ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន៖ វ៉ាក់សាំងកូវីដ-១៩ សម្រាប់កុមារ មានប្រសិទ្ធភាពរហូត៩៨%
ឆ្លើយតបទៅនឹងចម្ងល់អំពីប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់របស់សាធារណរដ្ឋចិន ដែលកម្ពុជាកំពុងប្រើប្រាស់ចាក់ជូនកុមារអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពសឹងតែ១០០ភាគរយចំពោះក្រុមកុមារគោលដៅ។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះថា ចំពោះវ៉ាក់សាំងស៊ីណូវ៉ាក់ដែលជ្រើសរើសចាក់ជូនកុមារពី១២ដល់ក្រោម១៨ឆ្នាំ នេះ គឺមានក្រុមអ្នកបច្ចេកទេសធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ ទន្ទឹមពេលនោះយើងសង្កេតឃើញថា នៅតាមបណ្ដាប្រទេសមួយចំនួនក៏មានការចាក់វ៉ាក់សាំងកុមារនេះដែរ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “ដោយសារនៅអាមេរិកអី គេប្រើវ៉ាក់សាំងរបស់គេ ពីព្រោះគេផលិតវ៉ាក់សាំងស្រាប់ហើយ។ ដោយឡែកនៅសាធារណរដ្ឋចិន ក៏មានការប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ សម្រាប់ចាក់ទៅដល់កុមារតាំងពីអាយុ៣ឆ្នាំមកឯណោះ ហើយកន្លងមកនេះយើងក៏ទទួលបានព័ត៌មានថា ក៏មានការចាក់ផងដែរសម្រាប់កុមារអាយុពី៧ឆ្នាំ ទៅក្រោយ១៨ឆ្នាំ”។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រូបនេះ លើកឡើងថា ក្រសួងសុខភិបាលបានទទួលព័ត៌មានជាហូរហែ ទន្ទឹមពេលការសិក្សាក៏បង្ហាញច្បាស់ ថាអត់មានអីដែលបង្ហាញថាវ៉ាក់សាំងនេះមានផលរំខាន ឬប៉ះពាល់អីធ្ងន់ធ្ងរទៅដល់សុខភាពកុមារអាយុពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំនេះ ផ្ទុយទៅវិញវ៉ាក់សាំងនេះបានផ្ដល់ប្រសិទ្ធភាពខ្ពស់សម្រាប់ក្រុមអាយុនេះ ដោយសារវ៉ាក់សាំងនេះឆ្លើយតបបានរហូតដល់៩៨ភាគរយឯណោះ។
លោកស្រីេវជ្ជបណ្ឌិតមានប្រសាសន៍ថា៖ “ដោយសារវ៉ាក់សាំងនេះផលិតតាមបែបលក្ខណៈបុរាណ ដែលធ្លាប់ប្រើប្រាស់សម្រាប់ផលិតវ៉ាក់សាំងដទៃទៀត ដូចជាវ៉ាក់សាំងក្អកមាន់ ខាន់ស្លាក់ ស្អូច កញ្ជ្រិល និងវ៉ាក់សាំងផ្សេងៗទៀត ដែលយើងបានប្រើប្រាស់សម្រាប់កុមារក្រោយអាយុ៥ឆ្នាំ អ៊ីចឹងរបៀបរបបនៃការផលិតវ៉ាក់សាំងនេះ គឺមានភាពប្រហាក់ប្រហែលគ្នា”។

រដ្ឋលេខាធិការក្រសួង សុខាភិបាល រូបនេះ ថ្លែងបន្តថា ដោយសារវ៉ាក់សាំងដែលកម្ពុជាកំពុងប្រើប្រាស់សម្រាប់កុមារអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំនេះ ក៏ជាវ៉ាក់សាំងដែលអង្គការសុខភាពពិភពលោកទទួលស្គាល់នូវប្រសិទ្ធភាព និងគុណភាពរួចហើយ ដោយបានដាក់បញ្ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “នេះជាការគិតគូរ និងជាការឆ្លាតវៃរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីដែរ ដែលលោកបានសម្រេចចិត្តដ៏ត្រឹមត្រូវ និងបានលឿន សម្រាប់ការផ្ដល់វ៉ាក់សាំងដល់កុមារនេះ ទន្ទឹមយើងឃើញហើយ វីរុសដែលតា កំពុងតែចរាចរណ៍ និងវាយលុកនៅក្នុងប្រទេសយើងដែរ។ អ៊ីចឹងនេះជាវិធានការ ជាយុទ្ធសាស្ត្ររបស់សម្ដេចតេជោ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេសតែម្ដង”។

គួររំលឹកថា កាលពីព្រឹកថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវជន អាយុចាប់ពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ នៅវិមានសន្តិភាព។ វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យនេះ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន។ យុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ដែលមានចំនួនប្រមាណ ២លាននាក់នេះ បានចាប់ផ្តើមចេញពីរាជធានីភ្នំពេញដំបូងគេ បន្ទាប់មកបន្តទៅខេត្តកណ្តាល ព្រះសីហនុ កោះកុង និងបណ្តាខេត្តដទៃទៀត។ ការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំនេះ ឈរលើគោលការណ៍ស្ម័គ្រចិត្ត និងមិនបង់ថ្លៃ ដូចការចាក់ជូនអ្នកមានអាយុ១៨ឆ្នាំឡើងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


