Connect with us

ព័ត៌មានជាតិ

អភិបាល​ភ្នំពេញ ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​មាន​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ចំពោះ​​ទីតាំង​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​ថ្មី និង​ផ្សារ

បានផុស

នៅ

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ ដែល​​មាន​មូលដ្ឋាន​របស់ខ្លួន​មាន​តំបន់​បិទ​ខ្ទប់​(​តំបន់​លឿងទុំ​) និង​មាន​ផ្សារ ត្រូវ​អនុវត្ត​ការងារ​លើ​កិច្ចការពារ​ឲ្យ​បាន​ហ្មត់ចត់​បំផុត ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វី​ដ-១៩ ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ខណៈ​ដែល​ពេលនេះ​ មាន​ខណ្ឌ​មួយ​ចំនួន​បាន​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ ជាថ្មី​ឡើងវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការជំរុញ​បែបនេះ​របស់​លោក​ ឃួ​ង ស្រេង​ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៦​ឧសភា​នេះ ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សំឡេង ( Video Conference ) ជាមួយ​អភិបាលខណ្ឌ​ទាំង​១៤​នៅ​សាលា​រាជធានី​ភ្នំពេញ ខណៈ​ដែល​ខណ្ឌ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ខណ្ឌ​របស់ខ្លួន ពាក់ព័ន្ធ​និង​ការ​ផ្ទុះ​ឡើង​ជំងឺ​កូ​វីដ​-១៩​ជាថ្មី​ឡើងវិញ​។

​តំបន់​ដែល​ផ្ទុះ​ឡើងវិញ​នូវ​ជំងឺ​កូ​វីដ​-១៩​ជាថ្មី​នេះ មាន​មួយ​ផ្នែក​ខ្លះ នៃ​ខណ្ឌ​សែនសុខ ,​នៅ​សហគមន៍​AB ភូមិ​ផ្សារ​តូច ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នៅ​ភូមិ​ឬ​ស្សី ឬ​ស្សី​ទី​២ ឬ​ស្សី​ទី​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​២​និង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌ​មានជ័យ​ជាដើម។

​លោក​ ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា ចំពោះ​តំបន់​លឿង រដ្ឋបាល​រាជធានី​ភ្នំពេញ បើក​ឲ្យ​ដំណើរការ​ជា​ធម្មតា​មិន​ធ្វើការ​ហាមប្រាម​នោះ​ទេ។ អ្វីដែ​ល​យើង​ហាមប្រាម គឺ​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​កា​រឆ្លង​កូ​វីដ​-១៩​តែប៉ុណ្ណោះ ដូចដែល​យើង​បាន​កំណត់​ជាទី​តាំង​បិទ​ខ្ទប់​ដូច​ប៉ុន្មាន​សង្កាត់​ខាងលើ​។ លោក​ឃួ​ង ស្រេង​បាន​បន្តថា ទីតាំង​តំបន់​រឿង​ទុំ ដែល​បាននិងកំពុង​បិទ​ខ្ទប់ អាជ្ញាធរ​ខណ្ឌ ដែល​ពាក់ព័ន្ធ ត្រូវតែ​គ្រប់គ្រង​ឲ្យ​បាន​ហ្មត់ចត់​បំផុត មិនឲ្យ​មានការ​ចេញ ចូល​ដាច់ខាត ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វី​ដ-១៩ ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត។

​ក្រៅពី​បញ្ហា​ដែល​បានលើកឡើង​ខាងលើ លោក ​ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវ​ចុះ​ពិនិត្យ ស្ថានភាព​នៅ​តាម​ផ្សារ​នានា នៅ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ជាប្រចាំ និង​ធ្វើ​របាយការណ៍​ពី​វឌ្ឍនភាព​ផ្សារ​នីមួយៗ ជាប្រចាំ​ផង​ដែរ។​ លោក​ថា ការបើក​ផ្សារ​ឡើងវិញ​នេះ គឺ​ពិត​ជា​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩។​ ដូច្នេះ​ទាំង​ខណ្ឌ ទាំង​គណៈកម្មការ​ផ្សារ​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​បំផុត ជុំវិញ​វិធានការ​ការពារ ដោយ​ត្រូវ​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ អនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល​ជាប់​ជានិច្ច​។ បន្ថែម​ពី​នេះ លោក ​ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឲ្យ​ពង្រឹង​ការរៀបចំ​សណ្តាប់ធ្នាប់ របៀបរាបរយ​នៅតាម​ទីផ្សារ​នេះ​ ឲ្យ​បាន​ល្អប្រសើរ​ផង​ដែរ ដោយ​បច្ចុប្បន្ន​នេះ កូ​វីដ​-១៩ ភាគច្រើនផ្ទុះ​ឡើងវិញ នៅ​តំបន់​មិន​រៀបរយ​តែប៉ុណ្ណោះ​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម