Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច ចាប់ផ្តើម​បង្កើន​ការ​ចុះល្បាតពេលយប់ ឃ្លាំមើលការ​ជួប​ជុំ​ប្រមូលផ្តុំផឹកស៊ី

បានផុស

នៅ

ភ្នំពេញ៖ កងកម្លាំងសមត្ថកិច្ចនៅរាជធានីភ្នំពេញ នឹងបង្កើនការចុះល្បាតពិសេសនៅពេលយប់ ដើម្បីតាមឃ្លាំមើលការជួបជុំប្រមូលផ្តុំផឹកស៊ី ដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងល្មើសទៅនឹងសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី៣ មិថុនា ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែធ្វើការណែនាំដល់កងកម្លាំងនគរបាលប៉ុស្តិ៍ឬខណ្ឌឱ្យអនុវត្តជាប្រចាំ​ការចុះល្បាត ដើម្បីធានាសុខសុវត្តិភាពជួនដល់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តទៀតថា «ជាទូទៅកងកម្លាំងយើងតែងតែបន្តយាមកាម នៅតាមគោលដៅព្យាបាលជំងឺកូវីដ‑១៩និងគោលដៅកំពុងធ្វើចត្តាឡីស័ក ហើយការចុះល្បាតកម្លាំងប៉ុស្តិ៍និងខណ្ឌ នៅតែបន្តចុះល្បាតដើម្បីធានាការពារសន្តិសុខសណ្តាប់ធ្នាប់ជួនប្រជាពលរដ្ឋ និងពេលយប់ចុះល្បាតទាក់ទិននឹងការជួបជុំផឹកស៊ី ដែលបង្កសំឡេងរំខានដល់អ្នកដទៃនិងខុសគោលការណ៍ណែនាំរបស់សាលារាជធានីភ្នំពេញ»។

លោក បន្តទៀតថា ប៉ុន្តែកន្លងមកយើងតែងតែមានការអនុគ្រោះដោយធ្វើការណែនាំអប់រំឱ្យពួកគាត់បញ្ឈប់ទង្វើនេះជាបន្តទៀតហើយក្នុងករណីមិនព្រមរាងចាលនោះយើងអនុវត្តទៅតាមច្បាប់។

យ៉ាងណាក៏ដោយ លោក វរសេនីយ៍ឯក សាន សុខសីហា បានអំពាវនាវដល់ប្រជាពលរដ្ឋមានការយោគយល់និងសូមចូលរួមអនុវត្តតាមសេចក្តីសម្រេចថ្មីរបស់សាលារាជធានីភ្នំពេញទាំងអស់គ្នា និងសហការគ្នាជួយគ្នាក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ‑១៩ ក៏ដូចជាកាត់ផ្តាច់ព្រឹត្តិការណ៍២០កម្ភៈឱ្យបានលឿនបំផុត។

លោក វរសេនីយ៍ឯក សាន សុខសីហា បាន បន្តទៀតថា «ប្រសិនជា មិនមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទេវាពិត​ជា​មានការលំបាក និងមិនអាចឈានទៅកាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍២០កម្ភៈបានឡើយ»។

គួរបញ្ជាក់ថា នៅថ្ងៃទី២មិថុនា​ សាលារាជធានី​ភ្នំពេញ​បានដាក់ចេញ​វិធាន​ការរដ្ឋបាល​ផ្អាកជាបណ្ដោះអាសន្ន​ការជួបជុំ​ ឬការប្រមូលផ្ដុំ​មនុស្ស​ជាលក្ខណៈ​ឯកជន ​ដែលមាន​លក្ខណៈ​កកកុញ ​មិនឲ្យលើស​ពី១៥នាក់ឡើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ‑១៩​។​ វិធានការ​រដ្ឋបាលនេះ​មានសុពលភាព​រយៈពេល​១៤ថ្ងៃ​ ដោយចាប់​អនុវត្តពី​ថ្ងៃទី៣ដល់​ថ្ងៃទី១៦មិថុនា​។​ 

ប៉ុន្តែលើកលែងចំពោះករណីមួយចំនួនដូចជា ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ និងរង្វង់សាច់ញាតិ ដែលរស់នៅក្នុងលំនៅដ្ឋានឬទីសំណាក់ជាមួយគ្នា ពិធីបុណ្យសពតែត្រូវគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

ចំណែកការប្រមូលផ្ដុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ក៏ទទួលបានការលើកលែង​ ក្នុងករណីយកសំណាក​មកវិភាគរកមេរោគកូវីដ១៩ និងដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ និងការជួបជុំឬការប្រមូលផ្ដុំមនុស្សដើម្បី​បំពេញសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមិនត្រូវបានហាមឃាត់ដូចក្នុងប្រការពីរនៃសេចក្ដីសម្រេចនេះក៏ត្រូវបានលើកលែងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម