរ។

បន្ទាប់ពី​កម្លាំង​ជំនាញ​ស្តាប់ចម្លើយ ជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាពថា ពួកគេបានវាយធ្វើ​បាប​ទៅលើកូនចិញ្ចឹមឈ្មោះ ផល សុភាន់ ជាច្រើនលើកច្រើនសារពិតប្រាកដមែន។

បច្ចុប្បន្ន​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់​ការ​តាម​នីតិវិធី៕
 
អត្ថបទ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម