Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ៖ សហគមន៍​ផ្តល់ជំនួយ បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើវិស័យសកម្មភាពមីន

បានផុស

នៅ

លោក​ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សហគមន៍ផ្តល់ជំនួយបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើវិស័យសកម្មភាពមីន តាមរយៈគម្រោងបោស សម្អាត មីនដើម្បីលទ្ធផល ក្នុងគោលដៅបញ្ចប់ការគំរាមកំហែងដោយសារមីននៅត្រឹមឆ្នាំ២០២៥។

លោកទេសរដ្ឋមន្រ្ ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គម្រោង បោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ តាម រយៈ ប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី ៣០ ខែមិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យ លើលទ្ធផលសម្រេចបានក្នុងឆមាសទី១ និងផែនការសកម្មភាពការងារក្នុងឆមាសទី២ ឆ្នាំ២០២១ នៃការអនុវត្តគម្រោង បោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាល ទី៤។

លោក ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល និងបានថ្លែង អំណរ គុណ យ៉ាងជ្រាលជ្រៅចំពោះ ទឹកចិត្ត ដ៏សប្បុរស របស់ប្រជាជន និងរដ្ឋាភិបាល នៃ ប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងណូវែលហ្សឺ ឡង់ និង អង្គការ UNDP ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ រយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៥ សរុប ថវិកាប្រមាណ ២០ លានដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតទៅលើសកម្មភាពចំនួនបី ទី១-ការ បោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទី២-គាំទ្រសកម្មភាពកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ ដឹង អំពីគ្រោះថ្នាក់ដោយសារមីន និងការបញ្ជ្រាបយេនឌ័រ និងទី៣-ពង្រឹងសមត្ថភាពថ្នាក់ជាតិ។

ក្នុង ឱកាស នោះ លោក ទេស រដ្ឋមន្រ្តី បាន បញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការ អនុវត្ត ផែន ការ យុទ្ធសាស្រ្តជាតិ សកម្មភាព មីន ២០១៨-២០២៥(NMAS) ដើម្បីសម្រេចបាននូវចក្ខុវិស័យ “កម្ពុជា គ្មាន មីន នៅ ឆ្នាំ២០២៥” និង ស្របតាមសំណើ សុំពន្យា ពេលបោសសម្អាត មីន លើកទី២របស់ កម្ពុជា ព្រមទាំង ការបញ្ចប់ការអនុវត្ត ផែន ការ បី ឆ្នាំរបស់ NMAS ដំបូង ២០១៨ -២០២០ ប្រកបដោយជោគជ័យ ដែលបាន ផ្តល់ផលប្រយោជន៍ ដល់ ប្រជាជន ចំនួន ១.១២០.៤៩៧ នាក់។

លោក Nick Beresford តំណាងអង្គការUNDP ប្រចាំកម្ពុជា បានសម្តែងអបអរសាទរចំពោះអាជ្ញាធរមីន ដែលបានអនុវត្តដោយជោគជ័យនូវគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដោយបានសហការយ៉ាងជិតស្និទ ជាមួយ UNDP ក្នុងរយៈពេលជាង១៥ឆ្នាំកន្លងមក ដើម្បី រួមគ្នាបន្តដំណើរជួយសង្គ្រោះជិវិត និងរំដោះដី សុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយអង្គការ UNDP នៅតែបន្តតាំងចិត្តយ៉ាងមុតមាំ និងឈរជាមួយរាជរដ្ឋា ភិបាលកម្ពុជា ក្នុងការសម្រេចឲ្យបាននៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនោះ លោក Nick Beresford ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំយ៉ាងសកម្ម ក្នុង ការងារប្រយុទ្ធប្រឆាំងនូវការរីករាលដាលជម្ងឺឆ្លងកូវីដ-១៩។

តំណាងប្រទេសអូស្ត្រាលី លោក Ryan Tierney លេខាទូតទី១ នៃ ស្ថាន ទូត អូស្រ្តាលីប្រចាំកម្ពុជា បានសម្តែង នូវការគាំទ្រនូវការដាក់ចេញនូវគ្រប់សកម្មភាព ក្នុងផែនការ អនុវត្តគម្រោង ហើយជឿជាក់លើសមត្ថភាព របស់ អាជ្ញាធរមីន ក្នុងការអនុវត្តគម្រោង រហូតដល់ឆ្នាំ២០២៥ និងការសម្របសម្រួលពីដៃគូ UNDP គម្រោងបោស សម្អាតមីនដំណាក់កាលទី៤ នឹងទទួលជោគជ័យតាមផែនការដែលបានឯកភាព។

លោកស្រី JI Yea Kyung នាយករងប្រចាំប្រទេសនៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ KOICA នៅកម្ពុជា ក្នុងនាម រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានទទួលស្គាល់ថារាល់សកម្មភាព ដែលបានដាក់ចេញក្នុងផែនការ វិស័យសកម្មភាព មីននៅកម្ពុជា ពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងគាំទ្រដែលគម្រោង បាន ផ្តោតលើខេត្តអាទិភាព ។ លោក ស្រី បាន បញ្ជាក់ បន្ថែម ថា រដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ មាន សេចក្តី សប្បាយ រីករាយ ដែលបានធ្វើជាដៃគូ និងជាមិត្តល្អ ជាមួយប្រជាជន និង រាជរដ្ឋាភិបាល កម្ពុជា ដើម្បីជាប្រយោជន៍ ដល់ ប្រជាជន និង ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្នុង នោះ ការចូលរួម គាំទ្រ ដល់ ការងារ បោសសម្អាត មីន មិនមែនគ្រាន់តែដើម្បីថែរក្សាសន្តិភាពប៉ុណ្ណោះទេ គឺ ដើម្បីកសាងមូលដ្ឋានគ្រឹះសំរាប់ភាពរុងរឿងរបស់ប្រទេស កម្ពុជា។

លោក Elliott Kirton តំណាង ស្ថានទូតប្រទេសនូវែលសេឡង់ ប្រចាំនៅប្រទេសថៃ បានសម្តែងនូវការពេញ ចិត្ត ចំពោះ ការ គាំទ្រ ដល់ ការ ងារ បោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីន ដើម្បី លទ្ធផលដំណាក់កាលទី៤។

ជាលទ្ធផលអង្គប្រជុំបានឯកភាពគ្នាដូចតទៅ៖
១/. អាជ្ញាធរមីន និង UNDP រៀបចំធ្វើបច្ចុប្បន្នភាពឯកសារគម្រោង (Project Document) ដើម្បី បន្ថែមសកម្មភាពចាំបាច់មួយចំនួន បន្ទាប់ពីការវាយតម្លៃនានាក្នុងការអនុវត្តកន្លងមក។
២/. បន្តសកម្មភាពគម្រោងតាមផែនការឆមាសទី២ ឆ្នាំ២០២១។
៣/. ឯកភាពលើដំណើរទស្សនកិច្ចពិនិត្យប្រតិបត្តិការបោសសម្អាតមីននៅទីវាល និងពិនិត្យតម្រូវ ការ នានា របស់ប្រជាជន បន្ទាប់ពីទទួលដីសុវត្ថិភាព

ក្រៅពីម្ចាស់ជំនួយក្នុងគម្រោងនេះមានប្រទេស ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ដទៃទៀត បាន នឹង កំពុងចូលរួម គាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសម្អាតមីននៅកម្ពុជារួមមាន៖ សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ស្វីស ចិន ន័រវែស កាណាដា អៀរឡង់ និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ ។

គិតត្រឹមខែមិថុនា ឆ្នាំ២០២១ នេះកម្ពុជាបាន ធ្វើការបោសសម្អាតមីន និង សំណល់ជាតិ ផ្ទុះពីសង្រ្គាមលើ ផ្ទៃដីចំនួន ២,២២១ គីឡូម៉ែត្រការ៉េ រកឃើញ និងកម្ទេចគ្រាប់មីនប្រឆាំងមនុស្សបានចំនួន ១,១០៣,១៩២ គ្រាប់មីនប្រឆាំងរថក្រោះ ចំនួន ២៥,៦០៣ គ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ២,៩០៩,៧៦៤ គ្រាប់ដោយមានអ្នកទទួលផល ៣,៣៣៥,៦៨៦ គ្រួសារ និង ៧,១៩៦,៩៦៥ នាក់ ហើយ ផ្ទៃដីដែលបានបោសសម្អាតរួច ត្រូវបានយកមកប្រើប្រាស់ សម្រាប់វិស័យ កសិកម្ម ៨៧% និង ផ្ទៃដីនៅសល់ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្សេងទៀតដូចជាសាងសង់ លំនៅដ្ឋានសាលារៀន មណ្ឌលសុខភាព ហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយគ្រោះថ្នាក់ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម