ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ស្នើឲ្យ ACU បន្តចាត់វិធានការចំពោះមន្ត្រីស៊ីវិល និងកងកម្លាំង ដែលទន្ទ្រានព្រៃលិចទឹក
ការស្នើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីត្រួតពិនិត្យលទ្ធផល នៃការអនុវត្តវិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប និងលើកទិសដៅការងារបន្ត កាលពីថ្ងៃទី១០ ខែមីនា ម្សិលមិញ។

កិច្ចប្រជុំនោះ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីលោក ឱម យ៉ឺនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, លោក វង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក អ៊ូក ក៏ប៉ិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីអង្គភាពជុំវិញខេត្ត កងកម្លាំង និងមន្ត្រី ជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំបានលើកឡើងអំពីលទ្ធផលនៃការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប ហើយកិច្ចប្រជុំបានដាក់ចេញទិសដៅការងារបន្តចំនួន៨ ចំណុចរួមមាន៖
ទី១. ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ត្រូវបន្តអនុវត្តបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្តី នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ទី២. រដ្ឋបាលខេត្ត ត្រូវពង្រឹងការចុះល្បាត ទប់ស្កាត់ការចូលទន្ទ្រាន និងផ្សព្វផ្សាយអំពីវិធានការបង្ក្រាបការទន្ទ្រានដីក្នុងតំបន់៣ ឱ្យបានម៉ឺងម៉ាត់ ដើម្បីឱ្យប្រជាពលរដ្ឋដែលបានចូលទន្ទ្រានប្រគល់ដីជូនរដ្ឋវិញ។

ទី៣. រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តចាត់វិធានការការពារ និងបង្ក្រាបការទន្ទ្រានកាន់កាប់ដីរដ្ឋ នៅក្នុងដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដើម្បីធានានិរន្តរភាព និងត្រូវពង្រឹងការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវលិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជានានារបស់រាជរដ្ឋាភិបាល ដែលនៅជាធរមាន។
ទី៤. រដ្ឋបាលខេត្ត ត្រូវជំរុញការចុះបញ្ជីដីរដ្ឋតាមសំណើរបស់ក្រសួងធនធានទឹក។
ទី៥. រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ត្រូវថែទាំបង្គោល ដែលបានបោះរួច និងជំរុញការបោះបង្គោល ដែលនៅខ្វះចំនួន១៤១ បង្គោល ក្នុងនោះខេត្តបាត់ដំបងចំនួន៣បង្គោល និងខេត្តសៀមរាបចំនួន១៣៨ បង្គោល។
ទី៦. រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ត្រូវថែទាំដើមឈើ និងគ្រាប់ត្នោត ដែលបានដាំកន្លងមក និងបន្តដាំដើមឈើដែលស៊ាំជាមួយភូមិសាស្ត្រ។
ទី៧. រដ្ឋបាលខេត្ត ត្រូវបន្តជំរុញនីតិវិធីតុលាការលើករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃតំបន់ទន្លេសាប ហើយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្រូវបន្តជួយជំរុញការអនុវត្តនីតិវិធី ក្រោយពេលទទួលបានបណ្ដឹង
ទី៨. អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបន្តចាត់វិធានការចំពោះមន្ត្រីស៊ីវិល និងកងកម្លាំង ប្រព្រឹត្តបទល្មើសទន្ទ្រានដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប។
បើតាមរបាយការណ៏របស់ក្រសួងដែនដីបានឲ្យដឹងថា ទី១, ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួន១៥ ២៨៥, ២៧ ហិកតា ឃាត់ខ្លួនចំនួន២ នាក់។ ទី២, ខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួន១២៧៦,២៣ ហិកតា ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន០៥នាក់។ ទី៣, ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួន៤៧៦៧ ហិកតា ។ទី៤, ខេត្តសៀមរាប ប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួន៣២៤១,៥២ ហិកតា ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន០៨នាក់ ។ ទី៥, ខេត្តកំពង់ធំប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួន៥១ ៨៨៨,៩៥ ហិកតា ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន០២នាក់ ។ ទី៦, ខេត្តបាត់ដំបង ប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួន១៣ ៨២៥ ហិកតា ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន១៧ នាក់។
សរុបទាំង៦ ខេត្តជុំវិញបឹងទន្លេសាប ប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួន៨៧ ០៤២,៤៥ហិកតា ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៣៤ នាក់ និងដោះលែងវិញ៥ នាក់ នៅសល់២៩នាក់៕
ដោយ ៖ កោះកែវ






-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


