Connect with us

ព័ត៌មានជាតិ

​​​ភ្ញៀវទេសចរ៦៥% បានកក់បន្ទប់សណ្ឋាគារ​ផ្ទះសំណាក់នៅមណ្ឌលគិរី ត្រៀមកម្សាន្ត​ថ្ងៃចូលឆ្នាំ

បានផុស

នៅ

គិតត្រឹមថ្ងៃនេះ ភ្ញៀវទេសចរ បានកក់បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ បានប្រមាណ ៦៥ភាគរយហើយ នៅខេត្តមណ្ឌលគិរី ដើម្បីត្រៀមកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើតាមការបញ្ជាក់របស់លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់កម្ពុជាថ្មី នៅព្រឹថ្ងៃទី ០៨ ខែមេសា លោក ងិន សុវិមាន បានឱ្យដឹងថា ទីតាំងសណ្ឋាគារផ្ទះសំណាក់ខ្លះក៏ពេញ ប៉ុន្តែកន្លែងខ្លះ នៅមិនទាន់កក់អស់នៅឡើយ។ លោកបន្តថា ភ្ញៀវខ្លះទំនងជាមិនទាន់សម្រេចចិត្តច្បាស់ អំពីគោលដៅនៃដំណើរកម្សាន្ត ឯខ្លះទៀត អាចនឹងរង់ចាំដល់ថ្ងៃមកកម្សាន្ត ទើបចូលស្នាក់នៅតែម្តង។

ប្រធានមន្ទីរទេសចរណ៍រូបនេះ បានបញ្ជាក់ថា ខេត្តមណ្ឌលគិរី គ្រោងរៀបចំតុបតែងគ្រឿងលម្អផ្សេងៗ ឱ្យរួចរាល់ត្រឹមថ្ងៃទី ១២ ខែនេះ ដើម្បីបន្ថែមសោភ័ណភាព ត្រៀមទទួលទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរ មកពីគ្រប់ទីន្លែងទាំងជាតិ និងអន្តរជាតិ។

លោក ងិន សុវិមាន រំពឹងថា ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ នឹងមានភ្ញៀវទេសចរ មកលេងកម្សាន្តនៅខេត្តមណ្ឌលគិរីច្រើន ដោយផ្អែកលើខេត្តនេះ ជាតំបន់ត្រជាក់ និងមានគោលដៅទេសចរណ៍សំខាន់ៗជាច្រើន រួមមាន ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ រមណីយដ្ឋានសមុទ្រឈើ ទេសភាពអូរាំង ភូមិជនជាតិ និងតំបន់ក្រុងសែនមនោរម្យជាដើម។ លើសពីនេះទៀត ខេត្តមណ្ឌលគិរី ឆ្នាំនេះមានរៀបចំសង្ក្រាន្តឆ្នាំថ្មីផងដែរ។

បើតាមលោក ងិន សុវិមាន ក្នុងមួយសប្តាហ៍ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរចន្លោះពី ៥ពាន់នាក់ទៅ ៦ពាន់នាក់​ រៀងរាល់សប្តាហ៍ ដែលភាគច្រើន ជាទេសចរក្នុងស្រុក។ ចំណែកភ្ញៀវទេសចរបរទេស នៅមានចំនួនតិចតួចនៅឡើយ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម