ព័ត៌មានជាតិ
ក្រុមហ៊ុន Smart Axiata ចាប់ផ្តើមយុទ្ធនាការអក្ខរកម្មឌីជីថល ដើម្បីជួយពលរដ្ឋកម្ពុជាឱ្យប្រើប្រាស់ប្រព័ន្ធអ៉ិនធឺណិតប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការអក្ខរកម្មឌីជីថល ដែលមានកម្មវិធីពិភាក្សាលើប្រព័ន្ធអ៉ិនធឺណិត និងសៀវភៅណែនាំស្ដីពីអក្ខរកម្មឌីជីថល ក្នុងបំណងជួយឱ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ប្រព័ន្ធអ៉ិនធឺណិតប្រកបដោយសុវត្ថិភាព ក៏ដូចជាជួយសិស្សានុសិស្សឱ្យចេះប្រើប្រាស់មុខងារឌីជីថលកាន់តែប្រសើរក្នុងការរស់នៅប្រចាំថ្ងៃ និងការសិក្សារៀនសូត្ររបស់ពួកគេ។

កម្មវិធី “សុវត្ថិភាពលើប្រព័ន្ធអ៉ិនធឺណិត និងការការពារក្មេងវ័យជំទង់ក្នុងយុគសម័យឌីជីថល” មានចាក់ផ្សាយភាគទីមួយ និងភាគទីពីរលើទំព័រហ្វេសប៊ុក Smart for Cambodia និងទំព័រហ្វេសប៊ុក Kit Kou Kon ។ ភាគទី ៣ នឹងត្រូវចាក់ផ្សាយក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ កម្មវិធីកិច្ចពិភាក្សានេះត្រូវបានផលិតឡើងដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ លើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (CBRD) គិតគូរកូន (Kit Kou Kon) អង្គការយូនីសេហ្វកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលជាដៃគូ រួមទាំងអង្គការសកម្មភាពដើម្បីកុមារ (APLE) និងអង្គការបុត្តាភិបាល ដើម្បីវឌ្ឍនសង្គមកម្ពុជា (ICS)។


កម្មវិធីពិភាក្សាតាមអនឡាញ ដែលមាន ៣ ភាគ ហើយភាគនីមួយៗ មានរយៈពេល ២០នាទីនេះ បង្ហាញពីឱកាស និងហានិភ័យពាក់ព័ន្ធនឹងការប្រើប្រាស់អ៉ិនធឺណិតរបស់កុមារ និងក្មេងវ័យជំទង់ ខណៈក្រុមអ្នកជំនាញក៏បានផ្ដល់ការណែនាំស៊ីជម្រៅផងដែរ អំពីការចិញ្ចឹមកូនក្នុងសម័យឌីជីថលសម្រាប់អាណាព្យាបាល និងគន្លឹះវិធីសាស្ដ្រជួយឱ្យក្មេងវ័យជំទង់មានសុវត្ថិភាពលើប្រព័ន្ធអ៊ិនធឺណិត។ ក្រៅពីការអប់រំ ក៏មានកម្មវិធីកម្សាន្ដដែលជាការសម្ដែងសិល្បៈផងដែរពីសំណាក់សិល្បករ និងសិល្បការនីល្បីឈ្មោះរួមមាន ក្រុមក្មេងខ្មែរ និងកញ្ញា ចិត្ត កញ្ជនា។


លោក Feiruz Ikhwan នាយកប្រតិបត្ដិស្តីទីរបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “ស្របពេលដែលប្រទេសកម្ពុជាកំពុង សម្រេចគោលដៅសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន ក្រុមហ៊ុន Smart ក៏កំពុងសហការជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការប្រែក្លាយសង្គមតាមរយៈបច្ចេកវិទ្យាឌីជីថល និងគ្រឹះសម្រាប់អក្ខរកម្មឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្ដួចផ្ដើមនេះ នឹងជួយពង្រឹងសមត្ថភាពសិស្សានុសិស្សក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថលផ្សេងៗ ដើម្បីឆ្ពោះទៅកាន់របៀបរបបរស់នៅបែបឌីជីថលកាន់តែទំនើបក្នុងជីវិតប្រចាំថ្ងៃ ការងារ និងការសិក្សារបស់ពួកគេ។ កម្មវិធីពិភាក្សាលើប្រព័ន្ធអ៉ិនធឺណិតនេះ ក៏នឹងផ្ដល់ការអប់រំទៅកាន់មនុស្សកាន់តែច្រើនថែមទៀតអំពីវិធី ដែលពួកគេអាចការពារខ្លួនឯង និងមនុស្សជាទីស្រឡាញ់របស់ពួកគេ នៅពេលដែលពួកគេប្រើប្រាស់អ៉ិនធឺណិត”។
ក្រុមហ៊ុន Smart និងក្រសួងអប់រំយុវជន និងកីឡា ក៏នឹងបង្កើត “សៀវភៅណែនាំស្តីពីអក្ខរកម្មឌីជីថល” ផងដែរ ដែលនឹងចែកចាយទៅកាន់សិស្សានុសិស្សទូទាំងប្រទេស ចាប់ពីខែកុម្ភៈឆ្នាំក្រោយទៅ។ សៀវភៅមគ្គុទ្ទេសក៍ ដែលមានកម្រាស់ជាង៣០ទំព័រនេះ នឹងអប់រំសិស្សានុសិស្សអំពីរបៀបប្រើប្រាស់អ៊ិនធឺណិតប្រកបដោយផលិតភាព ខណៈដែលណែនាំពួកគេអំពីរបៀបការពារខ្លួនឯងផងដែរ។
អ្នកស្រី តាន់ សុដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងថា “កិច្ចការពារកុមារលើប្រព័ន្ធអនឡាញត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះរួមទាំងប្រតិបត្តិករទូរគមនាគមន៍ដែរ។ ការបង្កើតឡើងនូវកម្មវិធីជជែកពិភាក្សាអំពីបញ្ហានេះរបស់ក្រុមហ៊ុនស្មាត អាស្យាតា គឺជាគំរូដ៏ល្អមួយ ដែលបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់ប្រតិបត្តិករទូរគមនាគមន៍ ក្នុងការគិតគូរពីសុវត្ថិភាពអ៉ិនធឺណិតដល់សាធារណជន និងអតិថិជនរបស់ខ្លួន”។
ក្រុមហ៊ុន Smart Axiata បានគាំទ្រយ៉ាងស្វាហាប់ដល់ការសម្រេចគោលដៅឌីជីថលរបស់កម្ពុជា ហើយក្រុមហ៊ុនបានផ្តួចផ្តើមកម្មវិធីអប់រំបច្ចេកវិទ្យាឌីជីថលជាច្រើនរួមមានដូចជាកម្មវិធី SmartStart Young Innovator Program ដែលមានបំណងជំរុញ ផ្តល់លទ្ធភាព និងធ្វើឱ្យរីកចម្រើនគំនិតអាជីវកម្មពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងកម្មវិធី SmartSpark ដែលជាកម្មវិធីមួយដែលណែនាំមធ្យោបាយសំខាន់ៗដើម្បីដោះស្រាយបញ្ហាប្រឈមធំៗបំផុតរបស់កម្ពុជា។
ក្នុងឆ្នាំ២០១៩ ក្រោមការសហការជាមួយក្រុមហ៊ុន Google និងសមាគម GSMA ដែលជាសមាគមពាណិជ្ជកម្មពិភពលោកសម្រាប់ប្រតិបត្តិករបណ្តាញចល័ត ក្រុមហ៊ុន Smart បានបណ្តុះបណ្តាលសិស្សានុសិស្សកម្ពុជាជាង ១.៥០០នាក់នៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួនពីរអំពីព័ត៌មានដែលមានប្រយោជន៍ទាក់ទងនឹងអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអ៉ិនធឺណិត។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី និងសកម្មភាពទាក់ទងនឹងអក្ខរកម្មឌីជីថលរបស់ក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រហ្វេសប៊ុក Smartforcambodia ឬចូលទៅកាន់គេហទំព័រ Smartkh។ Youtubesmartaxiata។
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


