Connect with us

ព័ត៌មានអន្ដរជាតិ

ចម្លាក់​«ដៃនាគនិងគ្រុឌ» ខ្មែរ ធ្វើឲ្យនិស្សិតចិនភ្ញាក់ផ្អើល ក្រោយរកឃើញរឿងរ៉ាវភ្ជាប់ទៅនឹងភាពយន្ត «ស៊ុនអ៊ូខុង»

បានផុស

នៅ

ពិព័រណ៍វត្ថុសិល្បៈ​ចម្លាក់​បុរាណខ្មែរ ដែលបានរៀបចំឡើងនៅសារមន្ទីរសានស៊ី ប្រទេសចិន បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិត និងស្រទាប់យុវជនចិន បន្ទាប់ពីពួកគេបានឃើញផ្ទាល់ភ្នែកនូវ «ចម្លាក់ដៃនាគ និងគ្រុឌ» ដ៏វិសេសវិសាលរបស់ប្រទេសកម្ពុជា ដែល​កំពុងដាក់​តាំងបង្ហាញ​នៅ​ក្នុងទឹកដី​​របស់​មហាយក្សចិន​សម្រាប់រយៈពេល​៥ខែ​​ រហូល់​​ដើមខែ​តុលា​​ឆ្នាំនេះ​​។

រូបភាព៖ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលធ្វើឲ្យនិស្សិតចិនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺការផ្សាភ្ជាប់គ្នាយ៉ាងចម្លែករវាងតួអង្គគ្រុឌនៅក្នុងសិល្បៈខ្មែរ និងតួអង្គនៅក្នុងប្រលោមលោកបុរាណដ៏ល្បីល្បាញបំផុតរបស់ចិនគឺរឿង «​យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» ​ ឬ «ដំណើរឆ្ពោះទៅទិសខាងលិច» ។

នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយបណ្តាញព័ត៌មានអន្តរជាតិ CGTN News និស្សិតស្រីចិនម្នាក់ឈ្មោះ Zhang Xiaoyan មកពីសាកលវិទ្យាល័យ Taiyuan Normal University បានថ្លែងដោយក្តីរំភើបថា ចម្លាក់ដៃនាគ និងគ្រុឌរបស់ខ្មែរ មានកម្លាំងទាក់ទាញផ្នែកចក្ខុវិញ្ញាណយ៉ាងខ្លាំង។

និស្សិតរូបនេះ បានបន្ថែមថា ខ្លួនធ្លាប់បានស្គាល់ និងដឹងពីអានុភាពរបស់សត្វគ្រុឌរួចមកហើយតាមរយៈការអានប្រលោមលោកបុរាណចិន «ដំណើរឆ្ពោះទៅទិសខាងលិច» ទើបនៅពេលបានឃើញចម្លាក់ពិតជាក់ស្តែងរបស់ខ្មែរ វាបានធ្វើឲ្យរូបគេនឹកឃើញដល់សាច់រឿងបុរាណចិន និងបង្កើតបានជាចំណងអារម្មណ៍ផ្សារភ្ជាប់គ្នាយ៉ាងស៊ីជម្រៅរវាងវប្បធម៌ទាំងពីរ។

ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងចម្លាក់ខ្មែរ និងប្រលោមលោកចិននេះ គឺស្តែងចេញតាមរយៈតួអង្គ «គ្រុឌ» (ឬស្គាល់ថាជា បក្សីស្លាបមាស ដាផេង (Dapeng) នៅក្នុងវប្បធម៌ចិន) ដែលលេចមុខយ៉ាងលេចធ្លោនៅក្នុងរឿងស៊ុនអ៊ូខុង ក្នុងនាមជាបិសាចបក្សីដ៏មានមហិទ្ធិឫទ្ធិអាចហោះហើរបានចម្ងាយរាប់ម៉ឺនយោជ៍ ក្នុងមួយប៉ប្រិចភ្នែក និងមានទំនាក់ទំនងជាសាច់ញាតិជាមួយព្រះពុទ្ធ។

ចំណែកឯនៅក្នុងទេវកថាហិណ្ឌូ និងសិល្បៈខ្មែរ គ្រុឌគឺជាស្ដេចបក្សីមានអំណាចខ្លាំងក្លា និងជាយានជំនិះរបស់ព្រះវិស្ណុ។ ឥទ្ធិពលនៃទេវកថានេះបានហូរចូលទៅក្នុងប្រទេសចិន តាមរយៈការផ្សព្វផ្សាយព្រះពុទ្ធសាសនា ហើយត្រូវបានអ្នកនិពន្ធចិនយកទៅច្នៃប្រឌិតបញ្ចូលទៅក្នុងប្រលោមលោកបុរាណ រហូតបង្កើតបានជាការយល់ដឹងរួមមួយ ដែលធ្វើឲ្យជនជាតិចិនងាយស្រួលយល់ និងដឹងគុណតម្លៃនៃទម្រង់សិល្បៈរបស់ខ្មែរ។

ការបង្ហាញវត្តមាននៃចម្លាក់ខ្មែរនៅចំពោះមុខយុវជនជំនាន់ក្រោយរបស់ចិន មិនត្រឹមតែជាការបង្ហាញពីភាពរុងរឿងនៃអាណាចក្រអង្គរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារស្មីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរដែលមានតាំងពីបុរាណកាលមក។ តាមរយៈការតាំងពិព័រណ៍វត្ថុបុរាណរបស់ខ្មែរនេះ ចំណងមិត្តភាព និងការយល់ដឹងពីតម្លៃវប្បធម៌រវាងយុវជនចិន និងកម្ពុជា ត្រូវបានពង្រឹងកាន់តែរឹងមាំបន្ថែមទៀត តាមរយៈខ្សែភ្ជាប់នៃរឿងព្រេង និងសិល្បៈចម្លាក់ដ៏អស្ចារ្យទាំងនេះ។

ដោយឡែក យោងតាមអត្ថបទដកស្រង់ចេញពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានគូសបញ្ជាក់ថា នៅក្នុងការតាំងពិព័ណ៌នេះ ​វត្ថុសិល្បៈខ្មែរពិចិត្រៗ​ចំនួន ១៣៦វត្ថុសិល្បៈ មានអាយុកាល​ ចាប់ពីសម័យបុរេប្រវត្តិសាស្រ្ត រហូតដល់សម័យក្រោយអង្គរ​​ ត្រូវបានជ្រើសរើសដោយសម្រិតសម្រាំងពីសមុច្ច័យសារមន្ទីរជាតិកម្ពុជា​ ដើម្បីដាក់តាំងបង្ហាញនៅសារមន្ទីរ​ សានស៊ី ចាប់ពីខែមិថុនា​​ ដល់ខែតុលា​ ឆ្នាំ២០២៦។​ ពិព័រណ៍នេះទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនាដ៏ច្រើនកុះករ និងជួយផ្សព្វផ្សាយឲ្យប្រជាជនចិនកាន់តែចង់ទៅទស្សនាប្រាសាទបុរាណខ្មែរថែមទៀតផង៕

រូបភាព៖ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
រូបភាព៖ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

អត្ថបទ ៖ សាង ស្រីល័ក្ខ

ចម្លាក់វប្បធម៌​ខ្មែរ អាយុកាល​រាប់ពាន់ឆ្នាំ កំពុងអង្រួនចិត្តអ្នកទស្សនា ចិន យ៉ាងច្រើនកុះករ នៅសារមន្ទីរសានស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម