Connect with us

សុខភាព

កម្ពុជា លើកទឹកចិត្ត KOFIH កូរ៉េ ពង្រីកវិសាលភាពកាត់បន្ថយអត្រាមរណៈភាពទារក កុមារ

បានផុស

នៅ

សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះ លើកទឹកចិត្ត KOFIH ពង្រីកវិសាលភាព កាត់បន្ថយអត្រាមរណៈភាពទារក និងកុមារនៅកម្ពុជា។ នេះបើតាមការផ្ដល់ព័ត៌មានពី ក្រសួងសុខាភិបាល នៅរសៀលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងខណៈ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានទទួលជួបជាមួយ សាស្ត្រាចារ្យ HA IL-Soo នាយកអង្គការ Korea Foundation for International Healthcare (KOFIH) និងលោក Song Yonggun ប្រធានប្រចាំប្រទេសកម្ពុជា និងក្រុមការងារ នៅទីស្តីការក្រសួងសុខាភិបាល។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសសើរ និងលើកទឹកចិត្តឱ្យអង្គការ KOFIH ពង្រីកវិសាលភាព នៃគម្រោងដែលកំពុងអនុវត្តទៅកាន់បណ្តាខេត្តមួយចំនួនទៀត ព្រមទាំងបង្កើតគម្រោងបន្ថែម ជាពិសេសផ្នែកការថែទាំទារកទើបនឹងកើត ដើម្បីរួមចំណែកកាត់បន្ថយអត្រាមរណៈភាពទារក និងកុមារនៅកម្ពុជា។

សាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្នើ KOFIH បន្តគាំទ្រការបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងមន្ទីរពេទ្យសាកលវិទ្យាល័យ ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធអគារផ្នែកសម្ពព និងកុមារ និងប្រព័ន្ធបញ្ជូន ព្រមទាំងបន្តពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការជាដៃគូជាមួយអង្គការ KOFIH ចាប់តាំងពី ឆ្នាំ២០១១ កន្លងមក និងបានគូសបញ្ជាក់ថា គម្រោងរបស់ KOFIH ពិតជាបានគាំទ្រ និងជួយចំកន្លែងដែលមានតម្រូវការ មានលក្ខណៈច្បាស់លាស់ និងនិរន្តរភាព ក្នុងគោលដៅបម្រើផលប្រយោជន៍សុខុមាលភាពរបស់ប្រជាជនកម្ពុជា និងលើកកម្ពស់សមត្ថភាពរបស់បុគ្គលិកសុខាភិបាល និងគុណភាពសេវាសុខាភិបាល។

សាស្ត្រាចារ្យ HA IL-Soo បានបញ្ជាក់អំពីជំហរពង្រឹកកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងការពង្រឹងការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ នៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា គម្រោងពង្រឹងការគ្រប់គ្រងជំងឺឆ្លង និងការឆ្លើយតបបន្ទាន់តាមតំបន់ព្រំដែននៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា ព្រមទាំងការពង្រីងវិសាលភាព នៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល តាមរយៈជំនួយបណ្តុះបណ្តាលធនធានមនុស្ស ក្រោមកម្មវិធីអាហារូបករណ៍ Dr LEE Jong-wook (LJWFP) និងគម្រោងលើកកម្ពស់គុណភាពការថែទាំបន្ទាន់ សម្រាប់គម្រោងថែទាំសម្ភព និងរោគស្ដ្រី និងការសង្គ្រោះទារកទើបនឹងកើត នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា (EmONC) រួមទាំង ការពង្រឹងសេវាថែទាំសុខភាព នៃអន្តរាគមន៍ដំបូង និងស្តារនីតិសម្បទាសម្រាប់ជនមានពិការភាពនៅប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម