Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ ស្នើអាជ្ញាធរចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្តល់ប្រាក់កម្ចីគ្មានច្បាប់អនុញ្ញាត

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានស្នើឱ្យអាជ្ញាធរមូលដ្ឋានបន្តរាយការណ៍ និងចូលរួមសហការចាត់វិធានការតាមផ្លូវច្បាប់ ចំពោះសកម្មភាពប្រមូលប្រាក់សន្សំដោយខុសច្បាប់ ឬផ្តល់កម្ចី ដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវពិសេសក្រុមឈ្មួញក្រៅប្រព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នៅថ្ងៃទី២៥ ខែមីនា នៅក្នុងស្រុកទឹកឈូ ខេត្តកំពត លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យនិងវិភាគម៉ាក្រូ ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ការចូលរួមរាយការណ៍ និងសហការពីសំណាក់អាជ្ញាធរនៅតាមមូលដ្ឋានពិតជាមានសារសំខាន់ណាស់ក្នុងការជួយទប់ស្កាត់ឱ្យបានទាន់ពេលវេលា កុំឲ្យប្រជាជនរងគ្រោះ និងជាប់បំណុលវ័ណ្ឌករពីការកេងប្រវ័ញ្ចនានាពីក្រុមឈ្មួញក្រៅប្រព័ន្ធ។ លោកបានបន្តថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បច្ចុប្បន្នបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេស នៅក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមតំបន់ជនបទ។

ដូចនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រដល់វិស័យនេះតាមរយៈការកំណត់ទស្សនៈវិស័យ និងយុទ្ធសាស្រ្តតម្រង់ទិសអភិវឌ្ឍច្បាស់លាស់ដោយអនុញ្ញាតឲ្យវិស័យនេះ មានលទ្ធភាពពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកបដោយនិរន្តរភាព និងទំនុកចិត្ត ព្រមទាំងបានជួយបង្កើតនូវកាលានុវត្តភាពថ្មីៗដល់ការអភិវឌ្ឍសេវាហិរញ្ញវត្ថុ ក្នុងគោលដៅផ្តល់ជូនប្រជាជនកម្ពុជានូវសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។ ដើម្បីពង្រឹងតួនាទីដ៏សំខាន់របស់វិស័យមីក្រូហិរញ្ញវត្ថុនេះ ធនាគារជាតិនៃកម្ពុជាបានធ្វើសកម្មភាព និងយុទ្ធនាការនានា ជាច្រើនក្នុងគោលដៅលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន ជំរុញការផ្តល់ឥណទានប្រកដោយការទទួលខុសត្រូវ និងពង្រឹងគោលការណ៍ផ្តល់កម្ចីប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

លោក ម៉ែន ភក្តី បានបញ្ជាក់ថា ទោះបីកម្ពុជាជួបការលំបាកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏សកម្មភាពប្រតិបត្តិការក្នុងវិស័យមីក្រូនៅកម្ពុជានៅតែដំណើរការ និងប្រតិបត្តិការដោយការទទួលខុសត្រូវខ្ពស់ជានិច្ច។ នៅក្នុងអំឡុងរងការប៉ះពាល់ពីកូវីដ១៩នេះ គ្រឹះស្ថានធគារ និងហិរញ្ញវត្ថុក៏បានរៀបចំឥណទានឡើងវិញដើម្បីគាំពារដល់អតិថិជនរបស់ខ្លួនទៀតផង។

ចំណែក លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា សម្រាប់ស្រុកទឹកឈូខេត្តកំពត មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៣ កំពុងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់អតិថិជននៅក្នុងស្រុកទឹកឈូចំនួន ១៦.៧១១ នាក់ ជាមួយនឹងសមតុល្យឥណទានសរុបប្រមាណ ៧៣ លានដុល្លារ។ រីឯ អតិថិជនប្រាក់បញ្ញើ មានចំនួនប្រមាណ ២៥.២៤០ នាក់ និងមានសមតុល្យប្រាក់បញ្ញើសរុបចំនួន ១៤ លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ឆ្នាំ២០២១កន្លងទៅ ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូ-ហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទសរុបមានប្រមាណ ៣៧,៣០ ទ្រីលានរៀល ស្មើនឹង ៩,១៦ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ប្រាក់កម្ចីសរុបមានប្រមាណ ៣១,៩៦ ទ្រីលានរៀលស្មើនឹង  ៧,៨៤ ប៊ីលានដុល្លារអាមេរិកផ្តល់ដល់អតិថិជនចំនួនជាង  ១,៩៧ លានគណនី និងគណនីប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូ-ហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើមានចំនួនជាង ២,៥៧ លានគណនី ដែលមានទំហំប្រាក់បញ្ញើសរុបមានប្រមាណ ១៦,៨៤ ទ្រីលានរៀល ស្មើនឹង ៤,១៣ ប៊ីលានដុល្លារអាមេរិក៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម