Connect with us

ព័ត៌មានជាតិ

ដំណក់​ប្រេង​លើកដំបូង នឹង​យក​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​វិមាន​ឈ្នះ ឈ្នះ នៅ​ថ្ងៃទី​០៩ មិថុនា ខាងមុខ

បានផុស

នៅ

​កម្ពុជា​នឹង​យក​ដំណក់​ប្រេង​លើកដំបូង​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​វិមាន​ឈ្នះ ឈ្នះ ដែល​ពិធី​ប្រគល់ និង​ទទួល នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ​២០២១ ខាងមុខនេះ ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល នេះ​បើ​យោង​តាម​កម្មវិធី ដែល​ទទួលបាន​នា​ល្ងាច​ថ្ងៃទី​០៧ ខែមិថុនា នេះ​។

កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​រៀបចំ​ពិធី​ប្រគល់​កែវ​ផ្ទុក​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី អគារ​មិត្តភាព ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនី​យ៍ ណឹ​ម សុវត្ថិ ទីប្រឹក្សា​ពិសេស​សម្តេច​ពិជ័យ​សេនា អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​នយោបាយ និង​កិច្ចការបរទេស និង​ជា​ប្រធាន​ក្រុមការងារ​សាងសង់​វិមាន ឈ្នះ ឈ្នះ។

បើ​តាម​កម្មវិធី ដែល​ទទួល​បាន ពិធី​ប្រគល់​កែវ​ផ្ទុក​ដំណក់​ប្រេង​ដំបូង នឹង​ប្រព្រឹត្តទៅ​នៅ​វេលា​ម៉ោង​ប្រមាណ​៨ ព្រឹក ដោយមាន​សុន្ទរកថា លោក ស៊ុយ សែម និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ។ ជាមួយគ្នា​នោះ​ក៏មាន​កម្មវិធី​ដង្ហែ​កែវ​ដំណក់​ប្រេង យក​ទៅ​តម្កល់ទុក និង​ពិធី​ឆ្លាក់​រូប​កែវ​ប្រេង ព្រមទាំង​ទស្សនា​សមិទ្ធផល នៅ​វិមាន​ឈ្នះ ឈ្នះ ផងដែរ ហើយក៏​មានកម្ម​វិធី​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នកសារព័ត៌មាន នៅ​ចុងបញ្ចប់​។

សូម​បញ្ជាក់​ថា កម្ពុជា​ទទួល​បាន​ដំណក់​ប្រេង​លើកដំបូង​របស់​ខ្លួន នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់ពី​ការ​ទន្ទឹងរង់ចាំ​អស់​រយៈកាល​ដ៏​យូរ​កន្លងមក ស្ថិតនៅ​តំបន់​ប្លុក A នៃ​ឈូង​សមុទ្រ​កម្ពុជា ដោយ​ក្រុមហ៊ុន Kris Energy ដែល​បាន​ខួង​ប្រេង​ចេញពី​បាតសមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​ការចាប់ផ្តើម​បូម​ប្រេង​ជា​លើកដំបូង​នេះ គឺ​ចំ​ថ្ងៃ​ខួប​លើក​ទី​២២ នៃ​ការ​បញ្ចប់​សង្គ្រាម​នាំមក​នូវ​ការ​ឯកភាព​ជាតិ ឯកភាព​ទឹកដី តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម​បំផុត​របស់​កម្ពុជា​។

ដំណឹង​ពិសេស នៃ​ការ​ទទួលបាន​ជោគជ័យ​របស់​កម្ពុជា​នេះ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ភ្លាមៗ​តាមរយៈ​បណ្តាញ​សង្គម Facebook ផ្លូវការ​របស់​សម្តេច​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​។

​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា “​ខ្ញុំ​ព្រះករុណាខ្ញុំ ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សេចក្ដីសោមនស្ស​រីករាយ​ក្រៃលែង​ក្នុង​ការ​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​ទាំងអស់ អំពី​ការចាប់ផ្តើម ផលិតកម្ម​ប្រេង​ដំបូង​របស់​កម្ពុជា នៅ​តំបន់​ប្លុក A ឈូង​សមុទ្រ​កម្ពុជា ដែល​ជា​ការ​ទន្ទឹងរង់ចាំ​អស់​រយៈកាល​ដ៏​យូរ​កន្លង​មក​នេះ​។

ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល និង​ការចូលរួម​យ៉ាងសកម្ម​ពី​ក្រុមហ៊ុន Kris Energy ដែលជា​ប្រតិបត្តិ​ករ​នៃ​គម្រោង​នេះ មកដល់ពេលនេះ​យើង​បានសម្រេច​បាន នូវ​ការ​បញ្ចប់​ដោយ​ជោគជ័យ​ជា​ស្ថាពរ​នូវ​ការសាងសង់​ការ​បំពាក់​គ្រឿង​សម្ភារៈ និង​បរិក្ខារ​នៃ​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា សម្រាប់​ដំណើរ​ការ​ផលិតកម្ម​ធន​ធាន​រ៉ែ​ប្រេង​របស់​យើង​”​។

បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន “​ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា នឹង​ចាប់ផ្តើម​ផលិត​ចេញពី​អណ្តូង​ប្រេង​ទី​១ ឈ្មោះ A-0ID នៃ ផ្លាត​ហ្វ​ម A នៅក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា នៅ​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ២០២០ ដែល​គាប់​ជួន​ជាមួយ​ថ្ងៃ​ខួប​លើក​ទី​២២ នៃ​ការ​បញ្ចប់​សង្គ្រាម​នាំមក​នូវ​ការ​ឯកភាព​ជាតិ ឯកភាព​ទឹកដី តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ (២៩​ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)​។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈ​សម្បត្តិ​គ្រប់យ៉ាង​ឱ្យ​យើង​មាន​ដំណក់​ប្រេង​លើកដំបូង​នៅ​កម្ពុ​ជានា​ថ្ងៃទី ២៩ ធ្នូ ២០២០ នេះ​។ ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ រំលឹក​ជម្រាបជូន​បង​ប្អូន​ជនរួមជាតិ​ជ្រាប​ថា កិច្ចព្រមព្រៀង​ប្រេងកាត​ដំបូង​ត្រូវបាន​ចុះ​នៅ​ឆ្នាំ ២០០២ ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន មាន​ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy)​។ សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​ដឹកនាំ​ដោយ​ក្រុមហ៊ុន Chevron របស់​អាមេរិក​។ នៅ​ឆ្នាំ​២០១០ ក្រុមហ៊ុន Chevron បានប្រកាស​រកឃើញ​ជម្រក​រ៉ែ​ប្រេង​មាន​លក្ខណៈ​ពាណិជ្ជកម្ម​ជា​លើកដំបូង​របស់​កម្ពុជា និង​បាន​កសាង​គម្រោង​ផែនការ​អភិវឌ្ឍ និង​អាជីវកម្ម ដើម្បី​ស្នើសុំ​រាជរដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច​។ តាម​ផែនការ​នោះ​ផលិតកម្ម​ប្រេង​ដំបូង គ្រោង​នឹង​ចាប់ផ្តើម​នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០១២​។ ប៉ុន្តែ​ដោយ​ការពិនិត្យ​លក្ខណៈ​បែងចែក​ផល​សេដ្ឋកិច្ច និង​សង្គតភាព​ច្បាប់​ពាក់ព័ន្ធ និង​ផែនការ​អភិវឌ្ឍ និង​អាជីវកម្ម​ស្នើ ឡើង​ដោយ​ក្រុមហ៊ុន Chevron នៅ​ពេល​នោះ បាន​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ​ត្រូវ​ចរចា​កែសម្រួល​លក្ខខណ្ឌ​កិច្ចព្រមព្រៀង​មួយចំនួន​ឡើងវិញ ដើម្បី​ឲ្យ​មា​នស​ង្គ​ត​ភាព ជាមួយ​បទ​ប្បញ្ញត្តិ​ច្បាប់​កម្ពុជា​ផង និង​មាន​សមធម៌ កាន់តែ​ប្រសើរ​នៅក្នុង​ការបែងចែក​ផល​សេដ្ឋកិច្ច​ពី​ផែនការអាជីវកម្ម​នេះ​ផង ដំណើរការ​អនុវត្តតាម​ផែនការ ផលិត​ប្រេង​នៅ​ខែធ្នូ​២០១២​ក៏​ត្រូវ​បាន​រាំងស្ទះ​មិនអាច​អនុវត្តបាន​”។

សម្តេច​បញ្ជាក់​ថា ការ​ចរចា​កិច្ចព្រមព្រៀង​ប្រេងកាត​ក៏ត្រូវ​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ស្វិតស្វាញ​រវាង​ភាគី​ទាំងពីរ (​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​) ទាំង​លើ​ទិដ្ឋភាព​ច្បាប់ បច្ចេកទេស និង​សេដ្ឋកិច្ច ។ នៅក្នុង​រយៈពេល​ចរចារ​ដ៏​តឹងតែង​នេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និង​ក្រុមហ៊ុន Mocco Cambodia Co., Ltd.។

​បាន​ស្នើសុំ​ដកខ្លួន​ចេញ​បន្តបន្ទាប់​គ្នា នៅ​ឆ្នាំ ២០១៤ និង​២០១៦​។ ការ​ចរចា​ត្រូវ​បាន​បន្ត​អូស​បន្លាយពេល​យ៉ាង​យូរ​តាំងពី​ឆ្នាំ​២០១០ រហូតដល់​ថ្ងៃទី​២៣ ខែសីហា​ឆ្នាំ ២០១៧ ទើប​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ថ្មី និង​គម្រោង​ផែនការ​អភិវឌ្ឍ​និង​អាជីវកម្ម​អណ្តូង​ប្រេង​ថ្មី ដែល​បើកផ្លូវ​ឲ្យ​ដំណើរការ​សាងសង់ និង​អភិវឌ្ឍ​ផ្លាត​ហ្វ​ម​អណ្តូងប្រេង​អាច​ចាប់ផ្តើមបាន​។ ហេដ្ឋារចនាសម្ព័ន្ធ​ផលិតកម្ម​ប្រេង​ធំៗ​និង​សំខាន់ៗ ដែល​បាន​សាងសង់ តម្លើង និង​រៀបចំ​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​តំបន់​ប្លុក A សម្រាប់​ដំណើរការ​ផលិតកម្ម​ជារួម​មាន​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទី​១, ផ្លាត​ហ្វ​ម​អណ្តូងប្រេង ផលិត​នៅ​កោះ​បា​តាង នៃ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ផ្តើម​សាងសង់​នៅ​អំឡុង​ខែធ្នូ​ឆ្នាំ ២០១៩ និង​បានបញ្ចប់​នៅ​ខែសីហា ២០២០​។ ផ្លាត​ហ្វ​ម​នេះ បាន​ដឹក​ចូល​មកដល់​តំបន់​ប្លុក A និង​បានបញ្ចប់​ការ​តម្លើង​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​៧ កញ្ញា ២០២០​។

​ទី​២, កប៉ាល់​ផលិតកម្ម​ប្រេង​បាន​ដំឡើង ជួសជុល និង​បំពាក់​សម្ភារៈ បរិក្ខារ​រួចរាល់​នៅ​ខែកញ្ញា ២០២០ នៅ​ប្រទេស​សឹង្ហ​បុរី និង​បាន​ដឹក​មកដល់​និង​ដំឡើង​រួចរាល់​នៅ​ប្លុក A នៅ​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០​។ កប៉ាល់​ស្តុក​ប្រេង បានរៀបចំ​និង​ត្រៀមចាំ​រួចរាល់​នៅ​ប្លុក A នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា ២០២០​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ដែរថា អណ្តូង​ប្រេង​ទីមួយ​បានបញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​២៣ ធ្នូ ២០២០ និង​ចាប់ផ្តើម​ផលិត​ចេញ​ប្រេង​ដំបូង​នៅ​ថ្ងៃទី​២៩ ខែធ្នូ​២០២០​នេះ​។ ក្រៅពីនេះ​មាន​អណ្តូងប្រេង​ចំនួន​ពីរ​ទៀត ក៏បាន​ខួង​ជម្រៅ​ដល់​ស្រទាប់​ជម្រក​រ៉ែ​ប្រេង​រួចហើយ​ដែរ​។ ការចាប់ផ្តើម​ផលិតកម្ម​ប្រេង​នេះ​គឺជា​ពរជ័យ​សម្រាប់​កម្ពុ​ជា​។

​សម្តេច​តេ​ជោ ហ៊ុន សែន អះអាងថា នេះ​ជាការ​ចាប់ផ្ដើម​មួយ​ជំហាន​ដំបូង​ដ៏​សំខាន់​សម្រាប់​កម្ពុជា ឆ្ពោះទៅ​បង្កើតបាន​នូវ​សមត្ថភាព​ជាតិ និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង​ថាមពល​នៅ​កម្ពុជា​។ ផលប្រយោជន៍​សំខាន់ៗ​រួមមាន​៖ ចំណូល​ថវិកាជាតិ ផល​សេដ្ឋកិច្ច​ទទួល​បាន​ពី​ការបង្កើតបាន​នូវ​ពិពិធ​កម្ម​ខឿន​ឧស្សាហកម្ម​ក្នុង​វិស័យ​ប្រេងកាត និង​ការកសាង​សមត្ថភាព​ជាតិ នៅក្នុង​វិស័យនេះ​។ ការរកឃើញ និង​អាជីវកម្ម​ធនធាន​រ៉ែ​ប្រេង​នៅ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល គឺជា​ពរជ័យ​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ មិនមែនជា​បណ្តាសារ​ដូច​ការលើកឡើង​របស់​ជន​អគតិ​មួយចំនួន​នោះទេ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម