ព័ត៌មានជាតិ
ទម្លាយរឿងអាស្រូវក្រុមហ៊ុនហានស៊ីន ដេញថ្លៃស្ថាបនាផ្លូវជាតិជាច្រើនខ្សែ គ្មានគុណភាព
ក្រុមហ៊ុន ហានស៊ីន (Hanshin) កំពុងទទួលគម្រោងក្នុងការស្ថាបនាផ្លូវជាតិ ២ និងលេខ ២២ ខណៈក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសកូរ៉េនេះ រងការរិះគន់ស្ថាបនាផ្លូវគ្មានគុណភាព ហើយក្រសួងសាធារណការព្រមានដាក់ក្នុងបញ្ជីខ្មៅ។
បើតាមរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុលបានឲ្យដឹងថា កន្លងទៅនេះក្រុមហ៊ុនហានស៊ីនធ្លាប់មានរឿងអាស្រូវលើការស្ថាបនាផ្លូវជាតិលេខ ២១ ដោយសាងសង់គ្មានគុណភាពរហូតដល់ក្រសួងបានជូនដំណឹងដល់ក្រុមហ៊ុនមេនៅប្រទេសកូរ៉េ។

ក្នុងពេលចុះពិនិត្យការស្ថាបនាផ្លូវជាតិលេខ ២ និង ២២ នៅទឹកដីខេត្តតាកែវប៉ុន្មានថ្ងៃមុននេះ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសង្កេតឃើញថា ការសាងសង់របស់ក្រុមហ៊ុននេះគ្មានគុណភាពមិនស្របតាមស្តងដារបច្ចេកទេស ហើយក្រសួងមិនអាចទទួលយកបានទេ។
បើតាមលោករដ្ឋមន្រ្តី មិនអាចអង្គុយបក់ផ្សែងរហូតចំពោះក្រុមហ៊ុននេះទេ។ ក្រសួងនឹងពិភាក្សាជាមួយភាគីកូរ៉េបើសិនជាធ្វើផ្លូវលេខ ២១ មានបញ្ហា ផ្លូវលេខ ២២ និងផ្លូវលេខ ២ មានបញ្ហា អ៊ីចឹងគួរអនុញ្ញាតឱ្យក្រុមហ៊ុននេះដេញថ្លៃទៀត ឬមួយហាមដេញថ្លៃ ៥ ឆ្នាំ ដាក់ក្នុងបញ្ជីខ្មៅ។
លោករដ្ឋមន្ត្រីបន្តទៀតថា ដើម្បីកែសម្រួលផ្លូវនេះឡើងវិញ ទាល់តែក្រុមការងារបច្ចេកទេសក្រសួងមកវ៉ៃគ្រឹះឡើងវិញទាំងអស់ កន្លែងខ្លះដែលត្រូវកាយចេញគឺត្រូវតែកាយ ដើម្បីធ្វើតាមលក្ខណៈបច្ចេកទេសជាគំរូ ទុកព្រមានទៅដល់ក្រុមហ៊ុនផ្សេងៗទៀតឱ្យធ្វើការសាងសង់ផ្លូវឱ្យមានគុណភាពទៅតាមស្តង់ដាកុំធ្វើឱ្យរួចពីដៃ។
លោករដ្ឋមន្រ្តីបានអះអាងថា ក្រុមហ៊ុនដដែលនេះក៏បានដេញថ្លៃបានគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៥ ដែលជាគម្រោងក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុនផងដែរ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រុមហ៊ុននេះបានដេញថ្លៃបានគម្រោងស្ថាបនាផ្លូវជាតិលេខ ៥ មួយកំណាត់ក្នុងចម្ងាយប្រមាណជាង ៥១ គីឡូម៉ែត្រពីខេត្តកំពង់ឆ្នាំងមកដល់ធ្លារម្អម ទឹកដីខេត្តពោធិសាត់ ហើយក៏រងការរិះគន់ស្ថាបនាមានភាពយឺតយ៉ាវផងដែរ។
ក្រុមហ៊ុនរបស់កូរ៉េស៊ីនហាន់ កាលពីប៉ុន្មានឆ្នាំមុនក៏ទទួលបានគម្រោងស្ថាបនាផ្លូវជាតិលេខ ៣ ពីភ្នំពេញទៅខេត្តកំពត ដែលសាងសង់ខ្វះការទទួលខុសត្រូវគ្មានគុណភាព ទើបរាជរដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនចិនស្ថាបនាឡើងវិញ។
បន្តមកទៀតក៏ទទួលស្ថាបនាផ្លូវជាតិលេខ ២១ ពីក្រុងតាខ្មៅទៅព្រំដែនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ក៏សាងសង់គ្មានគុណភាព រហូតរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនដឹកនាំក្រុមការងារចុះទៅពិនិត្យដោយផ្ទាល់។
ឥលូវក្រុមហ៊ុនដដែលនេះ ក៏កំពុងស្ថាបនាផ្លូវជាតិលេខ ២ និង ២២ មានភាពយឺតយ៉ាវដែលរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនព្រមានដាក់ក្នុងបញ្ជីខ្មៅ។
បើតាមប្រភពទម្លាយថា ក្រុមហ៊ុនហានសុីង (HanShin) ដេញថ្លៃគម្រោងបានដោយដាក់តម្លៃទាប ហើយក្រុមហ៊ុននេះគ្មានគ្រឿងចក្រសម្រាប់ដំណើរការស្ថាបនាផ្លូវដោយខ្លួនឯងទេ គឺត្រូវជួលគ្រឿងចក្រ និងរថយន្តពីក្រុមហ៊ុនផ្សេងៗស្ទើរទាំងស្រុង៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


