ព័ត៌មានជាតិ
មិនទាន់ដឹងពីពេលវេលា អនុព័ន្ធយោធាអាមេរិក ចុះទៅពិនិត្យមើលមូលដ្ឋានសមុទ្ររាមនៅឡើយទេ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យអនុព័ន្ធយោធា និងមន្ត្រីទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា ចុះទៅពិនិត្យមើលតំបន់មួយចំនួន នៅមូលដ្ឋានសមុទ្ររាម ដែលជាទីកន្លែងសហរដ្ឋអាមេរិកចោទកម្ពុជាថា បានផ្តល់មូលដ្ឋានឲ្យកងទ័ពចិននោះ នេះបើតាមការបញ្ជាក់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ប៉ុន្តែអ្នកនាំពាក្យអះអាងថា នៅមិនទាន់ដឹងទីពេលវេលា ក្នុងការចុះទៅពិនិត្យនោះទេ។

លោក អ៊ុន សុវណ្ណ អ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងប្រាប់កម្ពុជាថ្មី នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះថា លោកឃើញព័ត៌មាននេះដែរ ហើយកិច្ចការនេះ មានតែគាត់ (សម្តេចពិជ័យសេនា ទៀ បាញ់) ទេ ហើយលោកក៏មិនទាន់ទទួលបានពីពេលវេលាជាក់លាក់ ក្នុងការចុះទៅពិនិត្យនោះដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះថា ក្រោយពីមានការឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ បានសម្រេចឲ្យខាងភាគីអាមេរិកចុះត្រួតពិនិត្យកន្លែងមួយចំនួននៅក្នុងមូលដ្ឋានសមុទ្ររាម ដែលគេបានចោទប្រកាន់កម្ពុជាម្តងហើយម្តងទៀតថា កម្ពុជាយើងបានអនុញ្ញាតឲ្យកងទ័ពចិន ដាក់មូលដ្ឋាននៅទីនោះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា យើងមិនបានហាមប្រាមក្នុងការស្នើសុំរបស់អាមេរិកទេ ហើយគេជាអ្នកចោទយើងខ្លួនឯង។ គេលើកគេដាក់អ្វីក៏ខ្លួនឯង ដូច្នេះដើម្បីឲ្យអស់សង្ស័យ យើងអនុញ្ញាតឲ្យគេទៅត្រួតពិនិត្យផ្ទាល់ ប៉ុន្តែមិនមែនឲ្យត្រួតគ្រប់ទីកន្លែងស្រេចតែចិត្តគេចង់បាននោះទេ ធម្មតាកន្លែងកងទ័ព នៃប្រទេសនីមួយៗមិនចេះតែបង្ហាញផ្ដេសផ្ដាសនោះឡើយ ហើយការចុះពិនិត្យនេះ គឺយើងបានកំណត់ច្បាស់លាស់ ពោលគឺឲ្យចំកន្លែងដែលគេសង្ស័យយើងតែប៉ុណ្ណោះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងទៀតថា នាពេលនេះ ក្រុមការងារក្រសួងការពារជាតិរបស់កម្ពុជា និងក្រុមការងាររបស់ភាគីអាមេរិក កំពុងធ្វើកិច្ចការងារទាំងនេះហើយ ដូច្នេះវានឹងដំណើរការពេលឆាប់នេះ ដើម្បីជម្រះឲ្យអស់មន្ទិលសង្ស័យ និងឲ្យគេអស់ចិត្តកុំឲ្យពួកគេចេះតែចោទកម្ពុជាម្តងហើយម្តងទៀត ឥតឈប់ឈរនោះ។

សូមបញ្ជាក់ថា ការអនុញ្ញាតឲ្យភាគីអាមេរិកចូលពិនិត្យមើលតំបន់មួយចំនួននៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជានេះ គឺបានធ្វើឡើងបន្ទាប់ពីលោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ចុះពិនិត្យមើលកំពង់ផែនេះ ក្នុងពេលជំនួបជាមួយសម្តេច ក្នុងអំឡុងពេលដែល លោកស្រីមកបំពេញទស្សនកិច្ចប្រទេសកម្ពុជា នាពេលកន្លងទៅនេះ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


