ព័ត៌មានជាតិ
កម្ពុជា គាំទ្រការធ្វើកំណែទម្រង់អង្គការ ពាណិជ្ជកម្មពិភពលោក
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានប្រាប់សហភាពអឺរ៉ុបថាកម្ពុជាគាំទ្រការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក( WTO )ទាំងក្របខ័ណ្ឌច្បាប់ និងដំណើរការស្ថាប័ន ក៏ប៉ុន្តែការធ្វើកំណែទម្រង់នេះ ត្រូវផ្តោតនិងគិតគូរជាសំខាន់ផងដែរ ចំពោះរាល់បញ្ហាជាការព្រួយបារម្ភរបស់គ្រប់សមាជិក ជាពិសេសសមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច (LDCs)។
ការលើ្ឡកឡើងរបស់កម្ពុជានេះបានធ្វើឡើងក្នុងឱកាសចូលរួមពិភាក្សាជាមួយតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប លើគោ នយោបាយ ពាណិជ្ជកម្មសហភាពអឺរ៉ុប ក្នុងការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងទិសដៅអាទិភាពសម្រាប់កិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ នៃអង្គការ WTO (MC12)។
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មដែលបានដឹកនាំកិច្ចប្រជុំជាមួយតំណាងសហភាពអឺរ៉ុបកាលពីចុងសប្តាហ៍កន្លងទៅនេះបានបញ្ជាក់អំពីគោលជំហរកម្ពុជា ក្នុងការគាំទ្រការស្តារទ្បើងវិញនូវដំណើរការពេញលេញរបស់ប្រព័ន្ធដោះស្រាយវិវាទអង្គការ WTO ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការប្រើប្រាស់យន្តការឯកតោភាគី និងគោលនយោបាយគាំពារនិយម។ លោក ប្រធានក៏បានបន្តថា« កម្ពុជាគាំទ្រនូវការធ្វើកំណែទម្រង់អង្គការ WTO ទាំងក្របខ័ណ្ឌច្បាប់ និងដំណើរការ ស្ថាប័ន ក៏ប៉ុន្តែការធ្វើកំណែទម្រង់នេះ ត្រូវផ្តោតនិងគិតគូរជាសំខាន់ផងដែរ ចំពោះរាល់បញ្ហាជាការព្រួយបារម្ភរបស់គ្រប់សមាជិក ជាពិសេសសមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច (LDCs)»។

អង្គប្រជុំបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃពាណិជ្ជកម្មអន្តរជាតិក្រោមក្របខ័ណ្ឌអង្គការ WTO គោលនយោបាយពាណិជ្ជកម្មថ្មីរបស់ EU ក្នុងការធ្វើកំណែទម្រង់អង្គការ WTO និងទិសដៅអាទិភាព មួយចំនួនសម្រាប់កិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ នៃអង្គការ WTO (MC12) ដែលនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០២១ ខាងមុខ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោក Ignacio Garcia Bercero មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មនៃគណៈកម្មការ EU និងលោក Petros Sourmelis ប្រធានផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ច EU បានជម្រាបជូនអង្គប្រជុំ អំពីទិសដៅអាទិភាពនៃគោលនយោបាយពាណិជ្ជកម្មថ្មីរបស់ EU ដោយផ្តោតសំខាន់លើការដោះស្រាយបញ្ហាជាប់គាំងប្រព័ន្ធដោះស្រាយវិវាទនៃអង្គការ WTO ការកំណត់និងសម្រេចបាននូវសមិទ្ធផលវិជ្ជមានពីកិច្ចប្រជុំ MC12 រួមមានជាអាទិ៍ ការបញ្ចប់ការចរចាកិច្ចព្រមព្រៀង ស្តីពីការឧបត្ថម្ភធនវិស័យជលផល (Fisheries Subsidies) និងការជំរុញការចរចាពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក (E-Commerce) ជាដើម និងការធ្វើកំណែទម្រង់អង្គការ WTO ឱ្យឆ្លើយតបទៅនឹងបរិការណ៍នៃវិបត្តិជំងឺឆ្លងសកល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាការឆ្លើយតបលើបញ្ហាវិបត្តិជំងឺឆ្លងរាតត្បាតជាសកល លោករដ្ឋលេខាធិការប្រធានអង្គប្រជុំ បានបញ្ជាក់ អំពីសារៈសំខាន់នៃការបន្តផ្តល់នូវភាពបត់បែន (Flexibilites) និងប្រព្រឹត្តិកម្មពិសេសនិងដាច់ដោយឡែក (Special and Differential Treatment – SDT) ផ្សេងទៀត ដល់ប្រទេស LDCs រួមទាំង កម្ពុជាផងដែរ ក្នុងពាណិជ្ជកម្មអន្តរជាតិ។
លោកប្រធាន ក៏បានជម្រាបជូននូវផែនការគោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា ពីវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១-២០២៣ សំដៅរក្សានិងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការធានារក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លើគន្លងនៃប្រក្រតីភាពថ្មី ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក។ ពាក់ព័ន្ធនឹងការចរចាលើកិច្ចព្រមព្រៀង ស្តីពីការឧបត្ថម្ភធនវិស័យជលផល (Fisheries Subsidies)លោករដ្ឋលេខាធិការប្រធានអង្គប្រជុំ បានជម្រាបជូន អំពីគោលជំហររបស់កម្ពុជាក្នុងគាំទ្របញ្ចប់ការចរចាលើការឧបត្ថម្ភធនវិស័យជលផលឱ្យបានចប់មុន កិច្ចប្រជុំ MC12 ក៏ប៉ុន្តែស្នើសុំឱ្យសមាជិកទាំងអស់ ពិចារណាផ្ដល់ភាពបត់បែនពេញលេញដល់ប្រទេស LDCs ជាពិសេសការឧបត្ថម្ភធនវិស័យជលផលសម្រាប់ការនេសាទខ្នាតតូច ខ្សត់ឧបករណ៍ និងការនេសាទសម្រាប់បម្រើជីវភាពប្រចាំថ្ងៃ។
អង្គប្រជុំក៏បានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចា E-Commerce ក្រោមក្របខ័ណ្ឌអង្គការ WTO ហើយបានកត់សម្គាល់ពីការចូលរួមរបស់កម្ពុជា ក្នុងនាមជាអ្នកអង្កេតការណ៍ក្នុងកិច្ចចរចានេះ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងអភិវឌ្ឍច្បាប់ បទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រក្នុងការលើកកម្ពស់វិស័យ E-Commerce នៅកម្ពុជា ផងដែរ។
តំណាង EU បានបង្ហាញគោលជំហរបន្តគាំទ្រដល់កម្ពុជាក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសក្នុងបរិការណ៍នៃជំងឺឆ្លងរាតត្បាតសកលកូវីដ-១៩ និងការស្តារទ្បើងវិញនូវសេដ្ឋកិច្ច សង្គម និងការបន្តពិភាក្សាលើវឌ្ឍនភាពការងារពាក់ព័ន្ធនាពេលខាងមុខ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី