ព័ត៌មានជាតិ
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បង្ហាញពី សារៈនៃ ការអាន និង ការកត់ត្រា
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) បានមានប្រសាសន៍ នៅថ្ងៃទី ២ ខែធ្នូនេះថា ការអានបានជួយបណ្តុះឱ្យមានអ្នកស្រាវជ្រាវ ចងក្រង អ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយ ដែលអាចនឹងមានអ្នកចងក្រងប្រវត្តិសាស្ត្រពិតជុំវិញរឿងសង្គមជាតិ មិនថារឿងសាសនា វប្បធម៌-ប្រពៃណី រឿងស្វ័យជីវប្រវត្តិ រឿងអក្សរសិល្ប៍ អក្សរសាស្ត្រ និងអ្វីៗផ្សេងទៀតដែលមានសារៈសំខាន់សម្រាប់ប្រទេសជាតិមួយ។

លោកបានឱ្យដឹងថា អ្នកនិពន្ធល្បីៗជាច្រើន គឺប្រសូត្រចេញពីទម្លាប់កត់ត្រាកំណត់ហេតុជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ទម្លាប់បែបនេះ ធ្វើឱ្យខួរក្បាលយើងចងចាំល្អ និងរីកចម្រើនបានលឿន។ កាលណាខួរក្បាលរីកចម្រើន ធ្វើឱ្យយើងកាន់តែចង់អាន ចង់ដឹង និងចង់ស្រាវជ្រាវបន្ថែមទៀត ដើម្បីចងក្រងរឿងរ៉ាវក្នុងសង្គមជាតិយើង។ ប៉ុន្តែ បើយើងមិនអាន ហើយពុំមានទម្លាប់កត់ត្រា នោះរឿងរ៉ាវក្នុងមួយថ្ងៃៗនឹងរំលងផុតទៅដោយទទេៗ។
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍បន្តថា៖ “ពេលខ្លះយើងពុំដឹងថាខ្លួនឯងបានជោគជ័យអ្វី ឬបរាជ័យអ្វីនោះទៅទៀត។ ម៉្លោះហើយ បើយើងមានទម្លាប់អាន និងកត់ត្រាជាប្រចាំ នោះខួរក្បាលយើងរីកចម្រើនលឿន ហើយអាចអង្កេតតាមដានរាល់សម្មភាព និងរឿងរ៉ាវដែលខ្លួនបានធ្វើ បានឆ្លងកាត់។ បើធ្វើបានល្អ យើងរកវិធីធ្វើឱ្យកាន់តែល្អ តែបើធ្វើមិនបានល្អ យើងរៀបចំផែនការកែសម្រួលអ្វីដែលនឹងធ្វើបន្ទាប់មកទៀត”។
អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន រូបនេះបញ្ជាក់ថា ការអាន និងការកត់ត្រានេះ ពុំចាំបាច់តែស្ថិតក្នុងផ្លូវការនោះទេ យើងអាចអាន និងកត់ត្រាបានគ្រប់ពេល យើងអានដើម្បីកម្សាន្តចិត្ត កត់ត្រាដើម្បីចងចាំ និងសម្រួលអារម្មណ៍តានតឹង។ យើងបង្ហូរអារម្មណ៍តានតឹង ទុក្ខព្រួយ ឬរំភើបឱ្យហូរលើក្រដាស។

លោក គួច ម៉េង លី មានប្រសាសន៍ថា៖ “យើងអាន និងកត់ត្រាដើម្បីជួយដល់កិច្ចការស្រាវជ្រាវ បណ្តុះបញ្ញវន្តភាព និងបង្កើតឱ្យមានបណ្ឌិតពិត។ មួយឆមាសយើងអាចអាន៥ទៅ១០ក្បាល អ៊ីចឹងមួយឆ្នាំ១០ទៅ២០ក្បាល។ អានបានដប់ទៅម្ភៃស្នាដៃ យើងអាចចាប់ផ្តើមរៀនកត់ត្រា។ ចំពោះពេលវេលាអាន យើងអាចអាននៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ ថ្ងៃបុណ្យជាតិធំៗ អានពេលទំនេរនៅផ្ទះ អានក្រោយពេលភ្ញាក់ពីគេង ឬមុនចូលគេង។ បើយើងអានតាំងពីក្មេង ក្រោយធំឡើង អ្វីៗដែលយើងបានអាននោះអាចដិតដាមក្នុងចិត្ត ជួយឱ្យយើងនិយាយចេញមកដោយងាយ ហើយមានតឹកតាងច្បាស់លាស់”។
លោកបានបង្ហាញថា នៅបរទេស សង្គមសាលារៀន និងអាណាព្យាបាលបានបង្រៀនឱ្យសិស្សានុសិស្សឱ្យចូលចិត្តអានតាំងពីក្មេង។ គេបង្រៀនឱ្យរៀនអានកាសែត ទស្សនាវដ្តី ប្រលោមលោក កំណាព្យ រឿងព្រេងនិទានបុរាណ រឿងស្នេហា អានវិទ្យាសាស្ត្រពិត វិទ្យាសាស្ត្រសង្គម…ដែលយូរៗសឹងតែលែងមានអ្វីអាន។ ប៉ុន្តែនៅស្រុកអភិវឌ្ឍ គឺមិនខ្វះឯកសារអាននោះទេ យើងអានដល់បីជំនាន់ទៀត ក៏អានមិនអស់នោះដែរ។
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា៖ “កាលពេលមុន ខ្ញុំធ្លាប់ប្រៀបធៀបលេងថា សិស្សខ្មែរយើងខ្លះ ទោះអានមួយជីវិត ក៏សឹងមិនស្មើនិស្សិតស្រុកគេអានមួយខែផង។ ប៉ុន្តែខ្ញុំលែងគិតបែបហ្នឹងហើយ ក្រោយឈ្វេងយល់ពីស្ថានភាពប្រជានជន ដ្បិតយើងស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍ។ បច្ចុប្បន្ននេះ ប្រជាជនយើងក៏ចាប់ផ្តើមចូលចិត្តការអានបានច្រើនជាងមុនផងដែរ បើទោះបីកំណើននេះមិនទាន់អាចធៀបនឹងគេបានក្តី”។

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ជឿជាក់ថា បើសិនសាលារៀននីមួយៗបង្កើតឱ្យមានវេទិកាអំណានជាប្រចាំ ជំរុញសិស្សឱ្យចូលអាន និងស្រាវជ្រាវក្នុងបណ្ណាល័យ ជាជាងចាក់សោរទ្វារបណ្ណាល័យក្នុងសាលាចោល បំផុសបំផុលសកម្មភាពអំណានឱ្យមានរៀងរាល់សប្តាហ៍ នោះសិស្សានុសិស្សនឹងផ្លាស់ប្តូរទម្លាប់មកស្រឡាញ់សៀវភៅ ស្រឡាញ់ការសិក្សាស្រាវជ្រាវជាក់ជាមិនខាន៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ស្ថានទូតរុស្ស៊ី ឆ្លើយមួយសំណួរ ដែលពិភពលោក ចង់ដឹងបំផុត ពាក់ព័ន្ធលោក ពូទីន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផេនខេក ឆ្លងកាត់រឿងអ្វីខ្លះ មុនឈានដល់ចំណុចនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
ចំណោទរឿងគប់ស្បែកជើង ទូតអាមេរិកមិនទាន់មានពាក្យពេចន៍ឆ្លើយតបសម្តេចតេជោទេ
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
Mai Davika ប៉ះជាមួយតារាល្បីៗលំដាប់ពិភពលោក ក្នុងកម្មវិធីមួយនៅ អ៊ីតាលី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
លែងយល់មុខ ! ម៉ាដូណា ទម្លាយមុខបុគ្គល២រូប ម្នាក់ជាឧកញ៉ា និងម្នាក់ទៀតជាអ្នកចម្រៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្ដេចតេជោ ហ៊ុន សែន ស្ទើរគាំងបេះដូង ពេលទស្សនាការផ្សាយផ្ទាល់តាមបណ្ដាទូរទស្សន៍
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ពេជ្រ ចរណៃ ទម្លាយមូលហេតុខ្វះខាតធនធានផលិតវីដេអូផ្សព្វផ្សាយក្បាច់គុនបុរាណ និងវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន
ចាំទេ អ្នកគប់ស្បែកជើងលើលោក George W. Bush ជាប់ពន្ធនាគារ ប៉ុន្មានឆ្នាំ?