ព័ត៌មានជាតិ
ស្ថាប័នសិទ្ធិមនុស្សកម្ពុជា សហការជាមួយ OHCHR បើកកិច្ចពិគ្រោះយោបល់បន្ថែម ដើម្បីប្រមូលធាតុចូលពីក្រុមជនមានពិការ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បានសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) បើកកិច្ចពិគ្រោះយោបល់លើកទី៦ ដើម្បីបន្តពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។
កិច្ចពិគ្រោះយោបល់នេះ ធ្វើឡើងក្រោមអធិបតីភាពលោក កែវ រ៉េមី ប្រធានគណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី ក្លូឌៀ ដឺឡា ហ្វុងតេ (Claudia Dela Fuente) អនុប្រធានតំណាង OHCHR នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ កិច្ចពិគ្រោះយោបល់នេះធ្វើឡើង ដើម្បីប្រមូលធាតុចូលពីក្រុមជនមានពិការភាពនានានៅកម្ពុជា ដើម្បីធានាបាននូវតម្លាភាព និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ថ្លែងនៅក្នុងឱកាសនោះ លោក កែវ រ៉េមី បានលើកឡើងថា សិក្ខាសាលានេះ ធ្វើឡើងដើម្បីទទួលមតិយោបល់នានា ដើម្បីឱ្យសេក្តីព្រាងច្បាប់នេះ កាន់តែល្អប្រសើរ។ លោកថា នៅពេលកម្ពុជាបង្កើនស្ថាប័នសិទ្ធិមនុស្សជាតិនេះហើយ មិនមែនត្រូវជិះសេះលែងដៃនោះទេ តែមានការវាយតម្លៃពីអង្គការសមាគម នៃស្ថាប័នសិទ្ធិមនុស្សជាតិនេះទៀត។
លោក កែវ រ៉េមី បានបញ្ជាក់ថា ការជួបពិគ្រោះយោបល់បែបនេះ នឹងធ្វើឡើងទាំងថ្នាក់តំបន់ និងស្ថាប័នជាច្រើនទៀត នឹងមានការចុះទៅដល់មូលដ្ឋានជួបជាមួយពលរដ្ឋតាមបណ្ដាខេត្ត រួមទាំងគណបក្សនយោបាយ ដែលមិនមានអាសនៈនៅក្នុងរដ្ឋសភា ដើម្បីទទួលនូវទស្សនៈ មតិយោបល់ និងធាតុចូលផ្សេងៗ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះ កាន់តែល្អប្រសើរឡើង។

ជាមួយគ្នានេះ លោកស្រី Claudia Dela Fuente តំណាង OHCHR បានលើកឡើងថា ការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា មានសារៈសំខាន់ខ្លាំង ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្សនៅកម្ពុជា ហើយលោកស្រីគាំទ្រ និងបន្តសហការជាមួយ គ.ស.ម.ក. ក្នុងការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មាន៨ជំពូក និង៣២មាត្រា បង្កើតឡើងក្នុងគោលដៅ និងកំណត់អំពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ស្របតាមគោលការណ៍ទីក្រុងប៉ារីស ក្នុងគោលបំណង ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ដោយអនុលោមតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញា អនុសញ្ញា និងលិខិតុបករណ៍អន្តរជាតិទាក់ទងនឹងសិទ្ធិមនុស្ស។
ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ (NHRI) នៅក្នុងប្រទេសកម្ពុជា ត្រូវបានពិភាក្សាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជាមួយគ្នានេះ ប្រទេសកម្ពុជា ក៏ទទួលបានជាបន្តបន្ទាប់នូវអនុសាសន៍ពីស្ថាប័ន តាមសន្ធិសញ្ញា និងពីរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ តាមរយៈយន្តការពិនិត្យឡើងវិញតាមកាលកំណត់ ជាសកល។ នៅខែកញ្ញា ឆ្នាំ២០០៦ កម្ពុជាបានបង្ហាញនូវជំហរយ៉ាងមុតមាំក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិមួយនៅក្នុងប្រទេសកម្ពុជា ដោយបានប្រគល់តួនាទីឱ្យក្រុមការងារអង្គការមិនមែន រដ្ឋាភិបាលទទួលបន្ទុករៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ។

ចាប់ពីខែសីហា ឆ្នាំ២០១៩ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៃរាជរដ្ឋាភិបាល បានទទួលភារកិច្ចធ្វើការដឹកនាំក្នុងការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា ដោយមានកិច្ចសហការជាមួយការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា (OHCHR) និងវេទិកាអាស៊ីប៉ាស៊ីហ្វិក (APF) ដែលមានមូលដ្ឋានក្នុងប្រទេសអូស្ត្រាលី។
ចាប់តាំងពីខែកក្កដា ឆ្នាំ២០២១ គ.ស.ម.ក. បានចាប់ផ្ដើមផ្សព្វផ្សាយ និងដំណើរការកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះជាសាធារណៈ និងជាមួយភាគីពាក់ព័ន្ធ ជាអាទិ៍ អង្គការមិនមែនរដ្ឋាភិបាល សង្គម ស៊ីវិល សហជីព គណបក្សនយោបាយ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងប្រមូលទស្សនៈ មតិយោបល់ និងធាតុចូលផ្សេងៗលើសេចក្តីព្រាងច្បាប់ ដើម្បីធានាឱ្យច្បាប់នេះ ស្របទៅនឹងគោលការណ៍ ទីក្រុងប៉ារីស ដែលជាបទដ្ឋានអប្បរមាអន្តរជាតិសម្រាប់ជាមូលដ្ឋាននៃការបង្កើត NHRI។

នៅពេលស្ថាប័នសិទ្ធិមនុស្សជាតិ ត្រូវបានបង្កើតឡើង ស្ថាប័ននេះ នឹងត្រូវឆ្លងកាត់ដំណើរការវាយ តម្លៃទទួលស្គាល់ដោយសម្ព័ន្ធសកល នៃស្ថាប័នសិទ្ធិមនុស្សជាតិ (GANHRI) ដែលជាអង្គការសកលមួយ នៃក្រុម NHRI ដែលមានការទទួលស្គាល់ជាអន្តរជាតិ។ NHRI នឹងត្រូវកំណត់ចំណាត់ថ្នាក់ជាប្រភេទ “ក” ឬ “ខ”។ ឋានៈជាប្រភេទ “ក” គឺជា NHRI ដែលស្របទាំងស្រុងនឹងគោលការណ៍ទីក្រុងប៉ារីស។ ឋានៈជា ប្រភេទ “ខ” គឺជា NHRI ដែលអនុលោមមិនទាន់បានគ្រប់ជ្រុងជ្រោយទៅនឹងគោលការណ៍ទីក្រុងប៉ារីស។ NHRI ដែលមិនបំពេញតាមលក្ខខណ្ឌ នៃគោលការណ៍ទីក្រុងប៉ារីស នឹងមិនត្រូវបានទទួលស្គាល់ឡើយ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ