Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធសភា​ឯកភាព​ទាំងស្រុង​លើ​សេចក្តី​ព្រាងច្បាប់ ស្តីពី​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែមេសា ឆ្នាំ​២០២២ នេះ ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំ​លើក​ទី​៨ នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​សមាជិក​ព្រឹទ្ធសភា​ចូលរួម​ចំនួន​៥៩​រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គ​ប្រជុំបាន​ដំណើរការ​ដោយមាន​របៀបវារៈ​ចំនួន​មួយ គឺ​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តី ព្រាង​ច្បាប់ ស្តីពី​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ ។

គួរ​រំលឹក​ថា សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង ដើម្បី​កំណត់​អំពី​ការគ្រប់គ្រង​សុខភាព​រុក្ខជាតិ ការអនុវត្ត វិធានការ​ការពារ​រុក្ខជាតិ និង​វិធានការ​ភូតគាម​អនាម័យ ការការពារ​ធនធាន​រុក្ខជាតិ​គ្រប់​ប្រភេទ ការទប់ស្កាត់​ការបង្ក​ការឆ្លង​រាលដាល និង​ការ​រាតត្បាត​ពី សំណាក់​សមាសភាព​ចងការ​លើកកម្ពស់ ផលិតភាព​កសិកម្ម សន្តិសុខ​ស្បៀង អនាម័យ គុណភាព និង​សុវត្ថិភាព​ផលិត ផល​កសិកម្ម ព្រមទាំង​សន្តិសុខ​ភូតគាម​អនាម័យ នៃ​រុក្ខជាតិ ផលិតផល​រុក្ខជាតិ និង​ទំនិញ​ជា​កម្មវត្ថុ​នៃ​ការត្រួតពិនិត្យ ភូតគាម​អនាម័យ ការសម្រួល​ការធ្វើ​ពាណិជ្ជកម្ម ការនាំចេញ ការនាំ​ចូល ការដឹកជញ្ជូន​ឆ្លងកាត់ នូវ​ផលិតផល​ដំណាំ រុក្ខជាតិ និង​ផលិតផល​រុក្ខជាតិ ព្រមទាំង​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមជាតិ និង​ការលើកកម្ពស់​សុខុមាល​ភាព និង​សុខភាព​សាធារណៈ​ប្រកបដោយ​និរន្តរភាព ធនធានធម្មជាតិ និង​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន ដើម្បី​ធានា​ការគ្រប់គ្រង ការពារ​រុក្ខជាតិ និង​ភូតគាម អនាម័យ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

សេចក្តីព្រាងច្បាប់​នេះ មាន​១៥ ជំពូក និង​១១៣ មាត្រា និង​ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជា​ណា​ចក កម្ពុជា​អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ៩២​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២២ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៦​។​

​កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២២ ប្រធាន និង​តំណាង​គណៈកម្មការ​នានា​ព្រឹទ្ធសភា ព្រមទាំង​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​ចំណុះ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា បាន​បើក​កិច្ចប្រជុំ ពិនិត្យ សិក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ ដោយមាន​ការ ចូលរួម​ពី​តំណាង​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដោយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ របស់​ក្រសួង​។​

​ក្រោយពី​សមាជិក​ព្រឹទ្ធសភា​មួយចំនួន បាន​ពិនិត្យ និង​លើក​ជា​សំណួរ​សុំ​ការបំភ្លឺ​មួយចំនួន ព្រមទាំង​ផ្តល់យោបល់​ជូន​តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រួចមក លោក វែង សាខុន បាន​ស្រាយ​បំភ្លឺ​យ៉ាង​ក្បោះក្បាយ ហើយ​នៅ​ទីបញ្ចប់​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៩ សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម