ព័ត៌មានជាតិ
តំណាងកម្ពុជានៅហ្សឺណែវ ច្រានចោលចំពោះការលើកឡើងរបស់អ្នកនាំពាក្យការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានច្រានចោលទាំងស្រុងនូវការអត្ថាធិប្បាយរបស់អ្នកនាំពាក្យរបស់ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Liz Throssell ដោយអះអាងថា ការលើកឡើងមិនត្រឹមត្រូវ ធ្វើនយោបាយូបនីយកម្ម។
បើតាមលោក អាន សុខខឿន ការអះអាងរបស់អ្នកនាំពាក្យ ដែលថាបេក្ខជនមួយចំនួនត្រូវទទួលរងការរឹតត្បិត និងបំភិតបំភ័យ គឺជាការមិនសមហេតុផលទាល់តែសោះ។ ពាក្យបណ្ដឹងតវ៉ាពីបេក្ខជនចូលរួមការប្រកួតប្រជែងការបោះឆ្នោត ជាសក្ខីភាពបង្ហាញឱ្យឃើញពីការអនុវត្តប្រកបដោយភាពចាស់ទុំ និងស្របច្បាប់ នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិជាមូលដ្ឋានរបស់ពួកគាត់។
ពាក្យបណ្ដឹងទាំងនោះ ពុំគួរត្រូវបានចាត់ទុក ជាការសងសឹក និងជាការរារាំង ប្រឆាំងក្រុមណាមួយនោះទេ។ សិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈពុំមានន័យស្មើនឹង សិទ្ធិក្លែងបន្លំឯកសារ បរិហារកេរ្តិ៍ និងជេរប្រមាថ និងញុះញុងឱ្យមានការរើសអើង អំពើហិង្សា និងការស្អប់ខ្ពើមគ្នានោះឡើយ។ សម្ព័ន្ធភាពជាមួយគណបក្សនយោបាយណាមួយ ពុំមែនជាអាជ្ញាប័ណ្ណ ដើម្បីបំពានច្បាប់ដោយនិទ្ទណ្ឌភាពនោះទេ។
លោក អាន សុខខឿន អះអាងថា ការចោទប្រកាន់របស់អ្នកនាំពាក្យខាងលើដែលថា បេក្ខជនគណបក្សប្រឆាំងស្ទាក់ស្ទើរក្នុងការដាក់ពាក្យបណ្ដឹង គឺពុំត្រឹមត្រូវនោះទេ។ ការពិត គឺក្នុងពេលដែលលោកស្រីកំពុងតែថ្លែងរិះគន់បែបនេះពីកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកាត់សេចក្ដីសម្រេចស្របតាមពាក្យបណ្តឹងតវ៉ារបស់បេក្ខជនបក្សប្រឆាំង គឺលុបចោលការពិន័យជាប្រាក់ និងបានសម្រេចរក្សាសិទ្ធិបោះឆ្នោតនិងឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់បេក្ខជនបក្សប្រឆាំងចំនួន១៥រូប ដែលបាននាំគ្នាផ្តល់អំណោយជាថវិកា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។
លោក អាន សុខខឿន បានលើកឡើងទៀតថា សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យខាងលើពោរពេញទៅដោយព័ត៌មានខុសឆ្គងជាច្រើន និងជ្រើសរើសតែមួយជ្រុង។ លោកស្រីពុំបានទទួលស្គាល់ទាល់តែសោះថា យ៉ាងហោចណាស់ ថ្នាក់ដឹកនាំអតីតបក្សប្រឆាំង៣២រូប ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ដែលក្នុងនោះ ពួកគាត់ជាច្រើនរូបបានបង្កើតគណបក្សនយោបាយថ្មីបន្ថែមចំនួន០៦ ចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ក្នុងការបោះឆ្នោតនេះ។ ផ្ទុយទៅវិញ ស្ថាប័នរបស់លោកស្រីបែរជាអត់ឱន និងមិនហ៊ានរិះគន់ការរំលោភបំពានយ៉ាងគឃ្លើនរបស់ទណ្ឌិត សម រង្ស៊ី លើសិទ្ធិនយោបាយរបស់អ្នកដទៃ ដោយបានចាត់ទុក អ្នកដែលស្វែងរកការស្ដារនីតិសម្បទាសិទ្ធិនយោបាយថា ជា “ជនក្បត់”។
លោកថា ការគោរពគោលការណ៍សត្យានុម័ត ភាពមិនលំអៀង និងមិនជ្រើសរើសតែមួយជ្រុង របស់អ្នកនាំពាក្យ ត្រូវបានចោទជាបញ្ហា ។ ការអធិប្បាយរបស់លោកស្រី បានគាំទ្រគណបក្សមួយថា ជាគណបក្សប្រឆាំងដ៏សំខាន់នាពេលបច្ចុប្បន្ននៅកម្ពុជា ដោយមើលស្រាលគណបក្សដទៃផ្សេងទៀត។ ជាងនេះទៅទៀត អវត្តមាន នៃគណបក្សនយោបាយមួយក្នុងការបោះឆ្នោត ដោយសារការបំពានច្បាប់ ពុំបានធ្វើឱ្យកម្ពុជាងាកចេញពីប្រព័ន្ធពហុបក្សឡើយ។ មិនថា លទ្ធផលបែបណា ការពិតមួយដែលមិនអាចប្រកែកបាននោះ គឺអ្នកបោះឆ្នោតអាចជ្រើសរើសគណបក្សមួយក្នុងចំណោមគណបក្ស១៧ ដែលបានចុះឈ្មោះប្រកួតប្រជែង ហើយដែលមានសិទ្ធិនយោបាយនិងសេចក្ដីថ្លៃថ្នូរស្មើៗគ្នា និងត្រូវតែទទួលបានការគោរពដូចៗគ្នា មិនថាបក្សធំ ឬបក្សតូចឡើយ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


