Connect with us

ព័ត៌មានជាតិ

អាជ្ញាធរគ្រឿងញៀន ស្នើ​ឱ្យ​ពិនិត្យ​ឡើង​វិញ​ការ​នាំ​ចូល​សារធាតុ​គីមីផ្សំ​វេជ្ជសាស្រ្ត​ អាច​កែច្នៃ​ចេញ​ជា​គ្រឿង​ញៀន

បានផុស

នៅ

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បាន​ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បង្កើន​ការ​ត្រួត​ពិនិត្យប​ន្ថែម​ទៀត​លើ​មុខ​ទំនិញ​វេជ្ជសាស្រ្ត​ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ចូល​មក​កម្ពុជា​ អាច​កែច្នៃ​ចេញ​ជា​គ្រឿងញៀន​បាន​ ​ដើម្បីបង្ការ​ទប់ស្កាត់ ​កុំ​ឱ្យប្រទេសកម្ពុជា ក្លាយទៅជាគោលដៅសំខាន់ នៃផលិតគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះ បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ សមត្ថកិច្ច បានធ្វើការស្រាវជ្រាវរកឃើញ នៅតាមរោងចក្រ និង​សហគ្រាសមួយចំនួន បាននាំចូលសារធាតុគីមីផ្សំវេជ្ជសាស្រ្តមួយចំនួន ដែលអាចកែច្នៃ និង​ផលិ​ត​ជា​គ្រឿង​ញៀន​បាន។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំ ស្ដីពី​ការពង្រឹង​យន្តការ​អន្តរ​ក្រសួង​ត្រួត​ពិនិត្យ​សារធាតុគីមីផ្សំគ្រឿងញៀននៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​ ៥​ មករា នេះ​នៅទីស្ដី​ការ​គណៈរដ្ឋ​មន្រ្តី  លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធាន អជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមាន​ប្រ​សាសន៍​ថា បច្ចុប្បន្ននេះ ក្រុមឈ្មួញជួញដូរគ្រឿង និងក្រុមអ្នកផលិតគ្រឿងញៀន បាន​ផ្លាស់ប្ដូរ​ទិស​ដៅ ​ពីការដឹកជញ្ជូនគ្រឿងញៀនពីតំបន់មួយទៅមួយ ឬពីប្រទេសមួយទៅប្រទេសមួយទៀត មក​ផលិត​គ្រឿង​ញៀននៅក្នុងតំបន់វិញ ដើម្បីងាយស្រួលក្នុងការចែកចាយ។

លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា ការដែលក្រុមឈ្មួញ និងក្រុមអ្នកផលិតគ្រឿងញៀន ផ្លាស់​ទិស​ដៅ​ផលិត​នៅ​នឹងកន្លែងបែបនេះ គឺដោយសារតែវិបត្តិជំងឺកូវីដ១៩ ជាសកល ដែលធ្វើឲ្យការដឹកជញ្ជូនទំនិញ ឬការដឹកជញ្ជូនគ្រឿងញៀន មានការរិតបន្តឹងខ្លាំងនៅតាមតំបន់ព្រំដែន ទាំងជើងគោក ជើងទឹក និង​ជើង​អាកាស។ លោក ឧបនាយករដ្ឋមន្រ្តី បានស្នើដល់ក្រសួងសុខាភិបាល ក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងពាក់ព័ន្ធទាំងអស់ឱ្យធ្វើការពិនិត្យឡើងវិញចំពោះ ការនាំចូល​សារធាតុ​គីមីផ្សំវេជ្ជសាស្រ្តមួយចំនួនដូចជាសារគីមីផ្សំ  និង​ថ្នាំវេជ្ជសាស្រ្ត​មួយចំនួន​ដែល​អាច​កែច្នៃចេ​ញ​ជា​គ្រឿង​ញៀន​បាន​ ដើម្បី​បង្ការទប់ស្កាត់ កុំឱ្យប្រទេសកម្ពុជា ក្លាយទៅជាគោលដៅសំខាន់ នៃផលិតគ្រឿងញៀន។

ចំណែក លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សម្រាប់កិច្ចការងារត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀននេះ ក្រសួងសុខាភិបាល បាន​​ធ្វើការ​យ៉ាង​ជិត​ស្និត​បំផុត​ជាមួយ អង្គការសុខភាពពិភពលោក និងស្ថាប័នពាក់ព័ន្ធមួយចំនួននៅក្រៅប្រទេស ក្នុង​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​ជូនគ្នាទៅវិញទៅមក ដើម្បីគ្រប់គ្រងការនាំចូលសារធាតុគីមីផ្សំ មក​ផលិត​ជា​ឱសថ​នៅក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ឱសថ​ញៀន​ក៏ជាផ្នែក​មួយ​ដ៏សំខាន់​ក្នុង​ការ​ប្រើប្រាស់​នៅក្នុង​វិស័យ​វេជ្ជសាស្រ្ត​នៅក្នុង​ប្រទេស​ ដើម្បី​ព្យាបាល​អ្នក​ជំងឺ​។

លោកស្រី បានបញ្ជាក់ថា នៅកម្ពុជាមានរោងចក្រត្រឹម១០ភាគរយតែប៉ុណ្ណោះ ដែល​អាច​មាន​សមត្ថភាព​ផលិត​ចេញ​ជាឱសថ ខណៈ៩០ភាគរយទៀត គឺនាំចូលឱសថដែលផលិតរួចជាស្ថាពរពីក្រៅប្រទេស។ ទន្ទឹមនឹងនេះ ចំពោះរោងចក្រដែលក្រសួងអនុញ្ញាតនោះ គឺមន្រ្តីជំនាញមានការត្រួតពិនិត្យយ៉ាងតឹងរឹងបំផុត ទាំងការនាំចូល និងការផលិតឱសថ មុននឹងអនុញ្ញាតឲ្យម្ចាស់រោចក្រ និងសហគ្រាស ចែក​ចាយ​ឱសថ​ដែល​បាន​ស្នើសុំការផលិតនោះ លក់នៅលើទីផ្សារ។

គួរបញ្ជាក់ថា នៅចុងឆ្នាំ២០២១កន្លងទៅនេះ កម្លាំងនគរបាលជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ  បានបំបែកសំណុំរឿងកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំមួយករណី ដែល​ក្រុមឧក្រិដ្ឋជន​បម្រុង​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ បានដោយជោគជ័យ និងឈានទៅដល់ការរឹបអូសគ្រឿងញៀនប្រភេទ កេតាមីន (ម្ស៉ៅខេ) សរុប​ជាបន្ដបន្ទាប់ជាង២តោន នៅក្រុមហ៊ុន ស៊ីន យិនហ្វេង (ខេមបូឌា) អ៊ិនដាស់ស្រ្ទី ខូអិលឌីធី មាន​ទីតាំង​ស្ថិតនៅ ភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយដកហូតបាន សារធាតុគីមីផ្សំ ៩ប្រភេទ ទម្ងន់៨៤តោន ៤៥៤គ.ក្រ ១៦៥ក្រាម និងម៉ាស៊ីន ឧបករណ៍ សម្រាប់ផលិតកែច្នៃ គ្រឿងញៀន មួយចំនួនធំ ។ ថ្មីៗនេះ​ សមត្ថកិច្ច​ជំនាញ​ ក៏បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយធំ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ​និងគ្រឿងញៀន សរុបចំនួន ១៨១គីឡូ និង៣៧០ក្រាមផងដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២៤ នាទី មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម