ព័ត៌មានជាតិ
អតីតបុគ្គលិកណាហ្គាវើលដ៍ជិត ២០០នាក់ មិនព្រមទទួលកញ្ចប់ប្រាក់ដែលក្រុមហ៊ុនផ្តល់ជូនទោះក្រសួងអះអាងថាជាប្រាក់ស្របច្បាប់
ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ចំពោះអតីតបុគ្គលិករបស់ខ្លួនគឺត្រឹមត្រូវស្របតាមច្បាប់។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជុំវិញបញ្ហាការងារ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចុះកាលពីយប់ថ្ងៃទី០៤ ឧសភា បានឱ្យដឹងថា នាពេលកន្លងមក មានបងប្អូនអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍មួយចំនួន បានគោរពស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយអន្តរាគមន៍ក្រុមហ៊ុនផ្តល់ប្រាក់បំណាច់ បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ស្តីពីការងារ ចំពោះបងប្អូនអតីតបុគ្គលិកដែល ត្រូវបានបញ្ឈប់ពីការងាររួម និងស្វែងរកឱកាសការងារថ្មី ដើម្បីទទួលបានប្រាក់ចំណូលទៀងទាត់ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ការិយាល័យអ្នកនាំពាក្យបានបន្តថា អនុវត្តតាមគោលការណ៍ណែនាំរបស់ សម្តេចក្រឡាហោម មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ ការទូទាត់ប្រាក់ បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទូទាត់ចំនួន៤ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ នឹងការបញ្ឈប់ពីការងាររួម។
ទន្ទឹមនឹងនេះ មន្ត្រីជំនាញរបស់ក្រសួង បាននិងកំពុងរង់ចាំ ធ្វើការពិនិត្យផ្ទៀងផ្ទាត់បន្ថែមជាមួយអតីតបុគ្គលិក ដែលត្រូវបានបញ្ឈប់ពីការងាររួម និងនៅមានចម្ងល់ អំពីការទូទាត់នេះ។
ចំណែកទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានជួយស្វែងរកឱកាសការងារថ្មី សម្រាប់បងប្អូនអតីតបុគ្គលិក ណាហ្គាវើលដ៍ផងដែរ។
តំណាងក្រុមហ៊ុនណាហ្គាវើលដ៍បានឱ្យដឹងថា អតីតបុគ្គលិកដែលមិនទាន់មកទទួលប្រាក់បំណាច់បញ្ចប់កិច្ចសន្យាដោយការព្រមព្រៀង នៅសល់តែជាង១៩០នាក់ប៉ុណ្ណោះ។
ក្រុមហ៊ុនសង្ឃឹមថា បងប្អូនជាង១៩០នាក់នេះ នឹងព្រមទទួលយកកញ្ចប់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាដោយការព្រមព្រៀងនេះ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ វិវាទការងាររួម នៅក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែមិនមានដំណោះស្រាយដដែល ដោយភាគីនីមួយៗ នៅតែប្រកាន់ជំហររៀងៗខ្លួនដែលមិនអាចឈានដល់ចំណុចព្រមព្រៀងរួមគ្នាបាននៅឡើយ និងបានកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់នៅរសៀលទី១១ ខែឧសភា ឆ្នាំ២០២២ ជាបន្តទៀត៕ សំអឿន


-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក