ព័ត៌មានជាតិ
ខេត្តទាំង១០នេះ នៅមិនទាន់កំណត់ថ្ងៃ បើកដំណើរការសាលារៀនឡើងវិញទេ
គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ មានខេត្តចំនួន១០ទៀត នៅមិនទាន់បានបើកដំណើរការសាលារៀនឡើងវិញ នៅឡើយទេ ក្នុងនោះមានខេត្តខ្លះកំពុងរៀបចំបើកដំណើរការនាពេលខាងមុខនេះ និងខេត្តខ្លះទៀត កំពុងមានការរាតត្បាតជំងឺកូវីដ១៩នៅឡើយ។

ខេត្តទាំង១០នោះរួមមាន ខេត្តកែប កំពត ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគីរី ត្បូងឃ្មុំ សៀមរាប កំពង់ឆ្នាំងនិងខេត្តស្វាយរៀង។ ក្នុងចំណោមខេត្តទាំងនោះ មានខេត្តសៀមរាប កំពុងទទួលរងនូវការរាតត្បាតយ៉ាងធ្ងន់ធ្ងរ បង្ខំឱ្យអាជ្ញាធរខេត្តត្រូវបិទខ្ទប់តំបន់មួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ។ ខេត្តព្រះវិហារ ក៏មានការឆ្លងគួរឱ្យកត់សម្គាល់ដែរ ដោយអាជ្ញាធរ បានសម្រេចបិទខ្ទប់ និងកំណត់ភូមិប្រើសក្អក ជាតំបន់ក្រហម ស្ថិតនៅឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ រយៈពេល២សប្តាហ៍ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។ ក្រៅពីនេះ ខេត្តផ្សេងៗទៀត ដោយសារសាលាជាប់ធ្វើជាមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ដែលទាមទារឱ្យអាជ្ញាធរធ្វើការបោសសំអាតនិ ងបាញ់ថ្នាំសម្លាប់មេរោគជាមុនសិន មុននឹងអនុញ្ញាតឱ្យសិស្សចូលរៀន។


រីឯរាជធានីខេត្តទាំង១៥ ដែលបានបើកដំណើរការសាលាឡើងវិញនោះ រួមមានខេត្តព្រះសីហនុ បើកនៅថ្ងៃទី១៣កញ្ញា រាជធានីភ្នំពេញ ខេត្តកណ្តាល ពោធិ៍សាត់ ប៉ៃលិន ព្រៃវែង និងបន្ទាយមានជ័យ បើកនៅថ្ងៃទី១៥កញ្ញា។ តាកែវ កោះកុង កំពង់ធំ ឧត្តរមានជ័យ រតនគីរី ឧត្តរមានជ័យ បាត់ដំបង និងកំពង់ចាម បើកនៅថ្ងៃទី២០កញ្ញានេះ និងខេត្តស្វាយរៀងគ្រោងបើក នៅថ្ងៃទី២៧កញ្ញាដើមសប្តាហ៍ក្រោយ។

ជាកត់សម្គាល់ ក្នុងចំណោមសាលាដែលបើកដំណើរការឡើងវិញ ភាគច្រើនបើកថ្នាក់ទី៩និងថ្នាក់ទី១២សិនទេ ព្រោះជាឆ្នាំដែលសិស្សត្រូវចូលរួមប្រឡងយកសញ្ញាប័ត្រខាងពេលខាងមុខនេះ។ ចំពោះសាលា ដែលមិនទាន់បើកត្រូវសិក្សាតាមរយៈពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូចនិក ឬការចែក សន្លឹកកិច្ចការដល់សិស្ស ឬការសិក្សាតាម បែបចម្រុះ។ ចំណែក លោកសៀម ប៊ុនរិទ្ធី អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា ជាជំហានដំបូងនេះ ខេត្តបាត់ដំបងបើកសាលារៀន ដោយផ្តោតតែទៅលើសិស្សថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ប៉ុណ្ណោះ។ ចំណែកសិស្សថ្នាក់ផ្សេងទៀត នៅតែបន្តរៀនតាមអនឡាញឬពីចម្ងាយ។
លោកបានបន្តថា ការបើកជាជំហានៗនេះ ដោយសារបច្ចុប្បន្ននេះ សកម្មភាពជំងឺកូវីដ១៩នៅ ក្នុងខេត្តនៅមិនទាន់ធូរស្រាលនៅឡើយទេ ដោយសារមានប្រជាពលរដ្ឋមួយចំនួន មិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រដ្ឋបាលខេត្ត ដូចជាមិនពាក់ម៉ាស មានការជួបជុំគ្នាលេងល្បែងស៊ីសងនិងផឹកស៊ីជាដើម។

លោកបានបន្តទៀតថា ជាវិធានការរដ្ឋបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុកឃុំត្រីវរៀបចំមេក្រូដាក់ផ្សព្វផ្សាយ ពីវិធានការការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាននានា ដើម្បីឱ្យពួកគាត់បានយល់ដឹងចូលរួមទប់ស្កាត់ទាំងអស់គ្នា មុននឹងរដ្ឋបាលខេត្តអនុវត្តវិធានការរដ្ឋបាល និងច្បាប់ចំពោះអ្នកមិនពាក់ម៉ាស និងរក្សាគម្លាត ព្រោះខេត្តបាត់ដំបងជាខេត្តកាតព្វកិច្ច ដែលក្រសួងបានដាក់អនុវត្តរួចហើយ។
យ៉ាងណាក៏ដោយ គ្រប់សាលាដែលបើកដំណើរការត្រូវ អនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយធ្វើការពាក់ម៉ាស លាងដៃជាមួយអាល់កុល ឬជែល ការរក្សាគម្លាតសុវត្ថិភាពពីគ្នា និងហាមជួបជុំគ្នាជាក្រុម ដែលនាំឱ្យមានការឆ្លងមេរោគកូវីដ-១៩ ដោយប្រការណាមួយ។

លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានឲ្យដឹងថា ការបើកឲ្យដំណើរការសាលានេះដែរ ត្រូវបានអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ(SOP) រួមមាន៖ ការរក្សាគម្លាត លាងសម្អាតបន្ទប់រៀន បន្ទប់ទឹក ការរៀបចំកន្លែងលាងដៃ មានសាប៊ូ អាល់កុល ឬជែល ការត្រៀមម៉ាស៊ីនវាស់កម្ដៅ ម៉ាស ការរៀបចំបន្ទប់សម្រាប់សង្គ្រោះបឋម និងអ្នកប្រចាំការ ហើយទន្ទឹមគ្នានេះសាលារៀន ត្រូវរៀបចំគណៈកម្មការសុខភាព រៀបចំក្រុមប្រឹក្សាកុមារនិងយុវជន ដើម្បីជួយសម្រួលក្នុងការវាស់កម្ដៅ និងបាញ់អាល់កុល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងរក្សាសុវត្ថិភាពសិក្សា របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?